អានតួអត្ថបទ
សិង្ហបុរី

មាន​វត្តមាន​ករណី​មេរោគ​ហ្ស៊ីកា​ចំនួន ៤១ករណី​នៅ​ក្នុង​ទឹកដី​សិង្ហបុរី

នៅ​ក្នុង​ប្រទេស​សិង្ហបុរី រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី២៨ សីហា​ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី២៧ សីហា មាន​មនុស្ស​ចំនួន ៤១នាក់​កំពុង​មាន​មេរោគ​ហ្ស៊ីកា​ក្នុង​ខ្លួន។ នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​មេរោគ​ហ្ស៊ីកា​ក្នុង​ខ្លួន ភាគ​ច្រើន​ជា​កម្មករ​បរទេស​ធ្វើ​ការ​នៅ​តាម​ការដ្ឋាន​សំណង់។ គួរ​រម្លឹក​ជូន​ថា វត្តមាន​មេរោគ​ហ្ស៊ីកា​លើក​ដំបូង​ក្នុង​ទឹកដី​សិង្ហបុរី​បាន​រក​ឃើញ​កាល​ពី​ខែ​ឧសភា​លើ​ខ្លួន​បុរស​ម្នាក់​ដែល​បាន​រស់នៅ​ក្នុង​ទឹកដី​ប្រេស៊ីល​ជាង ១ខែ។

មូសខ្លា​ជា​តួអង្គចម្លង​មេរោគ​ហ្ស៊ីកា
មូសខ្លា​ជា​តួអង្គចម្លង​មេរោគ​ហ្ស៊ីកា REUTERS/Paulo Whitaker
ផ្សាយពាណិជ្ជកម្ម

ដំណឹង​ស្តីពី​កំណើន​មេរោគ​ហ្ស៊ីកា​ក្នុង​ទឹកដី​សិង្ហបុរី​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​រវាង​ក្រសួង​សុខាភិបាល និង​ទីភ្នាក់ងារជាតិ​ដើម្បី​បរិស្ថាន។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា គិត​ត្រឹម​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ មាន​មនុស្ស​សរុប ៤១នាក់​រស់​នៅ​សិង្ហបុរី​កំពុង​មាន​មេរោគ​ហ្ស៊ីកា​ក្នុង​ខ្លួន។ ផ្អែក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល មនុស្ស​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកា​ទាំង ៤១នាក់​បាន​រស់នៅ ឬ​មួយ​ក៏​បាន​ធ្វើ​ការ​នៅ​ក្នុង​តំបន់​ឆ្ងាយ​ពី​ក្រុង។

ម្យ៉ាង​ទៀត សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា មនុស្ស​ដែល​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកា​ក្នុង​ខ្លួន​ទាំង ៤១នាក់​មិន​ធ្លាប់​បាន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ទៅ​កាន់​តំបន់​ដែល​មាន​វត្តមាន​មេរោគ​ហ្ស៊ីកា​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋអំណាច​សិង្ហបុរី​ហ៊ាន​សន្និដ្ឋាន​ច្បាស់​ដោយ​មិន​អាល់អែក​ថា ពួក​គេ​ពិត​ជា​បាន​ឆ្លង​មេរោគ​ហ្ស៊ីកា​នៅ​ក្នុង​ស្រុក​មែន។ នៅ​ក្នុង​ចំណោម​មនុស្ស​មាន​មេរោគ​ហ្ស៊ីកា​ក្នុង​ខ្លួន​ទាំង ៤១នាក់ មាន ៣៦នាក់​ជា​ពលករ​ធ្វើ​ការ​នៅ​ការដ្ឋានសំណង់​ក្នុង​តំបន់​ដូច​គ្នា និង​ដែល​សព្វថ្ងៃ មាន ៣៤នាក់​ហាក់​ដូច​មាន​អាការៈ​គ្រាន់​បើ ចំណែក ៧នាក់​ទៀត​កំពុង​បន្ត​ព្យាបាល ឃ្លាំមើល​នៅ​ក្នុង​មន្ទីរពេទ្យ។

សូម​រម្លឹក​ជូន​ថា សិង្ហបុរី​បាន​រក​ឃើញ​ករណី​មេរោគ​ហ្ស៊ីកា​ដំបូង​កាល​ពី​ខែ​ឧសភា​លើ​បុរស​ម្នាក់​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ប្រេស៊ីល បន្ទាប់​ពី​បាន​រស់នៅ​ជាង ១ខែ។ ឃើញ​ថា តាំង​ពី​ខែ​ឧសភា​មក​ដល់​ដំណាច់​ខែ​សីហា​នេះ ករណី​មេរោគ​ហ្ស៊ីកា​នៅ​សិង្ហបុរី​បាន​កើន​ចំនួន ៤០ករណី។ ក្រៅ​ពី​ចម្លង​តាម​រយៈ​មូសខ្លា​ខាំ មេរោគ​ហ្ស៊ីកា​ក៏​អាច​ឆ្លង​តាម​ការ​រួមភេទ​ដែរ។ ជា​ទូទៅ ហ្ស៊ីកា​ជា​មេរោគ​ដែល​គេ​មិន​អាច​មើល​នឹង​ភ្នែក​ទទេ​ឃើញ ហើយ​ក៏​ជា​មេរោគ​ដែល​គេ​ពិបាក​ចាប់​បាន​នៅ​លើ​មនុស្ស​ខ្លះ​ដែរ។ តែ​ក្តីបារម្ភ​មាន​ខ្លាំង​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ព្រោះ​មេរោគ​ហ្ស៊ីកា​នៅ​លើ​ស្រ្តី​មាន​ផ្ទៃពោះ​នឹង​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ ឬ​មួយ​កើត​មក​មាន​ទ្រង់ទ្រាយ​ក្បាល​តូច​ខុស​ពី​ធម្មតា​ជា​ដើម។

កាល​ពី​ដើម​ឆ្នាំ ២០១៦ នេះ ក្រុម​អ្នកឯកទេស​ធ្លាប់​បាន​ទាញសញ្ញាអាសន្ន​ពី​ភាព​ងាយស្រួល​ការ​ឆ្លង​មេរោគ​ហ្ស៊ីកា​នៅ​អាស៊ី។ បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​ថ្នាំវ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ តែ​វិធានការ​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​កំចាត់​មូសខ្លា និង​កុំ​រួមភេទ​ជាមួយ​មនុស្ស​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ