អានតួអត្ថបទ

ហ្ស៊ីកា ៖ អង្គការ​សុខភាព​ពិភពលោកប្រឆាំង​នឹង​ការ​លើក​ពេល​ ប្រកួត​​កីឡា​អូឡាំពិក​ពិភពលោក

ការ​លុប​ ឬ​លើក​ទីកន្លែង​​ប្រកួត​កីឡាអូឡាំពិក​ ឆ្នាំ​២០១៦ ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​រីយ៉ូ ប្រទេស​ប្រេស៊ីល មិន​អាច​ប្តូរ​ផ្លាស់​ស្ថានការណ៍​រាត​ត្បាត​នៃ​ជំងឺ​ហ្ស៊ីកា​បាន​ទេ។ នេះ​ជា​ប្រតិកម្ម​របស់​អង្គការ​សុខភាព​ពិភពលោក ទៅ​នឹង​សំណើ​របស់​ក្រុម​អ្នក​ជំនាញ​ជាង​១៥០​នាក់។ ក្រុម​អ្នក​ឯកទេស ​យល់​ថា​ការ​គំរាម​កំហែង​ហ្ស៊ីកា មាន​ហានិភ័យ​ខ្ពស់សម្រាប់​សុខភាព​សាធារណៈ​ ដែល​មិន​គួរ​ប្រថុយ​គ្រោះ​ថ្នាក់ ​ទៅ​រៀប​ចំ​ការ​ប្រកួត​កីឡាអូឡាំពិក​ពិភពលោក តាម​គម្រោង​ឡើយ។

អ្នក​ជំនាញ​ចង់​ឃើញ​មាន​ការ​លើក​ពេល ឬ​កន្លែង ប្រកួត​កីឡា​អូឡាំពិក​ពិភពលោក ដើម្បី​គេច​ពី​ហ្ស៊ីកា
អ្នក​ជំនាញ​ចង់​ឃើញ​មាន​ការ​លើក​ពេល ឬ​កន្លែង ប្រកួត​កីឡា​អូឡាំពិក​ពិភពលោក ដើម្បី​គេច​ពី​ហ្ស៊ីកា REUTERS/Ricardo Moraes
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចំហ ផ្ញើ​ទៅ​កាន់​អង្គការសុខភាព​ពិភពលោក ក្រុម​អ្នក​ឯកទេស​ផ្នែក​សុខភាព​ជាង ១៥០​នាក់ មក​ពី​ជាង​១០​ប្រទេស បាន​អះអាង​ថា “​ការ​​លើក​ពេល​ លើក​កន្លែង​ប្រកួត មិន​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​កីឡា។ ដូច្នេះ​គេមិន​គួរ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ នាំ​ទេសចរ​កន្លះ​លាន​នាក់​ឱ្យ​ប្រឈម​នឹង​គ្រោះ​ឆ្លង​មេរោគ​ រួច​នាំ​ជំងឺ​ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ​សោះ”។

ក្រុម​អ្នក​ជំនាញនេះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ព្រោះ​យល់​ថា​​មេរោគ​ហ្ស៊ីកា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ ក្នុង​កំរិត​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់​សង្កេត​ឃើញ​មាន​ពី​មុន​មកទេ។ នៅ​ក្នុង​សំបុត្រ​ ក្រុម​អ្នកឯកទេសចង់ឱ្យ​អង្គការ​សុខភាព​ពិភពលោក បង្កើត​​ក្រុម​ការងារ​ឯករាជ្យ​មួយ​សម្រាប់​ធ្វើ​ជា​ប្រឹក្សា​ឱ្យ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អូឡាំពិក​ពិភពលោក។

 
ប៉ុន្តែ ដោយ​គ្មាន​បង្អង់ អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​នេះ បាន​ផ្តល់​ចម្លើយ​អវិជ្ជមាន​តបវិញ។ សម្រាប់​អង្គការ ក្រោយ​ការ​វាយ​តម្លៃ​ស្ថានការណ៍ នៅក្នុង​ប្រទេស​ចំនួន​៦០​ នៅ​លើ​ពិភពលោក ក្នុង​នោះ ៣៩​នៅ​ទ្វីប​អាមេរិករួច​មក​ គេ​គ្មាន​រក​ឃើញ​ហេតុ​ផល​អ្វី​គ្រប់​គ្រាន់​ សម្រាប់​លើក​ពេល ​និង​លើក​ទី​កន្លែង​ ប្រកួត​កីឡា​អូឡាំពិក​ពិភពលោក ដើម្បី​ការពារ​សុខភាព​សាធារណៈ​ទេ។

ការ​ប្រកួត​កីឡា​អូឡាំពិក​ពិភពលោក ត្រូវ​ប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃទី ៥-២១ខែ​សីហា ២០១៦ នៅ​ទីក្រុង​រីយ៉ូ ដោយ​មាន​អត្តពលករ​១០៥០០​នាក់ ចូល​រួម​ប្រកួត​ប្រជែង​គ្នា និង​ភ្ញៀវទេសចរ​ មិន​តិច​ជាង​៥០​ម៉ឺន​នាក់​ឡើយ។ ប៉ុន្តែ​ប្រេស៊ីល និង​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ធំ បាន​និង​កំពុង​រង​ការ​គំរាម​កំហែង​​ខ្លាំង​ពី​សំណាក់​ជំងឺ​ហ្ស៊ីកា តាំង​ពី​ឆ្នាំ​២០១៥។ ចម្លង​ដោយ​មូស​ខាំ ហ្ស៊ីកា​អាច​ប៉ះពាល់​ដល់​​ទារក​ក្នុង​ផ្ទៃ​ ជា​ពិសេស​ក្នុង​ត្រីមាស​ទី​មួយ ក្នុង​អត្រា​ ពី​១ទៅ​១៣% ដោយ​ធ្វើ​​ឱ្យ​ទារកលូតលាស់​មិន​ត្រឹមត្រូវ ​​កើត​មក​មាន​ជំងឺ​ក្បាល​តូច​ខុស​ប្រក្រតី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ