អានតួអត្ថបទ
ស៊ីរី

អ្នក​អង្កេតការណ៍​អង្គការ​សហ​ប្រជាជាតិ​ត្រៀម​បញ្ចេញ​តារាង​ឈ្មោះ​ឧក្រិដ្ឋជន​សង្គ្រាម​នៅ​ស៊ីរី

អ្នក​អង្កេតការណ៍​របស់​អង្គការ​សហប្រជាតិ ​លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​ស៊ីរី បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​នឹង​ចេញ​ផ្សាយ តារាង​ឈ្មោះ​ឧក្រិដ្ឋជន​សង្គ្រាម​នៅ​ស៊ីរី ​នៅ​ដើមខែ មិនា​ខាង​មុខ មុន​នឹង​មាន​កិច្ច​ប្រជុំ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ ក្រុម​ប្រឹក្សា​នេះ​ មាន​ឆន្ទៈ​នាំ​យក ​ឧក្រិដ្ឋជន​សង្គ្រាម​ទាំង​នោះ ទៅ​កាត់ទោស​ នៅ​តុលាការ​អន្តរជាតិ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក្តី​សង្ឃឹម​មាន​តិចតួច ​ដោយសារ​ក្រុមប្រឹក្សា​សន្តិសុខ​របស់ អង្គការ​សហប្រជាជាតិ​ ដូច​ជា​មិនសូវ​អើពើរ​ទាល់​តែ​សោះ។

កុមារម្នាក់​ឈរស្រែកយំ ក្នុងជំរុំជន​ភៀសខ្លួនស៊ីរី នៅ​ប្រទេសហ្សកដានី ដែល​រត់គេចខ្លួន​ពី​សង្គ្រាម
កុមារម្នាក់​ឈរស្រែកយំ ក្នុងជំរុំជន​ភៀសខ្លួនស៊ីរី នៅ​ប្រទេសហ្សកដានី ដែល​រត់គេចខ្លួន​ពី​សង្គ្រាម REUTERS/Muhammad Hamed
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​ជិត​៤ឆ្នាំ​ហើយ ដែល​សង្គ្រាម​ស៊ីវីល​ បាន​ហែកហួរ ប្រទេស​ស៊ីរី ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ មរណៈ​ យ៉ាង​ខ្លោចផ្សារ ​សម្រាប់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់។ សង្គ្រាម​ដែល​ប្រឈម​មុខ​គ្នា​រវាង កងទ័ព​រដ្ឋាភិបាល​ផ្តាច់ការ របស់ ​លោក បាឆា អាល់អាសាដ និង​ក្រុម​ប្រឆាំង ​បាន​សម្លាប់ ​ប្រជាជន​ជាង ២សែន​នាក់ ​និង​ជាច្រើន​លាន​នាក់​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ រត់ចោល​ផ្ទះ​សម្បែង ​និរទេស​ខ្លួន ​គ្មាន​គោលដៅ​ពិត​ប្រាកដ។ ដូច​រួច​ពី​ក្រពើ មក​ជួប​ខ្លា សង្រ្គាម​ស៊ីវិល​មិន​ទាន់​ទាំង​ចប់​ផង ពេល​នេះ ដែន​ដី​មួយ​ភាគធំ​ ត្រូវ​ធ្លាក់​ទៅ​ក្នុង​ការ​កាន់កាប់ របស់​ពួក​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម ទៀត។ ពួក​នេះ បាន​ប្រើប្រាស់ ច្បាប់​សាសនា​អ៊ីស្លាម​ជ្រុល​និយម ​បំបិត​សិទ្ធិ​សេរីភាព​មនុស្ស និង​ធ្វើការ​សម្លាប់​អ្នកណា​ ដែល​ហ៊ាន​ប្រឆាំង​ពួក​វា ​យ៉ាង​សាហាវ​ព្រៃផ្សៃ ​គ្មាន​ខ្លាច​ញញើត​នរណា​ទាំងអស់។

 
ចាប់តាំង​ពី​មាន​ការ​កាប់​សម្លាប់​នៅ​ស៊ីរី អង្គការ​សហប្រជាជាតិ បាន​ចាត់តាំង​ក្រុម​ស៊ើប​អង្កេត​ពិសេស​មួយ ដើម្បី​វែក​រក​មុខ ឧក្រិដ្ឋជន​សង្គ្រាម ​ដែល​ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​កាប់​សម្លាប់​ប្រជាជន។ ទោះ​បីជា​ក្រុម​អ្នក​អង្កេតការណ៍ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ ឲ្យ​ចូល​ទៅ​ស៊ើបការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ផ្ទាល់​ក៏​ដោយ ក៏​ប៉ុន្តែ ក្រុម​ការងារ​នេះ មាន​ភស្តុតាង​ ព្រម​ទាំង​ការ​ផ្តល់​ជា​សាក្ខីកម្ម​ ពី​សំណាក់​សាក្សី ជាច្រើន។

លោក Paulo Pinheiro ​ប្រធាន​គណកម្មការ​អង្កេតការណ៍ លើ​សំណុំ​រឿង​នេះ ​បាន​មាន​ប្រសាសន៍​ថា មាន​ឧក្រិដ្ឋជន​សង្គ្រាម​ជាង​ដប់នាក់ ដែល​ជាប់​នៅ​ក្នុង​បញ្ជីរ ​ហើយ​បញ្ជីរ​នោះ ត្រូវ​គេ​រក្សាទុក​ យ៉ាង​សម្ងាត់​បំផុត ​រហូត​ទាល់តែ​ ដល់​ថ្ងៃ​បើក​កិច្ច​ប្រជុំ​ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃ​ទី ១៧ មិនា ទើប​បញ្ជីរ​នេះ ​ត្រូវ​បាន​ប្រកាស​ផ្សាយ​ថា មាន​ឈ្មោះ​នរណា​ខ្លះ។ ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​បដិសេធ មិន​ឆ្លើយ​ថា មាន​ឈ្មោះ លោក បាឆា អាល់អាសាដ នៅ​ក្នុង​បញ្ជីរ​នោះ ​រឺ​អត់​ទេ។ យ៉ាង​ណា​មិញ លោក​បាន​បន្ថែម​ថា​ គោលដៅ ​របស់​ក្រុម​ការងារ​លោក​ មិនមែន​ត្រឹមតែ​បញ្ឈប់​ឲ្យ​បាន​ នូវ​ការ​កាប់​សម្លាប់​ប្រជាជន ស្លូតត្រង់​ប៉ុណ្ណោះ​ទេ ​តែ​ក្រុម​ការងារ​លោក ​នឹង​នាំយក​ឧក្រិដ្ឋជន​ទាំង​នោះ​ ទៅ​កាត់ទោស​ឲ្យ​បាន ដើម្បី​រក​យុត្តិធម៌​ជូន ក្រុម​គ្រួសារ​ជន​រងគ្រោះ​ រាប់​សែន​នាក់។

ទោះ​បីជា​យ៉ាងណា​ក៏​ដោយ ​លោកស្រី Carla Del Ponte ដែល​ជា​សមាជិក​គណកម្មការ​អង្កេតការណ៍​នេះ ដែរ បាន​សម្តែង​ការ​ខកចិត្ត​ជា​ខ្លាំង ចំពោះ​ភាព​សោះអង្គើយ​ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ចំពោះ​សំណុំ​រឿងនេះ។ លោក​ស្រី ធ្លាប់​ធ្វើ​ជា​រដ្ឋអាជ្ញា​ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​សំណុំរឿង​ប្រល័យ​ពូជសាសន៍ នៅ​រ៉ូវ៉ាន់ដា និង​នៅ​អតីត​យូហ្គោស្លាវី។ លោកស្រី បាន​បន្ត​ថា វា​ដល់​ពេល​ហើយ ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​ត្រូវ​សម្រេច​ចិត្ត ​ឲ្យបាន​ច្បាស់ ក្នុង​ការ​នាំ​ជន​ទាំងនោះ​ ទៅ​ផ្តន្ទាទោស មិន​ត្រូវ​អូស​បន្លាយ ទុក​ឲ្យ​ពួក​នោះ បន្ត​ការ​កាប់​សម្លាប់​នៅស៊ីរី ​តទៅ​ទៀត​ទេ។

ក្រុម​ការងារ​នេះ​ បាន​ស្នើរ​សុំ​ទៅ​ក្រុមប្រឹក្សា សន្តិសុខ​ ​ឲ្យនាំ​ឧក្រិដ្ឋជន​ទៅ​កាត់​ទោស​ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រឺ​ក៏​បង្កើត​តុលាការ​ពិសេស​មួយ ក្នុង​ប្រទេស​ឯករាជ្យ​ណាមួយ នៅ​ក្បែរ​ប្រទេស​ស៊ីរី។ លោក​អគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​និយាយ​ថា វា​មាន​សង្ឃឹម​តិច​ណាស់។ ចំណែក អ្នក​តំណាង​ឲ្យ​រដ្ឋាភិបាល លោក ​បាឆា អាល់អាសាដ​ វិញ​ បាន​និយាយ​ថា ​វា​គ្រាន់​តែ​ ជា​ការ​ឃោសនា ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ​ដោយ​សំដៅ​គ្រាន់តែ​ ចង់​បង្ខូច​កេរ្តិ៍ឈ្មោះ​ របស់​រដ្ឋាភិបាល ស៊ីរី​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ