អានតួអត្ថបទ

តួកគីបើក​​សវនការ​ដំបូង​ប្រឆាំង​នឹង​ក្រុម​អ្នក​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច

៥​ខែ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​អែរដូហ្កាន មិន​សម្រេច ដល់​វេលា​ដែល​ត្រូវ​អារកាត់​ទោស តាម​ផ្លូវ​តុលាការ។ ​​​សវនការ​ជាច្រើន បាន​ចាប់​បើក​ ជាបន្ត​បន្ទាប់ នៅ​តាម​ខេត្តក្រុង​ជា​ច្រើន​របស់​តួកគី។ ​នៅ​ថ្ងៃអង្គារ​នេះ តុលាការក្រុង​អ៊ីស្តង់ប៊ូល ក៏​បាន​បើក​សវនការ​ដំបូង​របស់​ខ្លួន​ដែរ ដោយ​សំដៅ​កាត់​ទោស​ប៉ូលិស​ជិត​៣០​នាក់ ចំពោះ​សកម្មភាព​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ កាលពី​ថ្ងៃ​ទី ១៥ កក្កដា ២០១៦។

តួកគី​បើក​សវនាការ​ដំបូង​កាត់ទោស​ជន​ដែល​បាន​ចូល​រួម​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​អ៊ែរដូហ្កាន ប្រធានាធិបតី​តួកគី
តួកគី​បើក​សវនាការ​ដំបូង​កាត់ទោស​ជន​ដែល​បាន​ចូល​រួម​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​អ៊ែរដូហ្កាន ប្រធានាធិបតី​តួកគី AFP/Kayhan Ozer
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ចំណោម​ជនជាប់​ចោទ​២៩​នាក់ ជាប៉ូលិស​ ដែល​តុលាការ​តួកគី​បើក​សវនការ​នៅ​ថ្ងៃ​នេះ មាន​២១​នាក់ អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ ប៉ុនប៉ង​ផ្តួល​រំលំ​សណ្តាប់​ធ្នាប់​ធម្មនុញ្ញ ផ្តួល​រំលំ​រដ្ឋាភិបាល ឬ​រំខាន​រដ្ឋាភិបាល​មិន​ឱ្យ​បំពេញ​ការងារ។ ៨​នាក់​ផ្សេង​ទៀត អាច​នឹង​ត្រូវ​ជាប់​ទោស​រហូត​ទៅ​១៥​ឆ្នាំ ក្នុង​ពន្ធនាគារ ពីបទ​ជាប់​ពាក់​ព័ន្ធ​នឹង​អង្គការ​ភេរវនិយម​ប្រដាប់​អាវុធ។

ក្រៅ​ពី​នោះ​ នៅ​មាន​ អ្នក​បើក​ឧទ្ធម្ភាគចក្រ​បី​នាក់ នៃ​ស្នងការ​ប៉ូលិស ក៏​នឹង​អាច​ត្រូវ​ជាប់​ចោទ ពី​បទ​បាន​បដិសេធ​មិន​​ទទួល​ដឹក​ក្រុមកម្លាំង​ពិសេស​ទៅ​ការពារ​វិមាន​ប្រធានាធិបតីប៉ូលិស​ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​ជាប់​ចោទ​ពី​បទ​មិន​គោរព​បញ្ជា​ថ្នាក់​លើ​ ក្នុង​ការ​បង្ក្រាប​ពួក​ចង់​ធ្វើ​រដ្ឋ​ប្រហារ និង​ពីបទ​បាន​ញុះញង់​បំបាក់​ទឹក​ចិត្ត​ចលនាប្រជាជន តាម​ប្រព័ន្ធ​សង្គម​ ​មិន​ឱ្យ​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ។

ប៉ូលិស​២៤​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​សង្ស័យ​នៅ​ឡើយ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន​ហើយ។ ក្នុង​នោះ​មាន​ម្នាក់ បាន​រត់​គេច​ខ្លូន ឯ​អ្នក​ផ្សេង​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​ទាំង​អស់។ នេះ​បើ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​តួកគី។

សូម​បញ្ជាក់​ថា រដ្ឋប្រហារ​មិន​សម្រេច​ នៅ​តួកគី កាលពី​ថ្ងៃទី ១៥ កក្កដា ២០១៦ បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​២៧០​នាក់ និង​ជាង​ពីរពាន់​នាក់​របួស។ រដ្ឋាភិបាល​​របស់​លោក​​ប្រធានាធិបតី​ អ៊ែរដូហ្កាន​ ដែល​អាច​ឈរ​ជើង​ជាប់ បាន​ចោទ​ប្រកាន់ប្រមុខ​ជ្រុលនិយម​អ៊ីស្លាម​ ​ Fethullah Gulen នៅ​សហរដ្ឋ​អាមេរិក​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​នោះ និង​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​គ្រប់​ស្ថាប័ន​ ប៉ូលិស យោធា ស៊ីវិល និង​រហូត​ដល់​ពិភព​អ្នក​ជំនួញ​ទៀត ប្រមាណ​៤១០០០​នាក់។ ការ​ចាប់​ខ្លួន​នៅ​បន្ត​ធ្វើ​ទៀត​ មក​ទល់​នឹង​ពេល​នេះ។ ​

សវនាការជា​ច្រើន​ផ្សេង ក្នុង​ក្របខ័ណ្ឌ​អង្កេត​រដ្ឋប្រហារ​មិន​សម្រេច​ ​ត្រូវ​បើក  ​បន្ទាប់​ពី​សវនការថ្ងៃ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ