អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖​បស្ចិមលោក​ជំរុញ​រុស្ស៊ី​ឲ្យ​ស្រោចស្រង់​បទឈប់បាញ់ និង​ព្រមាន​ថា ភាព​អត់ធ្មត់​របស់​បស្ចិមលោក​មាន​ព្រំដែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក សង្រ្គាម​ពាក្យ​សម្តី​បាន និង​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​បស្ចិមលោក និង​ប្រទេស​រុស្ស៊ី​ទាក់ទង​នឹង​វិបត្តិ​ស៊ីរី។ នៅ​ថ្ងៃ​សៅរ៍ ទី២៤ កញ្ញា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​រួម​គ្នា​មួយ​ដោយ​ព្រមាន​រុស្ស៊ី​ចំ​មុខ។ ការ​ព្រមាន​រុស្ស៊ី​ចំ​មុខ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទីក្រុង​អាឡិប​នៅ​ស៊ីរី​កំពុង​ទទួល​រង​ការវាយប្រហារ​ផ្លូវអាកាស​យ៉ាង​ខ្លាំងក្លា​តាំង​ពី​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៥ កញ្ញា​ដោយ​បាន​បណ្តាល​ឲ្យ​មាន​ជនស៊ីវិល​ស្លាប់​យ៉ាង​តិច ៤៥នាក់។ នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ មប្រឹក្សាសន្តិសុខ​កោះប្រជុំ​បន្ទាន់​មួយ​តាម​សំណើ​របស់​អាមេរិក បារាំង និង​ប្រទេស​អង់គ្លេស។

ប្រមុខ​ការទូត​ស៊ីរី​លោក Walid Mouallem នៅ​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ ថ្ងៃទី២៤ កញ្ញា ២០១៦
ប្រមុខ​ការទូត​ស៊ីរី​លោក Walid Mouallem នៅ​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ ថ្ងៃទី២៤ កញ្ញា ២០១៦ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីជូនដំណឹង​រួម​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​ការទូត​អាមេរិក សមភាគី​បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស និង​តំណាង​សហភាពអឺរ៉ុប​បាន​ព្រមាន​រុស្ស៊ី​ត្រង់ៗ​ថា ភាព​អត់ធ្មត់​របស់​បស្ចិមលោក​មាន​កម្រិត មាន​ន័យ​ថា បស្ចិមលោក​មិន​អាច​បន្ត​ឈរ​ឱបដៃ​មើល​បាន​ទៀត​ឡើយ​នូវ​ស្ថានការណ៍​ដែល​កំពុង​កើត​មាន​នៅ​ស៊ីរី​ពេល​នេះ។ សេចក្តីជូនដណឹង​ដដែល​បាន​បញ្ជាក់​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ រុស្ស៊ី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ស្ថានការណ៍​ដុនដាប​នៅ​ស៊ីរី​សព្វថ្ងៃ ហើយ​រុស្ស៊ី​ត្រូវ​តែ​បង្ហាញ​ពិភពលោក​ថា ខ្លួន​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ស៊ីរី​តាម​រយៈ​វិធានការ​ពិសេសៗ​ក្នុង​គោលដៅ​ស្រោចស្រង់​កិច្ចខិតខំ​ប្រឹងប្រែង​ផ្លូវទូត​របស់​សហគមន៍​អន្តរជាតិ​នា​ពេល​កន្លង​មក។

ក្រៅ​ពី​ចេញ​មុខ​ព្រមាន​រុស្ស៊ី​ត្រង់ៗ ភាគី​ហត្ថលេខី​នៃ​សេចក្តីថ្លែងការណ៍​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​លើ​វិធានការ​បន្ទាន់​មួយ​ចំនួន រួម​មាន បង្កើត​ឲ្យ​មាន​បទឈប់​បាញ់​ឡើង​វិញ ជួយ​សម្រួល​ឲ្យ​មាន​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ប្រជាជន​ស៊ីរី​ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​តំបន់​ជម្លោះ និង​បង្កើត​ឲ្យ​មាន​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​សន្តិភាព​ឲ្យ​ស៊ីរី​ឡើង​វិញ​ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ។ ទន្ទឹម​គ្នា​នេះ សេចក្តីជូនដំណឹង​រួម​របស់​បស្ចិមលោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត ពី​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​កម្ទេច​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់​ឲ្យ​ដល់​ឫសគល់ ព្រម​ទាំង​ស្នើ​រុស្ស៊ី​ឲ្យ​ធ្វើ​ដូច​គ្នា។
 
បស្ចិមលោក​មិន​អាច​បន្ត​ទ្រាំទ្រ​នឹង​ឥរិយាបទ​របស់​រុស្ស៊ី​នៅ​ស៊ីរី

បស្ចិមលោក​មិន​អាច​បន្ត​ឈរ​មើល​រុស្ស៊ី​ដែល​កំពុង​បន្ត​យក​ជើងមួយ​ជាន់​ទូក​ពីរ នៅ​ម្ខាង រុស្ស៊ី​យល់ព្រម​បើក​យុទ្ធនាការ​ប្រឆាំង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ជាមួយ​សហគមន៍​អន្តរជាតិ ចំណែក​នៅ​ម្ខាង​ទៀត រុស្ស៊ី​បន្ត​គាំទ្រ​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ដោយ​វាយប្រហារ​លើ​ក្រុម​បះបោរ​ស៊ីរី​ដែល​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ។ គេ​ពិត​ជា​នៅ​ចាំ​បាន​ថា​កាល​ពី​ថ្ងៃទី៩ កញ្ញា​កន្លង​ទៅ​ថ្មី​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី និង​សមភាគី​រុស្ស៊ី​លោក​ស៊ែរហ្កី ឡាវរ៉ូស្វ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​នៅ​ស៊ីរី។ តែ​បន្ទាប់​ពី​ចូល​ជា​ធរមាន​បាន​មួយ​សប្តាហ៍ កិច្ចព្រមព្រៀង​ឈប់​បាញ់​នោះ​ក៏​ត្រូវ​រលាយ​បាត់ ហើយ​ទ័ពអាកាស​រុស្ស៊ី រួម​ជាមួយ​ទ័ពអាកាស​ស៊ីរី​ក៏​បាន​ផ្តើម​ទម្លាក់​គ្រាប់បែក​ជា​ថ្មី​លើ​ក្រុមបះបោរ​នៅ​ក្នុង​ទីក្រុង​អាឡិប។
 
ការ​ទម្លាក់​គ្រាប់បែក​ពេល​នោះ​បាន​ធ្លាក់​លើ​ក្បួនរថយន្ត​ដឹកជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ប្រមាណ​ជា ២០នាក់ ក្នុង​នោះ​មាន​បុគ្គលិក​មនុស្សធម៌​ជា​ច្រើន​នាក់។ នៅ​ក្រោយ​ព្រឹត្តិការណ៍​នោះ​ភ្លាម អាមេរិក និង​រុស្ស៊ី​ក៏​ផ្តើម​ទម្លាក់​កំហុស​ដាក់​គ្នា​ដោយ​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​ការ​បំពាន​លើ​បទ​ឈប់បាញ់។ តាំង​ពី​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៥ កញ្ញា ទីក្រុង​អាឡិប​កំពុង​បន្ត​ស្ថិត​ក្រោម​គ្រាប់បែក​រុស្ស៊ី និង​ស៊ីរី​ដែល​បណ្តាល​ឲ្យ​មាន​ជនស៊ីវិល​ស្លាប់​យ៉ាង​តិច ៤៥នាក់។
 
នៅ​លើ​វេទិកា​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក​ប្រមុខ​ការទូត​ស៊ីរី​បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី២៤ កញ្ញា​ដោយ​ទទួល​ស្គាល់​ពេញ​មាត់​ថា ទ័ពស៊ីរី​កំពុង​រុល​ទៅ​មុខ​ដើម្បី​វាយ​យក​ទីក្រុង​អាឡិប​ត្រឡប់​វិញ និង​ថា ជោគជ័យ​នេះ​បាន​មក​ពី​ការ​គាំទ្រ​ផ្លូវយោធា​ពី​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់។ គឺ​ភស្តុតាង​ទាំង​អស់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​បស្ចិមលោក ពិសេស​អាមេរិក និង​សហភាព​អឺរ៉ុប​មិន​អាច​ទប់​កំហឹង​ទៀត​បាន ហើយ​មិន​ញញើត​នឹង​ដំឡើង​សម្លេង​ដាក់​រុស្ស៊ី។ នៅ​ពេល​នេះ រុស្ស៊ី​នៅ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ម៉េច​ទេ តែ​កន្លង​មក ក្រុង​មូស្គូ​តែង​បដិសេធ និង​ទម្លាក់​ការ​ទទួល​ខុសត្រូវ​រួម​គ្នា​ជា​មួយ​អាមេរិក​នៅ​ក្នុង​បញ្ហា​នេះ។
 
ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ​បន្ទាន់

នៅ​ថ្ងៃ​អាទិត្យ ទី២៥ កញ្ញា និង​តាម​សំណើ​របស់​អាមេរិក បារាំង និង​ប្រទេស​អង់គ្លេស ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ក្នុង​គោលដៅ​ស្រោចស្រង់​កិច្ចព្រមព្រៀង​ឈប់បាញ់ និង​ទប់ស្កាត់​សង្រ្គាមហិង្សា​លើ​ទីក្រុង​អាឡិប។ នេះ​មិន​មែន​ជា​លើកទី ១ ហើយ​ក៏​ប្រហែល​ជា​មិនមែន​ជា​លើក​ចុង​ក្រោយ​ទេ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​បន្ទាន់ ឬ​មិន​បន្ទាន់។ តែ​ជា​ទូទៅ គេ​មិន​ដែល​ឃើញ​មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី សហគមន៍​អន្តរជាតិ​ក៏​មិន​អាច​ឈរ​ឱបដៃ​មើល​ការ​ស្លាប់​រង្គាល​របស់​ប្រជាជន​ស៊ីរី​បាន​ឡើយ។
 
អាទិភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​កិច្ចប្រជុំបន្ទាន់​ថ្ងៃ​នេះ គឺ​អំពាវនាវ​ឲ្យ​ផ្អាក​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​អាឡិប និង​ស្រោចស្រង់​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ស៊ីរី​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​អាមេរិក និង​រុស្ស៊ី​កាល​ពី​ថ្ងៃទី៩ កញ្ញា។ ពិត​ណាស់​ថា​ខណៈ​នេះ ការ​ផ្ទុះ​អាវុធ​លើ​ទីក្រុង​អាឡិប​បាន​កើត​មាន​ជា​ថ្មី​យ៉ាង​ខ្លាំងក្លា​មែន ហើយ​រុស្ស៊ី និង​អាមេរិក​ក៏​កំពុង​បន្ត​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ដែរ តែ​រហូត​មក​ពេល​នេះ រុស្ស៊ី និង​អាមេរិក​បាន​អះអាង​ដូច​គ្នា​ថា កិច្ចព្រមព្រៀង​ឈប់បាញ់​នោះ​មិន​ទាន់​ស្លាប់​ទេ ព្រម​ទាំង​ព្យាយាម​ស្រោចស្រង់​ទៀត​ផង។ នៅ​ក្នុង​ន័យ​នេះ អាមេរិក រួម​ទាំង​បស្ចិមលោក​បាន​យល់​ឃើញ​ដូច​គ្នា​ថា ដើម្បី​អាច​ជួយ​ពន្លឿន​ល្បឿន​នៃ​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​ឈប់បាញ់ គឺ​មាន​តែ​ការ​ប្រើ​វេទិកា​ក្រុមប្រឹក្សាសន្តិសុខ​ទេ​ទើប​អាច​មាន​ទម្ងន់​និយាយ​ជាមួយ​រុស្ស៊ី​បាន។ តែ​អ្វី​ដែល​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​ចៀសវាង​នោះ គឺ​ការ​ដាក់​គំនាប​លើ​រុស្ស៊ី​ដោយ​កម្លាំងបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ