អានតួអត្ថបទ
ស៊ីរី

ក្រុមប្រឹក្សា​សន្តិសុខ​អ,ស.ប​បើក​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​ស៊ីរី

នៅថ្ងៃសុក្រ​៣មិថុនា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ចពិភាក្សា​បន្ទាន់​ រកមធ្យោបាយដើម្បី​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅអោយ​ប្រជាជន​​​ដែល​កំពុង​ រងគ្រោះ​អត់ឃ្លាន​នៅ​ស៊ីរី​។ អសប​ចង់​ប្រើ​ឧទ្ធម្ភាគចក្រ​ ច្រើនគ្រឿងដើម្បី​ទំលាក់ស្បៀង​ជំនួយ​តាម​បណ្តាក្រុង​ដែល​រងការ​ឡោមព័ទ្ធ។ ក្នុងសមរភូមិ​ស៊ីរី កងទ័ព​រដ្ឋាភិបាល​​បានទំលាក់​គ្រាប់បែក​​នៅ​តំបន់​ឧទ្ទាម​ក្រុងអាឡេប សម្លាប់ជនស៊ីវិល​២៣នាក់។​

ប្រជាជន​និង​កុមារ​ស៊ីរី​ដែល​គេចពី​ហិង្សា​នៅជាយ​ក្រុង​​Idlib
ប្រជាជន​និង​កុមារ​ស៊ីរី​ដែល​គេចពី​ហិង្សា​នៅជាយ​ក្រុង​​Idlib REUTERS/Ammar Abdullah
ផ្សាយពាណិជ្ជកម្ម

យោងតាម​អង្គការ​​អង្គការ​សហប្រជាជាតិ​ មនុស្ស​ជិត​៦សែននាក់​កំពុង​រស់​តាម​តំបន់​ដែលឡោមព័ទ្ធ​ដោយ​ក្រុមប្រដាប់អាវុធ ពិសេស​ពី​​ក្រុមទាហាន​រដ្ឋាភិបាល​ស៊ីរី​តែម្តង។ ប្រជាជន​ជិត​៤លាននាក់​រស់​ក្នុង​តំបន់​ដែលគេពិបាក​ចូលទៅដល់។

ក្រោយពី​​មន្ត្រីពិសេសខ្លួន​​មួយរូប​ទើបបាន​លើកឡើងពី​ភាពលំបាក​ក្នុង​ការ​​ការ​ទំលាក់​ស្បៀង​ជំនួយ​ជួយ​ជនរងគ្រោះស៊ីរី អង្គការ​សហប្រជាជាតិ​នៅ​ក្រុងញូវយក​​បាន​ប្រកាស​ពិនិត្យ​​លទ្ធភាព​​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ ដើម្បី​ទំលាក់​ស្បៀង​ជំនួយ​។

ទោះយ៉ាងនេះក្តី បើ​យោងតាម​ការព្រមាន​របស់​​អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិ​ ការ​ប្រើប្រាស់​យន្តហោះ​ទំលាក់ស្បៀង​ជំនួយ​តាម​​តំបន់​ក្រុង ប្រហែល​ពិបាកធ្វើ​ឡើង​ណាស់​​​​ព្រោះ​ក្រៅពី​បញ្ហា​សន្តិសុខ ការហោះហើរ​តាម​ផ្លូវអាកាស​​ទំលាក់​ស្បៀង​ជំនួយ​​ ត្រូវប្រឈម​នឹង​វត្តមាន​ស្អេកស្កះ នៃ​យន្តហោះ​រុស្ស៊ី ស៊ីរី និង​យន្តហោះ​ប្រទេស​សម្ព័ន្ធមិត្ត​ដែលកំពុង​បើកយុទ្ធនាការ​កំទេច​ក្រុមជីហាតទៀត។ យន្តហោះ​ប្រទេស​សម្ព័ន្ធមិត្ត​​ដឹកនាំ​ដោយ​អាមេរិក​ បាន​ទំលាក់​អាវុធយុទ្ធភណ្ឌដល់​ក្រុមឧទ្ទាម​ដែលកំពុង​ទប់ស្កាត់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​​មិនអោយ​ជុល​ក្រុង​ម៉ារា នៅភាគ​ខាងជើង​ក្រុងអាឡិប។

គួររំលឹក​ថា ជនរងគ្រោះ​ស្លាប់​ក្នុង​សង្គ្រាម​ស៊ីរី​ជាង៥ឆ្នាំ​នេះ បានកើនឡើង​ដល់​​២៨០០០០នាក់។ កាលពីខែឧសភា បណ្តា​ក្រុម​ប្រទេស​ចំនួន២០ដែល​​គាំទ្រ​ស៊ីរី បាន​កំណត់​យកថ្ងៃ១មិថុនា ជាថ្ងៃ​ចុងក្រោយ​ដើម្បី​ដឹកជញ្ជូនស្បៀងជំនួយ​អោយដល់ក្រុង​ដែលរងការឡោមព័ទ្ធ។

កាលពីថ្ងៃពុធ ក្នុងអំឡុង​​បទឈប់បាញ់​៤៨ម៉ោង កងទ័ព​ស៊ីរី​បាន​អនុញ្ញាត​អោយ​ជំនួយ​បានដឹកទៅដល់​ក្រុងដារ៉ាយ៉ា ជាក្រុង​មួយ​នៅចំងាយ​​១០គីឡូម៉ែត្រ​ពីទី​ក្រុងដាម៉ាស។ ប៉ុន្តែ ប្រជាជនក្រុងដារីយ៉ា​ខកចិត្ត​ជាខ្លាំង​ព្រោះថា ក្នុង​ឡានកាំម្ញ៉ុង​ទាំងនោះ គ្មាន​​ចំណីអាហារ​សម្រាប់​ហូបចុក​​សោះឡើយ។ គួររំលឹកថា ប្រជាជន​ក្រុងដារីយ៉ា ​ធ្លាប់​ងើបបះបោរ​ប្រឆាំង​រដ្ឋាភិបាល​កាលពីឆ្នាំ២០១១។ ក្រុងនេះ​​រងការឡោមព័ទ្ធ​តាំងពី​ឆ្នាំ២០១២​ម្ល៉េះ។

ឯកអគ្គរាជទូត​អង់គ្លេស​ នៅ​អង្គការ​សហប្រជាជាតិ បានសុំអោយ​ប្រតិបត្តិការ​ទំលាក់​ស្បៀងជំនួយ​ ដែល​​ក្រុមប្រទេស​អន្តរជាតិ​គាំទ្រ​ស៊ីរី បាន​ព្រមព្រៀង​គ្នានោះ អាច​ធ្វើទៅបាន​តាមការ​គ្រោងទុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ