អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​បារាំង ព្យាករ​​ថា ២០១៧ ជា​ឆ្នាំ​យកជ័យ​លើ​ភេរវនិយម

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​បើក​ទំព័រ​ឆ្នាំ​ថ្មី ២០១៧ ដោយ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ទាហាន​បារាំង ដែល​កំពុង​បំពេញ​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។​ អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​ផ្គើន​ពិភពលោក តាម​រយៈ​អំពើ​ភេរវកម្ម​មរណៈ​ឥត​ឈប់​ឈរ។​ ប៉ុន្តែ លោក​ប្រធានាធិបតីបារាំង សង្ឃឹម​ថា ២០១៧​នេះ ជា​ឆ្នាំ​ជោគជ័យ​លើ​ពួក​ភេរវនិយម។

ប្រធានាធិបតី​បារាំង (ស) និង​រដ្ឋមន្ត្រីការពារជាតិ នៅ​មូលដ្ឋាន​ទ័ព​បារាំង​ប្រចាំ​ក្រុង​បាកដាត ប្រទេស​អ៊ីរ៉ាក់
ប្រធានាធិបតី​បារាំង (ស) និង​រដ្ឋមន្ត្រីការពារជាតិ នៅ​មូលដ្ឋាន​ទ័ព​បារាំង​ប្រចាំ​ក្រុង​បាកដាត ប្រទេស​អ៊ីរ៉ាក់ © Reuters
ផ្សាយពាណិជ្ជកម្ម

អម​ដំណើរ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ លោក​ហ្វ្រង់ស័រ ហូឡង់ ត្រូវ​ជួប​ជា​ដំបូង កង​កម្លាំង​ពិសេស​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម បន្ទាប់​មក​ទៅ​ជួប​កង​កម្លាំង​ពិសេស​អ្នក​បង្វឹក​បង្ហាត់​ទាហាន​គួដឌីស្ថាន​អ៊ីរ៉ាក់ និង​ ក៏ត្រូវ​ជួប​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​អ៊ីរ៉ាក់។

បារាំង​មាន​ទាហានប្រយុទ្ធ​ កង​អាវុធ​ធុនធ្ងន់​ប្រមាណ​ជាង​៤៥០​នាក់ កំពុងធ្វើ​ប្រតិបត្តិការ​នៅ​សមរភូមិ​​ក្រុង​ម៉ូស៊ូល​ ​​​ប្រទេស​អ៊ីរ៉ាក់ផង ​មាន​​​​កង​កម្លាំង​ទ័ព​ពិសេស ជា​គ្រូបង្វិក​​​បង្ហាត់​បំពាក់បំប៉នទាហាន​អ៊ីរ៉ាក់ផង ជា​ជំនួយ​ក្នុង​ពេល​ប្រយុទ្ធ​ផង។ លើស​ពី​នេះទៀត បារាំង​មាន​យន្តហោះ​ចម្បាំង រ៉ាហ្វាល់ ឈរ​ជើង​នៅ​អារ៉ាប់​រួម និង​ហ្ស័កដានី ដែលគិត​ជា​​កម្លាំងមាន​​ដល់​ទៅ​ជាង​១២០០​នាក់ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់ ស្ថិត​ក្រោម​បង្គាប់​និង​បញ្ជា​របស់​លោក​ប្រធានាធិបតី។

បើ​គិត​ជា​សរុប បារាំង​បាន​ផ្តល់​ការ​គាំទ្រ​យោធា​យ៉ាង​ច្រើន​ដល់​អ៊ីរ៉ាក់ លំដាប់​ទីពីរ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក បើ​គិត​ក្នុង​រង្វង់​​សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ដឹកនាំ​ដោយ​អាមេរិក។

កម្ចាត់​ភេរវជន​នៅ​អ៊ីរ៉ាក់ បង្ការ​កុំ​ឱ្យ​មាន​ភេរវកម្ម​នៅ​បារាំង

​លោក​ ហ្វ្រង់ស័រ ហូឡង់ គឺ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ដ៏​ធំ​សំខាន់​ជាងគេ​ តែ​ម្នាក់​គត់ក្នុង​សម្ព័ន្ធ​អន្តរជាតិ ដែល​បាន​អញ្ជើញ​ទៅ​អ៊ីរ៉ាក់ គិត​ចាប់​តាំង​ពី​សម្ព័ន្ធ​នេះ​បើ​ប្រតិបត្តិការយោធា​មក និងធ្លាប់​អញ្ជើញ​ទៅ​អ៊ីរ៉ាក់​ម្តង​ហើយ​​កាលពី​ខែ​កញ្ញា​២០១៤។ ពី​ព្រោះ​ លោកប្រធានាធិបតី ដែល​បាន​ប្រកាស​បើក​យុទ្ធនាការ​ប្រឆាំង​នឹងអំពើ​ភេរវនិយម​តាំង​ពី​ឆ្នាំ​២០១២​មក ចង់​បញ្ជាក់​អំពី​មុះមុត​របស់​បារាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម ហើយ​ ​ការ​សកម្មភាពយោធា​​របស់​បារាំង​​នៅ​អ៊ីរ៉ាក់ ថា​ជា​ការពារ​កុំ​ឱ្យ​មាន​​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​បារាំង។

លោក ហ្វ្រង់ស័រ ហូឡង់ ៖
ខ្ញុំ​ចង់​បង្ហាញ​ថា​ខ្ញុំ​គិត​ដល់​​ប្រតិបត្តិការ​ Chammal ប្រឆាំង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​​ប៉ុណ្ណា ! សូម​ជូនពរ​ឆ្នាំ​ថ្មី ! ​ឆ្នាំ​ដែលនាំ​​ជោគជ័យ​ទាំង​ស្រុង​លើ​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់។ កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ គឺ​ដូច​ជា​បាន​ការពារ​កុំ​ឱ្យ​ភេរវកម្ម​នៅ​ក្នុង​ទឹក​ដី​បារាំង។ ចូល​រួម​ចំណែក​ស្ថាបនា​អ៊ីរ៉ាក់ ឡើង​វិញ ក៏​ជា​លក្ខខណ្ឌ​បន្ថែម​មួយទៀតក្នុង​ទប់​ស្កាត់​មិន​ឱ្យ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម អាច​បង្ក​ភេរវកម្ម​ក្នុង​ទឹក​ដី​បារាំង​បាន”។

សម្រាប់​អ្នក​វិភាគ​នៅ​ស្រុក គេ​យល់​ថា នេះ​ជា​រឿង​ធម្មតា​ទេ ដែល​លោក​ហ្វ្រង់ស័រ ហូឡង់ ផ្តល់​តម្លៃ​ដល់​ដំណើរ​ទស្សនកិច្ច​ នៅ​អ៊ីរ៉ាក់​នោះ។ តាម​ធម្មតា ទស្សនកិច្ចបែប​នេះ ត្រូវ​មាន​ប្រយោជន៍​នយោបាយ​ខ្លាំង ប្រសិន​បើ​លោក​ហ្វ្រង់ស័រ ហូឡង់ ត្រូវ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​​អាណត្តិ​ថ្មី ប៉ុន្តែពេល​នេះ បើ​ទោះ​បី​ជា​មិន​បាន​ប្រយោជន៍​បោះឆ្នោត​ក្តី ក៏​លោក​ហូឡង់ ចង់​បង្ហាញ​អំពី​ភាព​មេ​ដឹកនាំ​ គិត​ប្រយោជន៍ជាតិ​ជាខ្ពស់​ជាង​អ្វីៗ​ទាំង​អស់ និង​ដើម្បី​បង្ហាញ​ថា​លោក​ជា​ប្រធានាធិបតី ជា​មេបា​ដឹកនាំ​ប្រទេស ការពារ​ប្រជាពលរដ្ឋ ជា​មេទ័ព​ ដឹកនាំ​​ការ​គំរាម​កំហែង​ភេរវកម្ម ដែល​​នៅ​តែ​ធ្ងន់ធ្ងរ​ខ្លាំង នា​បច្ចុប្បន្ន​នេះ។

មិនសូវ​មាន​ប្រជាប្រិយភាព នៅ​ក្នុង​ប្រទេស​មែន តែ​លោក​មាន​កត្តិយស​និង​មាន​ស្នាដៃ​ច្រើន​ ក្នុង​កិច្ចការក្រៅ​ប្រទេស ! ពលរដ្ឋ​បារាំង​ភាគ​ច្រើន សុទ្ធ​តែ​បាន​ទទួល​ស្គាល់​សមត្ថភាព​ដឹកនាំ​របស់​លោក​លើឆាក​អន្តរជាតិ និង​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​។ តាំ​ងពី​បាន​ក្លាយ​ជា​ប្រធានាធិបតី​មក លោក ហ្វ្រង់ស័រ​ហូឡង់ ​បាន​នាំ​ប្រទេស​បារាំងទៅ​ចេញ​ធ្វើ​អន្តរាគមន៍​យោធា​ មួយ​ហើយ​មួយ​ទៀត មិន​ដែល​មាន​ប្រធានាធិបតី​មុនៗ​ណា​ធ្លាប់​ធ្វើ​ឡើយ​ ដំបូង​នៅម៉ាលី បន្ទាប់​មក​នៅ​អាហ្វ្រិក​កណ្តាល រួច​អ៊ីរ៉ាក់ នៅ​ខែ​កញ្ញា​២០១៤ និង​ស៊ីរី ចាប់​ពី​ខែ​កញ្ញា ២០១៥​។

​ភេរវកម្ម​បំផ្ទុះ​រថយន្ត​ស្វាគមន៍​លោក​ហូឡង់

ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ ស្ថិត​ក្រោម​ការការពារ​សន្តិសុខ​យ៉ាង​ហ្មត់ចត់​បំផុត និង​រក្សា​កម្មវិធី​យ៉ាង​សំងាត់​រហូត​នាទីចុងក្រោយ ព្រោះ​ការ​គំរាមកំហែង​ភេរវកម្ម​ម​មាន​កំរិត​ខ្ពស់​ខ្លាំង។ កាលពី​ពី​រ​ថ្ងៃ​មុន​ តួកគី​បាន​រង​ភេរវកម្ម​ដែល​ជា​ស្នាដៃ​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកលតែ​ម្តង។ ហើយ​ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ ដែរ អ៊ីរ៉ាក់​ដែល​ទើប​រង​ភេរវកម្ម​កាលពី​ពីរ​ថ្ងៃ​មុន​ដែរ ទើប​ត្រូវ​រង​ភេរវកម្ម​ថ្មី​មួយ​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​លោក​ហ្វ្រង់ស័រ ហូឡង់ ចុះ​ជាន់​ទឹក​ដី​អ៊ីរ៉ាក់ បាន​ប៉ុន្មាន​ម៉ោង។ ជា​ភេរវកម្ម​បំផ្ទុះ​រថយន្ត​ បង្ក​ឡើង​ដោយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់៣២នាក់ និង​របួស​ជាង​៦០​នាក់។

អញ្ចឹង​ហើយ​បាន​ជា​លោកហ្វ្រង់ស័រ​ ហូឡង់ ប្រឹងអះអាង​បញ្ជាក់​ហើយ​បញ្ជាក់ទៀត អំពី​​ភាព​ចាំបាច់​ក្នុង​បន្ត​​ប្រឹង​ប្រែង ធានាសុវត្ថិភាព​ យូរ​អង្វែង ​​ក្រោយ​បរាជ័យ​​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ