អានតួអត្ថបទ
ស៊ីរី-បារាំង-អ.ស.ប.

សំណើផែនការ​សន្តិភាព​នៅ​ស៊ីរី​របស់​បារាំង​ត្រូវ​ដាក់​ជូន​ដល់​ អ.ស.ប.នៅ​មុន​ចុង​សប្តាហ៍​នេះ​

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​បារាំង Stéphane Le Foll បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ពុធ​ទី​៥​តុលា​ថា "ប្រទេស​បារាំង​នឹង​ដាក់​ជូន​ជា​ផ្លូវការណ៍​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ "គម្រោង​ផែន​ការ​សន្តិភាព​​​ស្តីពី​បញ្ហា​ស៊ីរី ឲ្យ​​បាន​នៅ​មុន​ចុង​សប្តាហ៍​នេះ”។ គម្រោង​​ផែនការ​សន្តិភាព​នៅ​ស៊ីរី​​​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ប្រទេស​បារាំង​គឺ​​​ក្នុង​គោលដៅ​​ប៉ុនប៉ង​​ស្វែង​រក​​បទ​ឈប់បាញ់​គ្នា​មួយ​​នៅ​ក្រុង​Alep ​ក្នុង​ភាគ​ខាង​ជើង​​ប្រទេស​ស៊ីរី។​

អង្គការសហប្រជាជាតិ​.
អង្គការសហប្រជាជាតិ​. REUTERS/Andrew Kelly
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ការ​រួម​ប្រជុំ​របស់​ក្រុម​ប្រឹក្សារដ្ឋមន្ត្រី​រួច​មក អ្នក​នាំពាក្យ​​រដ្ឋាភិបាល​បារាំងStéphane Le Foll ​បាន​ថ្លែង​ប្រាប់​ដល់​​អ្នក​សារព័ត៌មាន​ថា​”​សំណើរ​បារាំង​ស្តីពី​ផែនការ​ស្វែង​រក​សន្តិភាព​នៅ​ក្រុង​អាឡិប​និង​នៅ​ក្នុង​​ប្រទេស​ស៊ីរី ត្រូវ​ដាក់​ជូន​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ឲ្យ​បាន​នៅ​មុន​ចុង​សប្តាហ៍​នេះ។

គួររំលឹកថា សមាជិក​ទាំង​១៥​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ បាន​ធ្វើការ​ពិភាក្សា​គ្នា​លើ​សំណើរ​របស់​បារាំង​នេះ ចាប់តាំង​ពី​ថ្ងៃ​ចន្ទ​មុន​ ហើយ​ក៏​ប្រហែល​ជា​អាច​ធ្វើ​បោះឆ្នោត​​សម្រេច​​ចាប់ពី​សប្តាហ៍​នេះ​ទៅ​ដែរ។

អ្នក​នាំពាក្យ​​រដ្ឋាភិបាល​បារាំង បាន​គូស​បញ្ជាក់​​ទៀតថា “ប្រទេស​បារាំង​តែ​មួយ​គត់​ដែល​​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​តទល់​នឹង​ហេតុការណ៍​នានា​ដែល​បាន​​កើត​ឡើង​នៅ​ក្រុង​អាឡិប​ហើយ​បារាំង​ក៏​មិន​សុខចិត្ត​នៅ​អោប​ដៃ​ដោយ​ស្ងៀមស្ងាត់​ដែរ”។

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​លោក François Holland ប្រធានាធិបតី​បារាំង​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ បាន​បរិហារ ថា “បារាំង​ពុំ​អាច​ទាំ្រទ្រ​ឈរ​មើល​មហា​ទុក្ខ​វេទនា​របស់​ប្រជាជនស៊ីរី​ត​ទៅ​ទៀត​បាន​ឡើយ។​ទុក្ខវេទនា​ដែល​បង្ក​ឡើង​ដោយ​របប​ដឹកនាំ​ស៊ីរី​និង​គាំទ្រ​ពី​សំណាក់​រុស្ស៊ី​តាម​ជំនួយ​អាកាស។

តាំងពីឆ្នាំ​២០០៣ ប្រធានាធិបតី​បារាំង ពុំ​បាន​​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​​ឡើយ ហើយ​ជំនាន់​នោះ ប្រមុខរដ្ឋ​បារាំង​ថែម​ទាំង​បាន​ស្នើ​ការ​វាយប្រហារ​តាម​អាកាស នៅ​ពេល​ណា​ដែល​របប​ក្រុង​ដាម៉ាស​ ហ៊ាន​បំពាន​លួច​ប្រើ​ប្រាស់​អាវុធ​គីមី​ដើម្បី​សម្លាប់​ប្រជាជន​ឯង។

ផែនការ​សន្តិភាព​ដែល​ស្នើ​ឡើង​ដោយ​បារាំង​ ក៏​ជា​ការ​ប៉ុនប៉ង​លើក​ចុង​ក្រោយ​មួយ​ដែរ ដើម្បី​រក​មធ្យោបាយ​​បង្ខំ​ឲ្យ​របប​​ដាម៉ាស​និង​សម្ព័៍ន្ធមិត្ត​រុស្ស៊ី​របស់​គេ​ បិទ​បញ្ចប់​ការ​ទម្លាក់​គ្រាប់​បែក​ដ៏​សែនសាហាវ​ទៅ​លើ​​អាឡិប​ត​ទៅ​មុខ​ទៀត។ ការ​ទម្លាក់​គ្រាប់បែក​របស់​​ដាម៉ាស គឺ​ដើម្បី​វាយ​ដណ្តើម​យក​សង្កាត់​នានា​ពី​ក្រុម​ឧទ្ទាម​ស៊ីរី។

សំណើរ​របស់​បារាំង  បាន​អំពាវនាវ​ផង​ដែរ ឲ្យ​មាន​ការ​រៀបចំ​​បទ​ឈប់​បាញ់​គ្នា​មួយ​​ដើម្បី​រៀបចំ​ច្រក​ចូល​សម្រាប់​ជំនួយ​មនុស្សធម៌​មួយ​ដល់​ប្រជាជន​ស៊ីវីល​ដែល​កំពុង​អត់ឃា្លន​យ៉ាង​វេទនា​ក្រោម​ការ​ឡោមព័ទ្ធ​របស់​កងទ័ព​ស៊ីរី​នៅ​​អាឡិប។ សំណើរ​របស់​បារាំង ក៏​ហាមប្រាម​មិន​ឲ្យ​​យន្តហោះ​យោធា​ណា​មួយ​ធ្វើ​ប្រតិបត្តិការ​​ពី​លើ​​ក្រុង​អាឡិប​ដែរ។

ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹង​ថា ប្រមុខ​ការទូត​បារាំង​លោក Jean-Marc Ayrault នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​និង​នៅ​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​សុក្រ​ទី​៧​តុលា ​ដើម្បី​លើក​ឡើង​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​ចំ​ពេល​ដែល​ការ​ប្រឹងប្រែង​តាម​ផ្លូវ​ទូត​ដើម្បី​បញ្ឈប់​ការ​វាយប្រហារ​នៅ​អាឡិប ត្រូវ​ជាប់​គាំង​ក្នុង​ស្ថានភាព​ទាល់​ច្រក-នេះ​បើ​យោង​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​បារំាង​នៅ​ថ្ងៃ​ពុធទី​៦​តុលា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ