អ៊ីរ៉ាក់-ស៊ីរី៖ជំនួបរដ្ឋមន្រ្តីការពារជាតិក្នុងកម្លាំងសម្ព័ន្ធមិត្តក្នុងទីក្រុងប៉ារីស ប្រទេសបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៩
សប្តាហ៍នេះជាសប្តាហ៍ទី២ នៃយុទ្ធនាការរំដោះទីក្រុងមូស៊ូលពីកណ្តាប់ដៃអង្គការរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់។ ដោយឡែកនៅថ្ងៃទី២៥ តុលានេះ រដ្ឋមន្រ្តីការពារជាតិក្នុងកម្លាំងសម្ព័ន្ធមិត្តជួបប្រជុំគ្នាក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីធ្វើតុល្យការរួមស្តីពីស្ថានការណ៍ទូទៅនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ នៅអាមេរិក ប្រតិបត្តិការរំដោះទីក្រុងមូស៊ូលបានក្លាយជាសង្រ្គាមពាក្យសម្តីរវាងបេក្ខជនប្រធានាធិបតីអាមេរិកលោកស្រីគ្លីនតុន និងលោកដូណាល់ ត្រាំ។
ប្រតិបត្តិការរំដោះទីក្រុងមូស៊ូលពីអង្គការរដ្ឋអ៊ីស្លាមបានឈានចូលសប្តាហ៍ទី២ ដោយទទួលបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។ កម្លាំងទ័ពអ៊ីរ៉ាក់ រួមជាមួយកម្លាំងប្រដាប់អាវុធគួដឌីស្ថានដែលមានការគាំទ្រផ្លូវអាកាសពីកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកកំពុងបន្តរុលទៅមុខកាន់តែជិតទីក្រុងមូស៊ូល ពិសេសនៅប៉ែកខាងត្បូង និងប៉ែកខាងជើង។ នៅក្នុងប្រតិបត្តិការរយៈពេល ១សប្តាហ៍កន្លងទៅនេះ មានស្រុក និងសង្កាត់ជាច្រើនត្រូវបានរំដោះពីកណ្តាប់ដៃពួកជីហាតអង្គការរដ្ឋអ៊ីស្លាម ហើយកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកក៏បានប្រាប់ឲ្យដឹងពីការវាយប្រហារផ្លូវអាកាសចំនួន ៣២ដង ទម្លាក់គ្រាប់អស់ជាង ១ ៧០០គ្រាប់ កម្ទេចគោលដៅរបស់អង្គការរដ្ឋអ៊ីស្លាមបាន ១៣៦គោលដៅ កម្ទេចរថយន្តសង្ស័យបង្កៃគ្រាប់បែកបាន ២៦គ្រឿង និងបំផ្លាញផ្លូវក្រោមដីបាន ១៨ខ្សែ។
ប្រេសិតរបស់លោកប្រធានាធិបតីអាមេរិកដែលតាមដានបេសកកម្មរបស់កម្លាំងសម្ព័ន្ធមិត្តបានបញ្ជាក់ដោយសាទរថា ប្រតិបត្តិការរយៈពេល ១សប្តាហ៍បានប្រព្រឹត្តទៅដូចដែលផែនការបានគ្រោងទុក។ ទាក់ទងនឹងការបាត់បង់ជីវិតមនុស្ស រដ្ឋាភិបាលអ៊ីរ៉ាក់ និងរដ្ឋអំណាចតំបន់ស្វ័យយ័តគួដឌីស្ថានគ្រាន់តែបានអះអាងថា មានស្លាប់ទាហានរបស់ខ្លួនគួរសម តែមិនបញ្ជាក់ចំនួនទេ។ មួយវិញទៀត ពួកគេក៏មិនប្រាប់ពីការបាត់បង់ ឬខូចខាតសម្ភារៈសឹកដែរ។ ចំណែកនៅខាងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិក៏មិនបាននិយាយអ្វីទាំងអស់។
នៅខាងអង្គការរដ្ឋអ៊ីស្លាមឯណោះ ក៏គេគ្មានតួលេខពីការស្លាប់ពួកជីហាតដែរ។ អ្វីដែលគេដឹង ពួកនេះបានដកខ្លួនទៅប្រមូលផ្តុំក្នុងទីក្រុងមូស៊ូលនៅពេលដែលកម្លាំងទ័ពអ៊ីរ៉ាក់រុលទៅមុខ។ ទន្ទឹមគ្នានេះ ការបាត់បង់ជិវិតជនស៊ីវិលក៏គេនៅមិនទាន់អាចនិយាយបានដែរ។ អ្វីដែលគេដឹង គឺមានជនស៊ីវិលជាង ៧ ៥០០នាក់បានរត់គេចពីតំបន់ប្រយុទ្ធក្បែរទីក្រុងមូស៊ូល និងមានជិត ១ ០០០នាក់បានរត់ឆ្លងដែនចូលទៅក្នុងប្រទេសស៊ីរីក្បែរខាង។ គួរបញ្ជាក់ជូនថា ប្រតិបត្តិការរំដោះទីក្រុងមូស៊ូលរយៈពេល ១សប្តាហ៍កន្លងទៅបានធ្វើឡើងនៅលើតំបន់ដែលមិនសូវមានពលរដ្ឋរស់នៅ។ តែក្តីបារម្ភខ្លាំង គឺការវាយលុកចូលក្នុងទីក្រុងមូស៊ូលដែលកំពុងមានមនុស្សរស់នៅជាង ១លាននាក់នាពេលខាងមុខ។
ប្រមុខការពារជាតិក្នុងកម្លាំងសម្ព័ន្ធមិត្តជួបប្រជុំគ្នាក្នុងទីក្រុងប៉ារីស
នៅថ្ងៃអង្គារ ទី២៥ តុលានេះ និងចំពេលដែលប្រតិបត្តិការរំដោះទីក្រុងមូស៊ូលបានឈានចូលក្នុងសប្តាហ៍ទី២ រដ្ឋមន្រ្តីការពារជាតិក្នុងក្រុមប្រទេសកម្លាំងសម្ព័ន្ធអន្តរជាតិបើកកិច្ចប្រជុំក្នុងទីក្រុងប៉ារីស។ កម្មវត្ថុនៃកិច្ចប្រជុំ គឺដើម្បីធ្វើការបូកសរុបលទ្ធផលស្តីពីបេសកកម្មនៅប្រទេសអ៊ីរ៉ាក់ ក៏ដូចជានៅក្នុងប្រទេសស៊ីរី។ តែនៅចំពោះមុខ គឺវាយតម្លៃស្ថានការណ៍នៅក្នុងទីក្រុងមូស៊ូលអ៊ីរ៉ាក់ បន្ទាប់ពីបើកប្រតិបត្តិការបាន ១សប្តាហ៍។ អ្វីដែលកម្លាំងសម្ព័ន្ធមិត្តកំពុងគិតគូរ ពិចារណា គឺយុទ្ធសាស្រ្ត និងយុទ្ធវិធីថ្មីដើម្បីប្រឈមទប់នឹងពួកជីហាតនៅពេលដែលប្រតិបត្តិការបានចូលដល់ទីក្រុងមូស៊ូល។
នៅពេលនោះ ពួកជីហាតអាចចេញមុខតស៊ូស្លាប់រស់ទល់នឹងទាហានអ៊ីរ៉ាក់ ឬមួយក៏ពួកវានាំគ្នារត់ចេញដោយបែកខ្ញែកគ្នាដែលអាចរត់ឆ្លងចូលទៅជួបជុំគ្នាវានៅទីក្រុងរ៉ាក់កា ប្រទេសស៊ីរី ឬមួយក៏មានយុទ្ធជនខ្លះដែលចេញពីប្រទេសអឺរ៉ុបនាំគ្នារត់ចូលប្រទេសកំណើតវិញ រួចបង្កភេរវកម្មក្នុងស្រុក។ ទន្ទឹមគ្នានេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិនៃកម្លាំងសម្ព័ន្ធមិត្តក៏ត្រូវគិតគូរពីការបង្កើនការវាយប្រហារ និងផ្តល់មធ្យោបាយបន្ថែមដល់កម្លាំងក្នុងស្រុកនៅអ៊ីរ៉ាក់ ក៏ដូចស៊ីរីដើម្បីប្រឈមទប់នឹងកម្លាំងពួកជីហាតដែលមានគ្នាប្រមាណពី ៣ ០០០ ទៅ ៤ ០០០នាក់ក្នុងទីក្រុងរ៉ាក់ការ ប្រទេសស៊ីរី និងពី ៣ ០០០ ទៅ ៥ ០០០នាក់នៅក្នុងទីក្រុងមូស៊ូល ប្រទេសអ៊ីរ៉ាក់។
សមរភូមិមូស៊ូលបានក្លាយជាសង្រ្គាមពាក្យសម្តីរវាងលោកស្រីគ្លីនតុន និងលោកដូណាល់ ត្រាំ
ប្រតិបត្តិការរំដោះទីក្រុងមូស៊ូលនៅអ៊ីរ៉ាក់ពេលនេះកំពុងក្លាយជាប្រធានបទក្តៅនៅក្នុងយុទ្ធនាការឃោសនារវាងលោកស្រីគ្លីនតុន និងលោកដូណាល់ត្រាំដែលជាបេក្ខជនប្រធានាធិបតីអាមេរិក។ លោកដូណាល់ ត្រាំមិនបាននិយាយចំៗលើលោកស្រីគ្លីនតុនដែលជាគូប្រជែងទេ តែបានវ៉ៃប្រហារចំមុខលោកប្រធានាធិបតីអូបាម៉ាដោយចោទជាប្រធានាធិបតីគ្មានសមត្ថភាព និងមិនចេះធ្វើការ។
« យើងមានប្រធានាធិបតីដែលអសមត្ថភាព... ប្រធានាធិបតីដែលមិនចេះធ្វើការ! មើលតែមូស៊ូលទៅដឹងហើយ! ពួកគេប្រកាសក្តែងៗតាំងពីបី បួនខែមុនថា នឹងវាយចូលមូស៊ូលដើម្បីចាប់ខ្លួនមេខ្លោងជីហាតរដ្ឋអ៊ីស្លាម។ ដឹងយ៉ាងម៉េចទេ? ដល់តែពួកមេខ្លោងជីហាតដឹងមុនអ៊ីចឹង ពួកគេមិនរត់ចេញអស់! ពួកគេមិនមែនល្ងង់ឯណា!
មានចាំទេ មានមេទ័ពដ៏ពូកែម្នាក់ធ្លាប់និយាយថា “វាយលុកមិនឲ្យសត្រូវដឹងខ្លួនជាមុន”... ឥឡូវ យើងវាយលុកចូលមូស៊ូលដែលសត្រូវដឹងខ្លួនជាមុន... ត្រៀមការពារខ្លួនបានរឹងមាំជាងការរំពឹងទុក... ពួកគេយកជនស៊ីវិលមកធ្វើជាខែលការពារនៅគ្រប់កន្លែង... ស្ថានការណ៍គឺមហាសែនស្មុគស្មាញ... ហើយហេតុអ្វីបានជាចាំបាច់ប្រកាសឲ្យសត្រូវដឹងជាមុន???!!!
ជាចម្លើយតបវិញ និងដោយមិននិយាយបញ្ឆិតបញ្ឆៀង លោកស្រីគ្លីនតុនបានវ៉ៃប្រហារចំៗលើលោកដូណាល់ ត្រាំថា ជាមេទ័ពដែលអសត្ថភាព និងចុះចាញ់មុនការប្រយុទ្ធ។
« គូប្រជែងរបស់ខ្ញុំគ្មានផែនការ ឬយុទ្ធសាស្រ្តអ្វីដើម្បីយកឈ្នះអង្គការរដ្ឋអ៊ីស្លាមទេ។ នៅយប់ម្សិលមិញ គាត់បានធ្វើអត្ថាធិប្បាយនៅក្នុងបណ្តាញសង្គម Tweeter ថា ប្រតិបត្តិការវាយប្រហារដើម្បីបណ្តេញពួកភេរវជនចេញពីទីក្រុងយុទ្ធសាស្រ្តមូស៊ូលបានទទួលបរាជ័យហើយ។
មិនទាន់អីផង គាត់បានប្រកាសពីបរាជ័យរួចជាស្រេច មុននឹងប្រតិបត្តិការបានចាប់ផ្តើមទៅទៀត។
តាមរយៈសម្តីនេះ គាត់កំពុងបង្ហាញប្រាប់ពិភពលោកខ្លួនឯងពីមេបញ្ជាការម្នាក់ដែលគ្មានសមត្ថភាព។
ទង្វើរបៀបនេះមិនមែនត្រឹមជាកំហុសឆ្គងមួយទេ............តែវាជារឿងគ្រោះថ្នាក់ខ្លាំងណាស់។ ដូច្នេះ យើងត្រូវតែបរិហារគាត់ក្នុងថ្ងៃទី៨ វិច្ឆិកានៅទូទាំងសហរដ្ឋអាមេរិក »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ