អានតួអត្ថបទ
សហរដ្ឋអាមេរិក-រុស្ស៊ី-ស៊ីរី

អាមេរិក​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​ជាក់លាក់​ជាមួយ​រុស្ស៊ី​ក្នុងជម្លោះ​ស៊ីរី

ប្រមុខ​ការទូត​អាមេរិក​និង​រុស្ស៊ី លោក​John Kerry និង​លោក Sergueï Lavrov បាន​ផ្តើម​ការ​ចរចា​ជា​មួយ​គ្នា​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​៩​កញ្ញា​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ​ប្រទេស​ស្វ៊ីស ដើម្បី​​​ប៉ុនប៉ង​​ស្វែង​រក​ដំណោះស្រាយ​មួយ​នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី ដែល​បាន​សម្លាប់​ជីវិត​ប្រជាជន​ស៊ីវិល​យ៉ាង​រង្គាល។ 

ប្រមុខ​ការទូត​អាមេរិក John Kerry (ឆ្វេង​) និង​ប្រមុខការទូត​រុស្ស៊ី​  Sergei Lavrov (ស្តាំ)នៅក្នុងទីក្រុង ហ្ស៊ឺណែវ​​ប្រទេសស្វីស​ថ្ងៃ​​២៦​​សីហា​​២០១៦​
ប្រមុខ​ការទូត​អាមេរិក John Kerry (ឆ្វេង​) និង​ប្រមុខការទូត​រុស្ស៊ី​ Sergei Lavrov (ស្តាំ)នៅក្នុងទីក្រុង ហ្ស៊ឺណែវ​​ប្រទេសស្វីស​ថ្ងៃ​​២៦​​សីហា​​២០១៦​ REUTERS/Martial Trezzini/Pool
ផ្សាយពាណិជ្ជកម្ម

ការ​ប៉ុនប៉ង​សា​ជាថ្មី​របស់អាមេរិកនិងរុស្ស៊ី​នៅក្នុង​អធិករណ៍​​ស៊ីរី​នេះ  ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​​ការចរចា​​លើកមុន​​​​ៗរវាង​ប្រមុខ​ការទូត​អាមេរិក​John Kerry និង​ប្រមុខ​ការទូត​រុស្ស៊ី Sergueï Lavrov ត្រូវ​បាន​ទទួល​បរាជ័យ​ជាបន្ត​បន្ទាប់​គ្នា​នា​​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ម៉ូស្គូ​និង​វ៉ាស៊ីនតោន​​ដែល​គាំទ្រ​រៀងៗ​ខ្លួន ​គូ​បដិបក្ស​​​នៅ​ក្នុង​សង្គ្រាមស៊ីរី តាំងពី​ជាង​​៥​ឆ្នាំ​កន្លង​មក​ហើយ​នោះ ប៉ុនប៉ង​ផ្តល់​សន្ទុះ​ជា​ថ្មី​ឡើង​វិញ​ដល់​ផែនការ​សន្តិភាព​មួយ​ដែល​សហគមន៍​អន្តរជាតិ ​បាន​អនុម័ត​នៅ​ចុង​ឆ្នាំ ២០១៥​កន្លង​មក។ ផែនការ​សន្តិភាព ដែល​មាន​ជាអាទិ៍ “បទ​ឈប់បាញ់​គ្នា​ជាស្ថាពរ​ ការ​ស្វែង​រក​ជំនួយ​មនុស្សធម៌ ​និង​ការ​រៀបចំ​ដំណើរការ​ដោះស្រាយ​នយោបាយ​មួយ​នៅ​ក្នុង​ប្រទេសស៊ីរី។​

សូមបញ្ជាក់ថា បន្ទាប់ពីមាន​ការអល់អែក​​រ​អស់​រយៈពេល​២​ថ្ងៃ​កន្លង​មក ប្រមុខការទូត​អាមេរិក បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ហ្ស៊ឺណែវ​ប្រទេស​ស្វីស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៩​កញ្ញា ក្នុងគោលដៅ​ ដើម្បី​ជួបប្រាស្រ័យ​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី ​ក្នុងរយៈពេល​​​ពីរ​ឬ​៣​ម៉ោង ពីព្រោះ​​ប្រមុខការទូត​ទាំងពីរប្រទេស​នេះ​នឹង​ត្រូវ​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​​​រៀងៗ​ខ្លួនវិញ​នៅ​​យប់​ថ្ងៃ​សុក្រ​ដែរ។​

ម្យ៉ាង​ទៀត​ នៅ​ក្នុង​យន្តហោះ ទីប្រឹក្សា​នានាអាមេរិក​ដែល​អមដំណើរ​​លោក​ John Kerry បាន​អះអាងថា “ប្រសិន​លោក​ Kerry  គិត​​ថា​លោក​​​គ្មាន​សំណាង​ពិតប្រាកដ​នៅ​ក្នុង​កិច្ច​ចរចា​ជា​មួយ​​រុស្ស៊ី​នោះទេ  នោះ​ក៏លោក ​​ប្រហែល​ជា​​មិន​ខំ​ប្រឹង​ប្រែង​​ធ្វើ​ដំណើរ​មកកាន់ប្រទេស​​ស្វីស​នេះ​ដែរ។ តែ​ដោយ​​ព្រមានទុក​ជាមុនដែរថា ពួកគេ​ក៏​​ពុំ​ហ៊ាន​ធានា​ថា​នឹងមាន​​​កិច្ច​ព្រមព្រៀង​នៅ​​​​ចុង​​បញ្ចប់​​​​ណា​​មួយ​​នោះដែរ។​

យោងតាម​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​របស់​អាមេរិក ទីក្រុង​វ៉ាស៊ីនតោនមានបំណង​ចង់​ឃើញ​​​រុស្ស៊ី​ ចាត់​វិធានការ​ឲ្យ​បាន​ច្បាស់​លាស់​​ ដើម្បី​បង្ខំ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​​លោក​ប្រធានាធិបតី​ស៊ីរី ​Bachar al-Assad  បញ្ចប់​​ការ​បាញ់​​គ្រាប់​ផ្លោង​​ទៅលើ​ប្រជាជនស៊ីវីល​ស៊ីរី​​និង​​ឲ្យ​​បញ្ចប់​ផងដែរ​​នូវការឡោមព័ទ្ធ​ទីក្រុង​អាឡិប​។

សូមបញ្ជាក់ថា​ នៅ​ក្នុង​ក្រុង​ហ្ស៊ីណែវ​ប្រទេស​ស្វីស កិច្ច​ចរចា​រវាង​ប្រមុខ​ការទូតអាមេរិកនិង​រុស្ស៊ី ត្រូវ​ធ្វើ​​បន្ត​​ពី​កិច្ចចរ​ចា​កាលពី​លើកមុនក្នុង​​​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ។ កិច្ចចរចា​ដែល​​​ត្រូវ​ផ្តោត​ផង​ដែរ​ទៅ​លើ​ការ​កាត់​បន្ថយ​អំពើ​ហិង្សា ការ​បង្កើន​ឲ្យ​ច្រើន​ថែម​ទៀត​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ស៊ីរី​និង​ការ​ពន្លឿន​ដំណោះស្រាយ​នយោបាយ​មួយ​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវីល​នៅ​ក្នុង​ប្រទេស​ស៊ីរី៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ