អ៊ីរ៉ាក់៖ទ័ពរដ្ឋាភិបាលកំពុងរុលទៅមុខឆ្ពោះទៅដណ្តើមទីក្រុងមូស៊ូលពីកណ្តាប់ដៃអង្គការរដ្ឋអ៊ីស្លាម
នៅក្នុងប្រទេសអ៊ីរ៉ាក់ ១សប្តាហ៍ក្រោយការផ្តើមប្រតិបត្តិការវាយប្រហាររំដោះទីក្រុងមូស៊ូលពីកណ្តាប់ដៃអង្គការរដ្ឋអ៊ីស្លាម ទ័ពថ្មើរជើងអ៊ីរ៉ាក់ដែលមានការគាំទ្រផ្លូវអាកាសពីកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកកំពុងធ្វើដំណើររុលទៅមុខឆ្ពោះទៅកាន់ទីក្រុងមូស៊ូលនាថ្ងៃអាទិត្យ ទី២៣ តុលា។ ស្ថានការណ៍វិវត្តន៍នៅមូស៊ូលកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអាមេរិកតាមរយៈដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការពារអាស្តុន កាទ័រ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៩
បន្ទាប់ពីបានបំពេញទស្សនកិច្ចក្នុងទីក្រុងបាកដាដ និងជួបសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ហៃដឺ អាបាឌី ព្រមទាំងមេបញ្ជាការអាមេរិកាំងក្នុងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិឧត្តមសេនីយ Stephen Townsend មក លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកអាស្តុន កាទ័របានធ្វើដំណើរទៅកាន់តំបន់ស្វ័យយ័តគួដឌីស្ថានអ៊ីរ៉ាក់នៅថ្ងៃអាទិត្យ ទី២៣ តុលា។ នៅក្នុងជំនួបជាមួយមេដឹកនាំគួដឌីស្ថានអ៊ីរ៉ាក់លោក Massoud Barzani លោកកាទ័របានសាទរលើកិច្ចសហប្រតិបត្តិការពេញទំហឹងរវាងទ័ពអ៊ីរ៉ាក់ និងកម្លាំងប្រដាប់អាវុធគួដឌីស្ថាននៅក្នុងយុទ្ធនាការសំដៅរំដោះទីក្រុងមូស៊ូលពីកណ្តាប់ដៃអង្គការរដ្ឋអ៊ីស្លាម។
វត្តមានរបស់ប្រមុខការពារជាតិអាមេរិកក្នុងទឹកដីស្វ័យយ័តគួដឌីស្ថាននៅអ៊ីរ៉ាក់ពេលនេះបានធ្វើឡើង បន្ទាប់ពីពួកនេះបានប្រកាសឲ្យដឹងពីការដណ្តើមបានស្រុកមួយស្ថិតចម្ងាយប្រមាណជា ២០គីឡូម៉ែត្រប៉ែកខាងកើតទីក្រុងមូស៊ូលពីពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។ តាមផែនការដែលបានគ្រោងទុក កម្លាំងប្រដាប់អាវុធគួដឌីស្ថានអ៊ីរ៉ាក់ត្រូវបានគេអនុញ្ញាតឲ្យឈប់ត្រឹមខ្សែបន្ទាត់មានចម្ងាយ ២០គីឡូម៉ែត្រពីទីក្រុងមូស៊ូលដោយទុកឲ្យកម្លាំងទ័ពអ៊ីរ៉ាក់បន្តបេសកម្មបញ្ចប់។ លោកអាស្តុន កាទ័របានបញ្ជាក់ថា កម្លាំងប្រដាប់អាវុធគួដឌីស្ថានអ៊ីរ៉ាក់សម្រេចបានគោលដៅរបស់ខ្លួនដូចបានគ្រោងទុក។
សូមជម្រាបជូនថា គឺនៅថ្ងៃទី១៧ តុលាដែលទ័ពអ៊ីរ៉ាក់ប្រមាណជា ១០ ០០០នាក់ដោយមានការគាំទ្រផ្លូវអាកាសពីកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិបានផ្តើមការវាយប្រហាររំដោះទីក្រុងមូស៊ូលពីកណ្តាប់ដៃអង្គការរដ្ឋអ៊ីស្លាម។ មេបញ្ជាការអាមេរិកាំងក្នុងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិឧត្តមសេនីយ Stephen Townsend បានបញ្ជាក់ថា អ្វីៗមានដំណើរការទៅមុខដូចដែលបានព្រាងទុក និងថា យុទ្ធនាការអាចនឹងជួបការលំបាក និងអាចប្រើពេលយូរដល់ទៅច្រើនសប្តាហ៍ ឬច្រើនខែផង ពិសេសនៅពេលដែលប្រតិបត្តិការកាន់តែរំកិលជិតដល់ទីក្រុងមូស៊ូល។
ទន្ទឹមគ្នានេះ រូបមេមេបញ្ជាការអាមេរិកាំងដដែលក៏បានទទួលស្គាល់ពីប្រសិទ្ធិភាព និងការតស៊ូស្វិតស្វាញរបស់ពួកជីហាត ទោះបីជាពួកនេះមានគ្នាតែពី ៣ ០០០ ទៅ ៥ ០០០នាក់ក៏ដោយ ពិសេសការប្រើអន្ទាក់វាយឆ្ទក់យ៉ាងសាមញ្ញរបស់ពួកនេះ ដូចយ៉ាងការបង្កៃចោលគ្រាប់ផ្ទុះនៅតាមរថយន្ត និងការប្រើគ្រាប់មីស៊ីលប្រឆាំងរថក្រោះជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ