អានតួអត្ថបទ
បារាំង

បារាំង៖​ប៉ារីស​រម្លឹក​ខួប​ពីរឆ្នាំ​នៃ​ភេរវកម្ម​កាល​ពី​ខែ​មករា ឆ្នាំ ២០១៥

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល និង​សាលាក្រុង​ប៉ារីស​បាន​រៀបចំ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មករា​នូវ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម​ចំ​កណ្តាល​ក្រុង​ប៉ារីស​កាល​ពី ២ឆ្នាំ​មុន។ គឺ​ជា​អំពើ​ភេរវកម្ម​វាយប្រហារ​លើ​ទស្សនាវដ្តី​ថ្លុកកំប្លែង Charlie Hebdo និង​ការ​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​រួច​សម្លាប់​ចោល​នៅ​ក្នុង​ហាង​លក់​ទំនិញ​របស់​ជនជាតិ​ជ្វីហ្វ Hyper Cacher។ ពិធី​គោរព​វិញ្ញាណក្ខន្ធ​បាន​ចូលរួម​ដោយ​ចៅហ្វាយ​ក្រុង​ប៉ារីស និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។

បារាំង៖​ប៉ារីស​រម្លឹក​ខួប​ពីរឆ្នាំ​នៃ​ភេរវកម្ម​កាល​ពី​ខែ​មករា ឆ្នាំ ២០១៥
បារាំង៖​ប៉ារីស​រម្លឹក​ខួប​ពីរឆ្នាំ​នៃ​ភេរវកម្ម​កាល​ពី​ខែ​មករា ឆ្នាំ ២០១៥ AFP/Eric FEFERBERG
ផ្សាយពាណិជ្ជកម្ម

គេ​ពិត​ជា​នៅ​ចាំ​បាន​មិន​ភ្លេច​កាល​ពី​ថ្ងៃទី៧ មករា ឆ្នាំ ២០១៥ ថ្ងៃ​ដែល​ប្រទេស និង​ពលរដ្ឋ​បារាំង​បាន​ធ្លាក់​ក្នុង​អំពើ​ភេរវកម្ម​យ៉ាង​សាហាវ​ដោយ​ចាប់​ផ្តើម​មុន​គេ​នៅ​ទីស្នាក់ការ​ទស្សនាវដ្តី​ថ្លុកកំប្លែង Charlie Hebdo។ កាលណោះ បងប្អូនប្រុស​បង្កើត​ជីហាត Kouachi បាន​លួច​ចូល​ក្នុង​ទីស្នាក់ការ Charlie Hebdo រួច​បើក​ការ​បាញ់រះ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១១នាក់ ក្នុង​នោះ​មាន​អ្នក​គូររូប​ល្បីៗ ដូច​យ៉ាង​លោក Cabu លោក Wolinksi ឬ​មួយ​លោក Charb ជា​ដើម។ ២ថ្ងៃ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី៩ មករា ឆ្នាំ ២០១៥ ដដែល មាន​ជីហាត​ម្នាក់​ទៀត​ឈ្មោះ Amédy Coulibaly បាន​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​នៅ​ក្នុង​ហាង​លក់​ទំនិញ Hyper Cacher របស់​ជនជាតិ​ជ្វីហ្វ​ដោយ​បាន​សម្លាប់​មនុស្ស ៥នាក់។

ក្រោយ​ព្រឹត្តិការណ៍​នៅ Charlie Hebdo ភ្លាម បារាំង និង​ពិភពលោក​បាន​ចូលរួម​ផ្តន្ទាទោស​លើ​ទង្វើ​ដ៏​ឆ្កួតលីលា ព្រម​ទាំង​ចែក​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក្រោម​សារ​ថា « ខ្ញុំ​ជា Charlie Hebdo »។ នៅ​ក្នុង​ពិធី​រម្លឹក​ខួប​គម្រប់ ២ឆ្នាំ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មករា ចៅហ្វាយ​ក្រុង​ប៉ារីស​លោកស្រី Anne Hidalgo និង​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ Bruno Le Roux ​បាន​ដាក់​កម្រង​ផ្កា​នៅ​ពី​មុខ​អតីត​អាគារ​របស់ Charlie Hebdo និង​ធ្វើ​ការ​ស្មឹងស្មាត​រយៈពេល ១នាទី​ជាមួយ​បុគ្គលិក​របស់ Charlie Hebdo និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ជិត ឆ្ងាយ រួម​ទាំង​អ្នក​រស់ក្នុង​ទីក្រុង​ប៉ារីស​ជា​ច្រើន​នាក់​ផង​ដែរ។

បន្ទាប់​មក ពិធី​គោរព​វិញ្ញាណក្ខន្ធ​ក៏​បាន​រៀបចំ និង​បញ្ចប់​នៅ​មុខ​ហាង Hyper Cacher ស្ថិត​ជាយ​ក្រុង​ប៉ារីស។ ដោយឡែក នា​ឱកាស​ខួប ២ឆ្នាំ​នេះ ទស្សនាវដ្តី​ថ្លុកកំប្លែង Charlie Hebdo បាន​ចេញ​ផ្សាយ​លេខ​ថ្មី​ក្រោម​ចំណងជើង​ចំអកឡកឡាយ​ថា « ២០១៧ ទីបំផុត​បាន​ឃើញ​ចុង​នៃ​រូងភ្នំ​ហើយ» ជាមួយ​នឹង​រូប​កំប្លែង​ដែល​មាន​មនុស្ស​ម្នាក់​កំពុង​សម្លឹង​មើល​ចុងកាំភ្លើង​កាន់​ដោយ​អ្នក​កាន់​សាសនាអ៊ីស្លាម​ម្នាក់។ សូម​ជម្រាប​ជូន​ថា​ជានិច្ចកាល រូបភាព​ថ្លុកកំប្លែង​របស់ Charlie Hebdo ដែល​គូរ​រូប​ឥស្សរជន ឬ​អ្នក​កាន់សាសនា​មាន​បង្ក​ដោយ​អត្ថន័យ និង​ច្រើន​បង្ក​ឲ្យ​មាន​ភាព​ក្តៅក្រហាយ រួម​ទាំង​ទទួល​ការ​គំរាមកំហែង​ពី​អ្នក​ពាក់ព័ន្ធ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ