អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការសិក្សា៖​មាន​មនុស្ស ២ ៦០០លាននាក់​កំពុង​រស់​នៅ​ក្នុង​តំបន់​ហានិភ័យ​ដោយ​មេរោគ​ហ្ស៊ីកា

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេរោគ​ហ្ស៊ីកា​បាន និង​កំពុង​បន្ត​បំផុស​ឲ្យ​មាន​ក្តីបារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ពិភពលោក។ តាម​លទ្ធផល​នៃ​ការ​សិក្សា ស្រាវជ្រាវ​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី២ កញ្ញា​ឲ្យ​ដឹង​ថា មាន​មនុស្ស​ចំនួន ១ភាគ៣​ក្នុង​លោក ពោល ២ ៦០០លាននាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​ដែល​មេរោគ​ហ្ស៊ីកា​អាច​នឹង​ឆ្លងរាតត្បាត​ក្រោយ​ទ្រង់ទ្រាយ​ធំ​ពិបាក​ទប់ស្កាត់។ តំបន់​ដែល​ប្រឈម​នឹង​ហានិភ័យ​មេរោគ​ហ្ស៊ីកា​ខ្លាំង​ជាង​គេ គឺ​នៅ​អាហ្រ្វិក និង​នៅ​អាស៊ី។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​អាសន្ន​ជា​ច្រើន​ដង​ស្តីពី​មេរោគ​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ និង​អាច​ឆ្លង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក។

ការសិក្សា៖​មាន​មនុស្ស ២ ៦០០លាននាក់​កំពុង​រស់​នៅ​ក្នុង​តំបន់​ហានិភ័យ​ដោយ​មេរោគ​ហ្ស៊ីកា
ការសិក្សា៖​មាន​មនុស្ស ២ ៦០០លាននាក់​កំពុង​រស់​នៅ​ក្នុង​តំបន់​ហានិភ័យ​ដោយ​មេរោគ​ហ្ស៊ីកា REUTERS/Jorge Cabrera
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មួយ​ក្រុម​ដឹកនាំ​ដោយ​គ្រូពេទ្យ​ជនជាតិ​កាណដា ហើយ​នេះ​ជា​លើកទី១ បង្អស់​ដែល​មាន​ការ​សិក្សា ការ​វាយតម្លៃ និង​ការ​ស្ទង់​ពី​ដំណើរ​វិវត្តន៍​របស់​មេរោគ​ហ្ស៊ីកា​នៅ​ក្នុង​លោក។ តួលេខ​នៃ​ចំនួន​មនុស្ស ២ ៦០០លាននាក់​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ហ្ស៊ីកា គឺ​ច្រើន​សម្បើម និង​ពិត​ជា​គួរ​ឲ្យ​ព្រួយបារម្ភ​ក្រែលែង។ តែ​មុន​នឹង​ហ៊ាន​ផ្សព្វផ្សាយ​តួលេខ​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការ​សិក្សា​ដោយ​ផ្អែក​លើ​កត្តា​សន្យានុម័ត​មួយ​ចំនួន រួម​មាន គន់គូរ​ពី​ចំនួន​មនុស្ស​ដែល​ធ្វើ​ដំណើរ​ចេញ ចូល​ពី​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាមេរិក​ដែល​កំពុង​គ្របដណ្តប់​ខ្លាំង​ដោយ​មេរោគ​ហ្ស៊ីកា លក្ខខណ្ឌ​អាកាសធាតុ អត្រា​សន្ធភាពប្រជាជន និង​ប្រសិទ្ធិភាព​នៃ​ប្រព័ន្ធ​សុខាភិបាល។

ទន្ទឹម​គ្នា​នេះ តួលេខ​នៃ​ចំនួន​មនុស្ស ២ ៦០០លាននាក់​កំពុង​រស់​ក្នុង​ប្រទេស​ដែល​អាច​ឆ្លង​មេរោគ​ហ្ស៊ីកា​ក៏​ត្រូវ​បាន​ក្រុម​អ្នកស្រាវជ្រាវ​សំអាង​លើ​សេណារីយ៉ូ​ដូច​គ្នា​បិះបិទ​នឹង​តំបន់​ឆ្លង​ជម្ងឺ​គ្រុនឈាម។ ការ​ហ៊ាន​អះអាង​យ៉ាង​នេះ​មក​ពី​ក្រុម​អ្នកស្រាវជ្រាវ​យល់​ឃើញ​ថា មេរោគ​ហ្ស៊ីកា និង​មេរោគ​គ្រុនឈាម​ត្រូវ​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដោយ​ប្រភេទ​មូសខ្លា​ដូច​គ្នា។ គួរ​រម្លឹក​ជូន​ថា មេរោគ​ហ្ស៊ីកា​បាន​លេច​រូបរាង​ដំបូង​ក្នុង​ឆ្នាំ ១៩៤៧ លើ​សត្វ​ស្វា​មួយ មុន​នឹង​ឆ្លង​រាលដាល​លើ​មនុស្ស​នៅ​ក្នុង​បណ្តា​ប្រទេស​អាហ្រ្វិក និង​អាស៊ី​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ ៧០។

អាហ្រ្វិក និង​អាស៊ី​ជា​តំបន់​អំណោយផល​ខ្លាំង​នៃ​ការ​វិវត្តន៍​របស់​មូសខ្លា

បច្ចុប្បន្ន មេរោគ​ហ្ស៊ីកា​កំពុង​ឆ្លង​រាតត្បាត​គួរ​ឲ្យ​ព្រួយប្រាម្ភ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាមេរិក។ គ្រាន់​តែ​ប្រទេស​ប្រេស៊ីល​មួយ​មាន​អ្នក​ផ្ទុក​មេរោគ​ហ្ស៊ីកា​ក្នុង​ខ្លួន​ដល់​ទៅ ១លាន ៥សែននាក់។ ការ​ដែល​លទ្ធផល​នៃ​ការ​សិក្សា​បាន​ទាញ​សញ្ញា​អាសន្ន​ខ្លាំង​លើ​ការ​ឆ្លង​រាតត្បាត​មេរោគ​ហ្ស៊ីកា​នៅ​ក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក និង​ប្រទេស​អាស៊ី​ក៏​ដោយសារ​ថា អាកាសធាតុ និង​លក្ខខណ្ឌ​ធម្មជាតិ​នៅ​ក្នុង​តំបន់​ទាំង​នោះ​បាន​ផ្តល់​អំណាចផល​ខ្លាំង​ដល់​ការ​រស់នៅ និង​ការ​អភិឌ្ឍន៍​មូសខ្លា។ បណ្តា​ប្រទេស​អាស៊ី​ដែល​អាច​ប្រឈម​នឹង​មេរោគ​ហ្ស៊ីកា​ខ្លាំង​ជាង​គេ​មាន​ឥណ្ឌា​ដែល​អាច​ឆ្លង​លើ​មនុស្ស ១ ២០០លាននាក់ ចិន​ចំនួន ២៤២លាននាក់ ឥណ្ឌូណេស៊ី​ចំនួន ១៩៧លាននាក់ ប៉ាគីស្ថាន​ចំនួន ១៦៨លាននាក់ និង​បង់ក្លាដែស​ចំនួន ១៦៣លាននាក់។

បន្ទាប់​មក​នៅ​មាន​ប្រទេស​សិង្ហបុរី​ដែល​កំពុង​មាន ១៥០ករណី និង​ម៉ាឡេស៊ី​ដែល​ទើប​រក​ឃើញ ១ករណី។ ចំណែក​ប្រទេស​វៀតណាម ហ្វីលីពីន និង​ប្រទេស​ថៃ​ក៏​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​តិច ឬ​ច្រើន​ដូច​បណ្តា​ប្រទេស​អាហ្វ្រិក​ផ្សេង​ទៀត រួម​មាន​តង់ហ្សនី ស៊ូដង់ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ ក្រៅ​ពី​ការ​ឆ្លង​តាម​មូសខ្លា មេរោគ​ហ្ស៊ីកា​ក៏​អាច​ឆ្លង​តាម​រយៈ​ការ​រួមភេទ​ជាមួយ​មនុស្ស​ដែល​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកា​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី និង​ដោយ​អវត្តមាន​ថ្នាំវ៉ាក់សាំង​ដើម្បី​ការពារ វិធានការ និង​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ចំពោះ​មុខ គឺ​កំចាត់​ជម្រក​មូសខ្លា។ តែ​អ្វី​ដែល​ជា​ក្តីបារម្ភ​ខ្លាំង​នោះ គឺ​ខ្លាច​តែ​មេរោគ​មួយ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដោយ​ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ