អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាល្លឺម៉ង់៖​៣ថ្ងៃ ក្រោយ​ភេរវកម្ម រដ្ឋាភិបាល​ជាប់ចោទ​ពី​បទ​ធ្វេសប្រហែស​ផ្នែក​សន្តិសុខ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ៣ថ្ងៃ​ក្រោយ​ភេរវកម្ម​ប្រើ​ឡានកាមីញ៉ុង​កិន​សម្លាប់​មនុស្ស ១២នាក់ និង​របួស ៤៨នាក់​ក្នុង​ទីក្រុង​ប៊ែរឡាំង​មក យុទ្ធនាការ​តាម​រក​ចាប់​ជនសង្ស័យ​អានីស អាមរី (Anis Amri) ដែល​ជា​ជនជាតិ​ទុយណេស៊ី​កំពុង​បន្ត​មាន​នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់ និង​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​លំហ​​ស្ហិនហ្គេន។ តែ​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា ម៊ែរកិល​បាន និង​កំពុង​ទទួល​រង​ការ​រិះគន់ ទិតៀន​កាន់​តែ​ខ្លាំង​ពី​បទ​ធ្វេសប្រហែស​ផ្នែក​សន្តិសុខ និង​នយោបាយ​សណ្តោសប្រណី​ជ្រុល​ចំពោះ​ជនភៀសខ្លួន។

ជនសង្ស័យ​ឈ្មោះ អានីស អាមរី​ដែល​ប៉ូលិស​អាល្លឺម៉ង់​កំពុង​តាម​ចាប់​ក្នុង​រឿង​ភេរវកម្ម​បើក​ឡាន​កិន​មនុស្ស​នៅ​ទីផ្សារ​ណូអែល​ក្នុង​ក្រុង​ប៊ែរឡាំង
ជនសង្ស័យ​ឈ្មោះ អានីស អាមរី​ដែល​ប៉ូលិស​អាល្លឺម៉ង់​កំពុង​តាម​ចាប់​ក្នុង​រឿង​ភេរវកម្ម​បើក​ឡាន​កិន​មនុស្ស​នៅ​ទីផ្សារ​ណូអែល​ក្នុង​ក្រុង​ប៊ែរឡាំង BKA/AFP
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ពុធ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី២២ ធ្នូ ប្រតិបត្តិការ​តាម​រក​ចាប់​ជន អានីស អាមរី​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម​ទាំង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ក៏​ដូច​ជា​នៅ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​លំហ​​ស្ហិនហ្គេន។ សូម​ជម្រាប​ជូន​ថា គឺ​នៅ​វេលា​ម៉ោង​ជាង ៦ល្ងាច​ថ្ងៃ​ពុធ ទី២១ ធ្នូ ម៉ោង​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដែល​ប៉ូលិសព្រហ្មទ័ណ្ឌ​អាល្លឺម៉ង់​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​សេចក្តី​ប្រកាស​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​មាន​ឈ្មោះ​អានីស អាមរី​ដែល​កើត​ក្នុង​ប្រទេស​ទុយណេស៊ី មាន​អាយុ ២៤ឆ្នាំ មាន​កម្ពស់ ១៧៨សង់ទីម៉ែត្រ មាន​ទម្ងន់​ប្រមាណ​ជា ៧៨គីឡូក្រាម មាន​ភ្នែកពណ៌​ត្នោត និង​មាន​សក់​ពណ៌​ខ្មៅ។

សេចក្តីប្រកាស​បាន​ភ្ជាប់​ជាមួយ​នូវ​រូបថត​របស់​អានីស អាមរី​ដោយ​សរសេរ​នៅ​ពី​ក្រោម​ថា « សូម​ប្រយ័ត្ន មនុស្ស​នេះ​អាច​បង្ក​គ្រោះថ្នាក់ និង​មាន​អាវុធ »។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​អាល្លឺម៉ង់​ក៏​បាន​ប្រគល់​រង្វាន់​ជា​លុយ​ចំនួន ១០០ ០០០អឺរ៉ូ​ដល់​អ្នក​ណា​ដែល​អាច​ផ្តល់​ព័ត៌មាន​ឈាន​ដល់​ការ​ក្របួច ក ជន​អានីស អាមរី។ គួរ​បញ្ជាក់​ជូន​ថា ការ​ស្វែង​រក​ចាប់​អានី អាមរី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប៉ូលិស​អាល្លឺម៉ង់​បាន​រកឃើញ​អត្តសញ្ញាណប័ណ្ណ​របស់​ជន​នេះ​នៅ​ក្រោម​កៅអី​របស់​អ្នកបើកបរ​ឡាន កាំមីញ៉ុង​ដែល​កិន សម្លាប់​មនុស្ស​នៅ​ផ្សារ​ណូអែល​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី១៩ ធ្នូ។

យោង​តាម​រដ្ឋអំណាច​អាល្លឺម៉ង់ អានីស អាមរី​បាន​ដាក់​ជើង​ជាន់​ទឹកដី​អាល្លឺម៉ង់​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៥ និង​បាន​ដាក់​ពាក្យ​សុំសិទ្ធិជ្រកកោណ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៦ តែ​ត្រូវ​បាន​តុលាការ​បដិសេធ​ក្នុង​ខែ​មិថុនា​កន្លង​ទៅ។ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ អានីស អាមរី​បាន​ស្នាក់​នៅ​ដំបូង​ក្នុង​ខេត្ត​ភាគ​ខាងជើង​ប្រទេស បន្ទាប់​មក​ក្នុង​ទីក្រុង​ប៊ែរឡាំង តែ​ស្នាក់នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ច្រើន​ជាង​គេ។

ព័ត៌មាន​លំអិត​ទាក់ទង​នឹង​អានីស អាមរី

នៅ​ក្នុង​រយៈពេល​ស្នាក់នៅ​លើ​ទឹកដី​អាល្លឺម៉ង់ ជន​អានីស អាមរី​បាន​ប្រើ​អត្តសញ្ញាណ​ខុសៗ​គ្នា​យ៉ាង​តិច ៦លើក​នា​រយៈពេល​ជាង ១៧ខែ​ចុងក្រោយ​នេះ។ ប្រភព​ខ្លះ​ថា​អានីស អាមរី​បាន​ប្រើ​ឈ្មោះ Ahmad Zaghloul ខ្លះ​ទៀត​ថា ឈ្មោះ Mohamed Hassa។ ខ្លះ​ថា ជា​ជនជាតិ​អេហ្ស៊ីប ខ្លះ​ទៀត​ថា ជា​ជនជាតិ​លីបង់។ ជា​ទូទៅ ពត៌មាន​ទាក់ទង​នឹង​ជន​អានីស អាមរី​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​អាល្លឺម៉ង់​ចុះ​ផ្សាយ​ច្រើន។ សារពត៌មាន​ភាគច្រើន​បាន​បញ្ជាក់​ថា តាំង​ពី​ខែ​មីនា​មក ជន​អានីស អាមរី​បាន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​ប្រមាណ​ជា ៥៥០នាក់​ដែល​រដ្ឋអំណាច​អាល្លឺម៉ង់​ចាត់​ទុក​ជា​ជន​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង។ កាសែត​ប្រចាំថ្ងៃ​អាល្លឺម៉ង់​មួយ​បាន​អះអាង​ថា ប៉ូលិស​ក៏​បាន​ដឹង​ពី​ចេតនា​ចង់​បង្ក​ភេរវកម្ម​របស់​អានីស អាមរី​ដែរ​នា​ពេល​កន្លង​មក។

រដ្ឋអំណាច​អាល្លឺម៉ង់​ដឹង​ច្បាស់​ថា ជន​អានីស អាមរី​ប្រហែល​ជា​មាន​ទំនាក់ទំនង​ជាមួយ​ជន Ahmad Abdelaziz អ្នក​កាន់សាសនា​អ៊ីស្លាម​និយមជ្រុល​រស់ក្នុង​ទឹកដី​អាល្លឺម៉ង់ និង​ដែល​សកម្មខ្លាំង​នៅ​លើ​បណ្តាញ​សង្គម Facebook។ គឺ​ជន Ahmad Abdelaziz រូប​នេះ​ហើយ​ដែល​ប៉ូលិស​បាន​ចាប់​ខ្លួន​នា​ដើម​ខែ​វិច្ឆិកា​ពី​បទ​បាន​ឃោសនា​ជ្រើសរើស​យុទ្ធជន​ជីហាត​ឲ្យ​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ ប្រភព​ពត៌មាន​ខ្លះ​បាន​ឲ្យ​ដឹង​ថា មាន​មនុស្សជំនិត​របស់ ជន Ahmad Abdelaziz យ៉ាង​តិច ២នាក់​បាន​ជួយ​ធ្វើ​ក្រដាសស្នាម​ស្នាក់នៅ​ក្លែងក្លាយ​ឲ្យ​ជន​អានីស អាមរី។

ក្រៅ​ពី​មាន​ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់ ជន​អានីស អាមរី​ក៏​ធ្លាប់​មាន​ឈ្មោះ​អាក្រក់​នៅ​ក្នុង​ប្រទេស​ផ្សេង​ដែរ។ ជាក់ស្តែង ជន​អានីស អាមរី​ធ្លាប់​ជាប់គុក ៤ឆ្នាំ​ក្នុង​ប្រទេស​អ៊ីតាលី​ពី​បទ​ដុត​សាលារៀន មុន​នឹង​ដាក់​ជើង​ជាន់​ទឹកដី​អាល្លឺម៉ង់ នេះ​បើ​តាម​សារព័ត៌មាន​អ៊ីតាលី។ អានីស អាមរី​ធ្លាប់​ដេក​ក្នុង​គុក​នៅ​ទុយណេស៊ី​ពី​បទ​ប្លន់។ កាសែត​អាមេរិក New York Times បាន​ឲ្យ​ដឹង​ថា អានីស អាមរី​ត្រូវ​បាន​រដ្ឋអំណាច​អាមេរិក​ដឹង​ថា ធ្លាប់​ទាក់ទង​យ៉ាង​តិច ១ដង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម និង​ធ្លាប់​បាន​ស្វែង​រក​លើ​គេហទំព័រ​ពី​របៀប​ធ្វើ​ជាតិផ្ទុះ។

ប្រព័ន្ធ​សន្តិសុខ​អាល្លឺម៉ង់​មាន​ភាព​ចន្លោះប្រហោង និង​ធ្វេសប្រហែស !

រដ្ឋាភិបាល​អាល្លឺម៉ង់​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​កំពុង​ទើសទាល់​ចិត្ត និង​កំពុង​ទទួល​រងការ​រិះគន់ ទិតៀន​យ៉ាង​ខ្លាំង។ ទើសទាល់ចិត្ត​ខ្លាំង​ក៏​ដោយ​សារ​ថា ទី១ ប៉ូលិស​នៅ​មិន​ទាន់​អាច​ក្របួច ក ជន​អានីស អាមរី​បាន​នៅ​ឡើយ ហើយ​ដែល​ជន​នេះ​អាច​នឹង​បង្ក​ភេរវកម្ម​ថ្មី​ទៀត និង​ទី២ ប៉ូលិស​ដឹង​ថា អានីស អាមរី​ជា​ជន​គ្រោះថ្នាក់​ខ្លាំង ចុះ​ហេតុអ្វី​បាន​ជា​ទុក​បណ្តោយ​ឲ្យ​មាន​សេរីភាព​រស់នៅ​ស្រួល​រហូត​បង្ក​ភេរវកម្ម​ដោយ​ជោគជ័យ​នៅ​ពេល​នេះ។

តើ​នេះ​ជា​ការ​ធ្វេសប្រហែស ឬ​មួយ​ជា​ការ​មើលស្រាល​របស់​រដ្ឋអំណាច?។ យ៉ាង​ណា​ក៏​ដោយ ភេរវកម្ម​ថ្មី​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ចន្លោះ​ប្រហោង​នៅ​ក្នុង​ប្រព័ន្ធ​សន្តិសុខ​អាល្លឺម៉ង់។ គ្រប់​គ្នា រួម​ទាំង​ពលរដ្ឋ​អាល្លឺម៉ង់​ផង​បាន​ចោទ​សួរ​ថា បើ​ប៉ូលិស​ដឹង​អានីស អាមរី​ជា​ជន​គ្រោះថ្នាក់ និង​មាន​បំណង​បង្ក​ភេរវកម្ម ចុះ​ហេតុ​អ្វី​មិន​ឃុំ​ជន​នោះ តែ​បែរ​ជា​ទុក​បណ្តោយ​ឲ្យ​រស់នៅ​មាន​សេរីភាព​ពេញលេញ​យ៉ាង​នេះ?។

មាន​ការ​លើក​ឡើង​ទៀត​ថា នៅ​ក្រោយ​បដិសេធ​មិន​ឲ្យ​សិទ្ធិជ្រកកោណ ម្តេច​ក៏​មិន​ចាប់​បញ្ជូន​ចេញ​ពី​ប្រទេស​ភ្លាមៗ​ទៅ។ ក្រៅ​ពី​បញ្ហា​សន្តិសុខ ការ​រិះគន់ ទិតៀន​ក៏​មាន​លើ​លោកស្រី​អង់ហ្កឺឡា មែរកិល​ទាក់ទង​នឹង​នយោបាយ​អន្តោប្រវេសន៍​សណ្តោសប្រណី និង​ចិត្តមេត្តាករុណា​ដែល​លោកស្រី​បាន​បើក​ទ្វារ​ទទួល​ជនភៀសខ្លួន​ដោយ​មិនរើសមុខ​កាល​ពី​ឆ្នាំ ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ