អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកFathullah Gülen អំពាវនាវ​ឲ្យមាន​ការ​ស៊ើបអង្កេត​អន្តរជាតិ ជុំវិញ​រដ្ឋប្រហារ​មិនបាន​សម្រេច​នៅ​តួកគី

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ ហ្វាទូឡា ហ្គូលេន ​(Fathullah Gülen) ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​តួកគី​ ចោទ​ថា​ជា​មេ​ដើម​គំនិត​បង្ករ​ដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​នោះ ​នៅ​តែ​បដិសេធ​ ថា​ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទេ ​ហើយ​បាន​អំពាវនាវ ​នៅ​ថ្ងៃ​ទី​១៣ ​សីហា​នេះថា​ សូម​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ ​ជា​លក្ខណៈ​អន្តរជាតិ​ និង​ដោយ​ឯករាជ្យ​ ដើម្បី​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ​ពិត​ប្រាកដ​ជុំវិញ​ការ​ធ្វើ​រដ្ឋ​ប្រហារ។ បច្ចុប្បន្ន ​លោក​ហ្វាទូឡា ហ្គូលេន ​កំពុង​ស្នាក់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ ​រដ្ឋាភិបាល​តួកគី ​កំពុង​តែ​ទទូច​ទាមទារ​ឲ្យ​អាមេរិក​ ប្រគល់​ខ្លួន​លោក​ហ្គូលេន ​មកឲ្យ​តួកគី ​ ដើម្បី​ទទួល​ការ​កាត់ទោស។

លោក Fathullah Gülen បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​រដ្ឋ​ Pennsylvania
លោក Fathullah Gülen បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​រដ្ឋ​ Pennsylvania REUTERS
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​ជិត​មួយខែ ​ហើយ​ដែល​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​ នៅ​តួកគី​បាន​កើតឡើង​។ ជិតមួយខែ​មក​នេះ ​ មនុស្ស​តែ​ម្នាក់​គត់​ ដែល​បាន​រង​សំពាធ​ខ្លាំង​ជាង​គេ​ ដោយ​ត្រូវ​រដ្ឋាភិបាល​លោក​ អ៊ែរដូហ្កាន់ ​ចោទ​ថា​ជា​មេ​គំនិត​ធ្វើ​រដ្ឋប្រហារ​នោះ ​ ​គឺលោក​ ហ្វាទូឡា ហ្គូលេន​ ដែល​ជា​មគុទេសន៍​សាសនា​អ៊ីស្លាម ​និង​នយោបាយដ៏​ល្បី​បំផុត​របស់​តួកគី។

 
ប៉ុន្តែ​សម្រាប់​លោក​ Fathullah Gülen ​គឺគាត់​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់ ​ហើយ​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​លោក​អ៊ែដូហ្កាន់ ​ថា​បាន​រៀបចំ​ឆាកល្ខោន ​ដើម្បី​ចាប់​ខ្លួន​លោក ​ និង​បោស​សម្អាត​ចលនា​នយោបាយ ​និង​បញ្ញាវន្ត​ប្រឆាំង​តែ​ប៉ុណ្ណោះ។

Fathullah Gülenទាមទារ​ឲ្យ​បង្កើត​ក្រុមស៊ើប​អង្កេត​អន្តរជាតិ​ និងឯករាជ្យ៖
កាល​ពីថ្ងៃទី​ ១២​ សីហា​ លោក​ Fathullah Gülenបាន​ធ្វើ​លិខិត​ចំហរ​មួយ ​ ផ្ញើរមក​កាន់​សារ​ព័ត៌មាន​ដ៏ល្បី​របស់​បារាំង​ ឈ្មោះ ​Le Monde ដែល​ក្នុង​លិខិត​នេះ ​គាត់​បាន​ធ្វើ​ការ​បញ្ជាក់ ​ពី​ភាព​ស្អាតស្អំ​របស់​គាត់ ​ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ​យោធា​មិនបាន​សម្រេច ​ នៅ​តួកគី​កាល​ពី​ថ្ងៃ​ទី​១៥​ កក្កដា ​ ហើយ​លោក​បាន​អំពាវនាវ ​ឲ្យ​បង្កើត​គណកម្មការ​ពិសេស​មួយ ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ រក​អ្នក​ទទួល​ខុសត្រូវ​ពិត​ប្រាកដ​ នៃ​ការ​ធ្វើ​រដ្ឋប្រហារ។

គណកម្មាធិការ​ពិសេស​នេះ ​គឺ​លោក​បាន​ទាមទារ​ឲ្យ​វា​ជា​ការ​ចូលរួម ​ដោយ​សហគម​អន្តរជាតិ​ ដើម្បី​ធានា​ដល់​ឯករាជ្យភាព ​ក្នុង​ការ​ស៊ើបអង្កេត។ សម្រាប់​លោក​ Fathullah Gülen ​ការ​ចោទ​ប្រកាន់​ ​រឺ​ក៏​សេចក្តី​សម្រេច​នានា​របស់​តុលាការ​តួកគី ​ ​គឺ​គេ​មិនអាច​ទទួល​យក​បាន​ទេ ​ដោយសារ​តែ​តុលាការ​តួកគី​ គ្រាន់តែ​ជា​អាយ៉ង​នយោបាយ ​របស់​រដ្ឋាភិបាល​លោក​អ៊ែរដូហ្កាន់​តែ​ប៉ុណ្ណោះ។

ជា​ចុងក្រោយ​ ក្នុង​លិខិត​នោះ ​លោក ​Fathullah Gülen ​បាន​សរសេរថា​​ បើ​សិន​ជា​គណកម្មាធិការ​ស៊ើបអង្កេត​អន្តរជាតិ ​និង​ឯករាជ្យ​នេះ ​ស្រាវជ្រាវ​ឃើញ​ពី​ភស្តុតាង​នានា ​ដែល​បញ្ជាក់​ថា​លោក ​ពិត​ជា​អ្នក​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មែន​ នោះ​លោក​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​តួកគី ​ហើយ​ប្រគល់​ខ្លួន​ចូល​ទៅ​ចំពោះមុខ​តុលាការ ​ដើម្បី​ទទួល​ទោស​តាម​ច្បាប់។

រដ្ឋាភិបាល​អាមេរិក ​កំពុង​ទ័លច្រក៖
ការសម្រេចចិត្ត​ថាត្រូវ​ប្រគល់​ខ្លួន​លោកFathullah Gülen ​ទៅឲ្យ​តួកគី ​រឺ​ក៏អត់ ​គឺ​ជា​រឿង​មួយ​ដែល​កំពុងតែ​ធ្វើឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ឈឺក្បាល​ខ្លាំង​សម្បើម​ណាស់។ វា​ប្រៀបបាន​ដូច​ជា​ជញ្ជីង​ដែល​ត្រូវ​ថ្លឹងថ្លែង ​រវាង​ការ​ការពារ​តម្លៃ​យុត្តិធម៌​និង​ប្រជាធិបតេយ្យ ​ជាមួយ​នឹង​ការ​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច ​និងយុទ្ធសាស្ត្រ​នយោបាយ ​ដែល​អាមេរិក​មាន​ជា​មួយ​នឹង​តួកគី។ វាជា​ជម្រើស ​ដែល​មិនងាយ​ស្រួល ​ក្នុងការ​សម្រេចចិត្ត​ទេ។

កាលពី ​៣ថ្ងៃ​មុន​នេះ ​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​តួកគី ​បាន​គំរាម​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​ថា​ បើសិន​ជា​អាមេរិក​ មិនព្រម​ប្រគល់​ខ្លួន ​មេក្លោង​ភេរវកម្ម​ទេ ​គឺ​អាមេរិក​ត្រូវ​ត្រៀមខ្លួន​ខាត​បង់​ទៅ​ ជាមួយ​នឹង​ទំនាក់​ទំនង​ទ្វេរ​ភាគី​ក្នុង​គ្រប់​វិស័យ​ជាមួយ​នឹង​តួកគី។ មេ​ក្លោង​ភេរវកម្ម​នេះ ​ ​គឺគេ​ចង់​សំដៅ ​ទៅ​លើ​លោក ​Fathullah Gülen ​នេះឯង។ លោក​ប្រធានាធិបតី​ អ៊ែរដូហ្កាន់ ​ធ្លាប់​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ ថា​ជា​អ្នក​ចិញ្ចឹម​ទំនុក​បំរុង​ និង​ការពារ​លោក ​Fathullah Gülen ​ទៀតផង។ មិនត្រឹមតែ​ប៉ុណ្ណោះ ​មន្ត្រី​រដ្ឋាភិបាល​តួកគី ​បាន​អះអាង​ទៀត​ថា ​ប្រជាជន​តួកគី​ កំពុង​ស្អប់ខ្ពើម​សហរដ្ឋ​អាមេរិក​ ព្រោះ​អាមេរិក​នៅ​តែ​បន្ត​លាក់​ជន​ល្មើស។

យ៉ាងណា​ក៏ដោយ ​សម្រាប់​លោក ​Reid Weingarten ​មេធាវី​ការពារ​លោក ​Fathullah Gülen ​បាន​បញ្ជាក់​ថា ​រហូត​មកត្រឹម​ពេល​នេះ ​គឺ​វា​គ្មាន​ភស្តុតាង​ជាក់ស្តែង​ ​អ្វីទាំងអស់ ​ដែល​បញ្ជាក់ពី​ការ​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ ​រឺ​ដោយ​ប្រយោល​របស់​កូន​ក្តី​លោក ​ ទៅនឹង​ការ​រៀបចំ​ធ្វើ​រដ្ឋប្រហារ។ ឯកសារ​នានា ​ដែល​រដ្ឋាភិបាល​តួកគី​បង្ហាញ ​គឺ​វា​ជា​ការ​រៀបចំ​តម្លើង​សុទ្ធសាធ ​ដែល​មិន​អាច​ឲ្យ​គេ​ជឿ​ទុកចិត្ត​បានទេ។

កន្លងមក ​លោក​ចន ឃែរី ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា​ ចង់​ឲ្យ​អាមេរិក​ប្រគល់​ខ្លួន​ លោក ​Fathullah Gülen ​ តួកគី ​ត្រូវ​ប្រគល់​ភស្តុតាង​ជាក់លាក់​ ជាមុន​សិន។ ហើយ​តាម​ការ​ផ្តល់​ដំណឹង​ចុងក្រោយ​នេះ ​ តួកគី ​បានបញ្ជូន​សំណុំ​ឯកសារ​ចំនួន​៨៥​កញ្ចប់ ​ ដែល​បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​ Fathullah Gülen ​ទៅនឹង​អំពើ​ឧក្រិដ្ឋ​រដ្ឋ​ប្រហារ។ មន្ត្រីម្នាក់​របស់​ក្រសួង​ការបរទេស​អាមេរិក ​បាន​បញ្ជាក់​ថា ​ក្រសួង​យុត្តិធម៌​អាមេរិក ​ កំពុងតែ​ពិនិត្យ​មើល​ឯកសារ​ទាំងអស់​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត។ តាម​ប្រភព​ដដែល​ បញ្ជាក់ថា ​សហរដ្ឋ​អាមេរិក ​កំពុងតែ​ប្រឈមមុខ​នឹង​កាលៈទេសៈ​មួយ​លំបាក ​នឹងតឹង​ទ្រូងខ្លាំង​ណាស់។ តាម​ពាក្យ​ចចាម​អារ៉ាម​ ពី​ខាង​មន្ត្រី​ទូត​តួកគី​ថា ​លោក​ចន ឃែរី ​នឹង​ទៅ​តួកគី​នៅ​ចុង​ខែ​សីហានេះ​ តែ​យ៉ាងណា ​ខាង​ក្រសួង​ការបរទេស​អាមេរិក​ មិន​បាន​បញ្ជាក់​អ្វី​ទេ។

ទន្ទឹម​ពេល​នេះ ​ការ​តាម​ប្រម៉ាញ់​ក្រុម​ប្រឆាំង ​កំពុង​បន្ត​យ៉ាង​សកម្ម​នៅ​តួកគី៖
ចលនា​បោស​សម្អាត​ ក្រុម​ប្រឆាំង​គឺ​នៅ​តែបន្ត។ ដូច​យើង​ដឹង​ហើយ ​ថា​មន្ត្រី​ធំៗ ​ជា​ពិសេស​ទាហាន ​និង​ប៉ូលីស ​មន្ត្រី​រដ្ឋការ ​ក្រសួង​នានា ​ដូចជា​ក្រសួង​យុត្តិធម៌​ ក្រសួង​អប់រំ​ជាដើម ​ប្រមាណ ​ជាង​១០​ម៉ឺន​នាក់ ​ត្រូវបាន​គេ​លប់​ឈ្មោះ​ចោល​ពី​ការងារ ​ហើយ​នឹង​៤ពាន់​នាក់ ​កំពុង​ជាប់ឃុំ ​ដោយ​ពុំបាន​ឆ្លងកាត់​ការ​កាត់ទោស​ដោយ​យុត្តិធម៌​ទេ។ គ្រូ​បង្រៀន ​ប្រមាណ​ជា​២ម៉ឺន​១ពាន់​នាក់ ​ ត្រូវ​បាន​គេហាម​ឃាត់ ​លែង​ឲ្យ​បង្រៀន​សិស្ស។

វិស័យអប់រំ​គឺ​ជា​សរសេរ​ដ៏រឹងមាំ ​របស់​បណ្តាញ​ចលនា​លោក ​Fathullah Gülen ​ដែល​បាន​ចាក់​ឫស​ នៅ​បណ្តា​ប្រទេស​ជាច្រើន​ នៅ​ទូទាំង​ពិភពលោក។ គ្រាន់តែ​នៅ​សហរដ្ឋ​អាមេរិក​មួយ ​មាន​សាលា​ឯកជន​ដែល​ជា​បណ្តាញ​របស់​លោក ​Fathullah Gülen ចំនួន​ដល់ទៅ​១៣០​ឯណោះ។ ដូច្នេះហើយ ​ទើប​រដ្ឋាភិបាល​លោក ​អ៊ែរដូហ្កាន់ ​មាន​បំណង​វាយ​បំបាក់​សរសរទ្រូង​នេះ ​ព្រោះ​ការ​ផ្សព្វផ្សាយ​គំនិត​ស្មារតី​នយោបាយ​ គឺធ្វើឡើង​នៅ​តាម​សាលារៀន ​ ហើយ​វា​ក៏​ជា​ប្រភព​ប្រាក់​ចំណូល ​របស់​បណ្តាញ​លោក ​Fathullah Gülen ​ផងដែរ។

រដ្ឋាភិបាល​តួកគី ​បាន​ទាមទារ​ឲ្យ​ប្រទេស​ជាច្រើន ​បិទ​សាលារៀន​តួកគី ​ដែល​ជា​បណ្តាញ​របស់​លោក ​Fathullah Gülen ។ តែ​ភាគច្រើន ​គេ​មិន​ធ្វើតាម​ទេ ​ លើកលែង​តែ​ប្រទេស​មួយ​ចំនួន​ដូចជា​អាហ្ស៊ែកបៃហ្សង់ ​ជាដើម ​ដែល​បាន​សុខចិត្ត​ចុះចាញ់​ ធ្វើតាម​ការ​ដាក់​សំពាធ​របស់​តួកគី។ ក្រៅពី​ចំណុច​ទាំងអស់​នេះ ​ រដ្ឋាភិបាល​លោក​អ៊ែរដូហ្កាន់ ​បាន​កោះហៅ ​និង​បញ្ចប់​បេសកកម្ម ​មន្ត្រី​ការទូត​បំរើការ​តាម​ស្ថានទូត​តួកគី​ ទូទាំង​ពិភពលោក ​ចំនួន​២០៨​នាក់។ ​តែ​ក្រសួង​ការបរទេស​តួកគី ​បាន​បញ្ជាក់​ថ្មីៗ​នេះ​ថា ​ក្នុង​ចំណោម​២០៨​នាក់​នេះ ​ មាន​៣២​នាក់ ​បាន​រត់គេច​ខ្លួន ​សំងំ​លាក់ខ្លួន​នៅ​បរទេស​ មិនព្រម​ចូល​ស្រុក​ទេ។ នៅថ្ងៃ​សៅរ៍ទី​ ១៣​សីហា​នេះ​ ​តុលាការ​តួកគី​ទើប​បាន​ចេញ​ដីកា​ចាប់ខ្លួន​ កីឡាករ​បាល់ទាត់​ដ៏​ល្បី​មួយរូប​ឈ្មោះ ​Hakan Sükür ​ដែល​គេ​ចោទ​ថា​ស្និទ្ធស្នាល​និង​លោក ​Fathullah Gülen

សូម​បញ្ជាក់​ដែរ​ថា ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ​ គឺ​មាន​ការ​ផ្អើល​ឈូរឆរ​ ខ្លាំងណាស់ ​មន្ត្រី​ទូតណា ​ដែល​ដឹងខ្លួន​ ត្រូវ​គេ​កោះហៅ ​បាន​នាំក្រុម​គ្រួសារ ​រត់​ទៅ​សុំសិទ្ធិ​ជ្រកកោន​ ក្នុង​ប្រទេស​ផ្សង។ អ្នកខ្លះ​ បាន​រត់គេច​ពី​តួកគី ​ទៅកាន់​ប្រទេស​ជិតខាង​ ដូច​ជា​អ៊ីតាលី ​ក្រិក​ជាដើម។ យើងឃើញ​ថា ​សកម្មភាព​តាមប្រមាញ់​បក្សពួក​ប្រឆាំង ​គឺធ្វើ​ឡើង​គ្រប់​ច្រកល្ហក ​ ដែល​នេះគឺ​វា​បង្ក​ជា​បរិយាកាស​ភ័យខ្លាច ​ខ្លាំង​ណាស់​នៅ​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ