អានតួអត្ថបទ

រុស្ស៊ីចាប់ដកមកវិញ ក្រុមនាវាចម្បាំងខ្លួនដែលប្រចាំនៅសមុទ្រមេឌីទែរ៉ាណេ ក្បែរឆ្នេរស៊ីរី

លោក​នាយអគ្គសេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី ឧត្តម​សេនីយ Valeri Guerassimov បាន​ប្រកាស​នារសៀល​ថ្ងៃ​៦​មករា​ថា៖ ដោយ​បំពេញ​តាម​សេចក្តី​សម្រេច​របស់​លោក​ប្រធានាធិបតី​ វ៉្លាឌីមៀរ ពូទីន កាលពី​ថ្ងៃ ២៩ធ្នូ ក្រសួង​ការពារជាតិ​រុស្ស៊ី ឥឡូវ​ចាប់ផ្តើម​បន្ថយ កងកម្លាំង​យោធា​ខ្លួន​ដែល​វត្តមាន​នៅ​ស៊ីរី - ការបន្ថយ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ការចាក​ចេញ​មុន​ដំបូង​ ពី​សមុទ្រ​មេឌីទែរ៉ាណេ នៃ​ក្រុម​នាវា​ចម្បាំង​នាំមុខ​ដោយ នាវា​ផ្ទុក​យន្តហោះ ឈ្មោះ “សេនាប្រមុខ Kouznetsov ដែល​បាន​ទៅ​ប្រចាំ​ការ​នៅ​ទីនោះ តាំងពី​កណ្តាល​ខែ​វិច្ឆិកា សម្រាប់​ជួយ​គាំទ្រ​ដល់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ក្នុង​ការប្រយុទ្ធ​ទល់​នឹង​ពួក​ជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម”។

Les troupes syriennes dans Alep, le 7 décembre 2016.
Les troupes syriennes dans Alep, le 7 décembre 2016. GEORGE OURFALIAN / AFP
ផ្សាយពាណិជ្ជកម្ម

លោក នាយអគ្គសេនាធិការដ្ឋានកងទ័ព​រុស្ស៊ី ឧត្តមសេនីយ Valeri Guerassimov សង្កត់​ធ្ងន់​ថា ការដក​ចេញ​នេះ ជា​លទ្ធផល​នៃ​ការចូលរួម​របស់​យន្តហោះ​យោធា​រុស្ស៊ី ហោះចេញ​ពី​នាវា​ផ្ទុក​យន្តហោះ​នោះ ទៅ​ប្រតិបត្តិការ​ទល់​នឹង​ពពួក​ក្រុម​ភេរវជន លុះទាល់​តែ​បាន​ជួយ​កងទ័ព​ស៊ីរី​ឲ្យ​រំដោះ​បាន​ដូច​ចិត្ត ទីក្រុង​អាឡិប ទាំងមូល ដែល​ជា​ទីក្រុង​ទី​២ និង​ជា​ទីក្រុង​សេដ្ឋកិច្ច​ប្រទេស​ស៊ីរី ដែល​ជា​ជោគជ័យ​ធំ​បំផុត សម្រាប់​កងទ័ព​ស៊ីរី ក្នុង​សង្គ្រាម ដែល​បាន​ពន្យារ​ទៅ​អស់​ជាង​៥​ឆ្នាំ។ គួរ​និយាយ​ថា សង្គ្រាម​នេះ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ជាង ៣​សែន ១​ម៉ឺន​នាក់​ទៅហើយ។  

សេចក្តីថ្លែងការណ៍ខាងលើ ត្រូវ​លោក​មេទ័ព​រុស្ស៊ី​ធ្វើ គឺ​ក្រោយ​ពី​គាត់​ស្តាប់​របាយការណ៍​របស់​មេបញ្ជាការ​ក្រុម​ទ័ព​រុស្ស៊ី​ប្រចាំ​នៅ​ស៊ីរី លោក​ឧត្តម​សេនីយឯក Andrei Kartapolov  ដែល​ថា ក្នុង​២​ខែ​កន្លង​ទៅ ពួក​ពីឡុត​នៃ​កងយន្តហោះ​ប្រចាំការ​នៅលើ​នាវា​ផ្ទុក​យន្តហោះ “សេនា​ប្រមុខ Kouznetsov “ បាន​ហោះចេញ​ទៅ​ប្រតិបត្តិការ​ចំនួន​ជាង​៤២០​លើក​កំទេច ទីដៅ​ពួក​ភេរវជន អស់ ១.២៥២​កន្លែង ទាំង​ក្នុង​លក្ខណៈ​អាកាសធាតុ​មិន​អនុគ្រោះ​ឡើយ។ ដូច្នេះ ភារកិច្ច​ដែល​មាន​ចោទ​ត្រូវ​បាន​បំពេញ រួច​ដូច​ចិត្ត​មែន។

គួររំលឹកថា លោកប្រធានាធិបតី​ពូទីន កាលពី​ខែ​មិនា​ឆ្នាំ​មុន ធ្លាប់​បាន​ប្រកាស​ឲ្យ​ដក​ចេញ​ខ្លះៗ ទៅ​ហើយ អង្គភាព​ទ័ព​រុស្ស៊ី​នៅ​ស៊ីរី ប៉ុន្តែ​បន្ទាប់​មក ម៉ូស្គូ​បាន​បង្ខំ​ចិត្ត​បង្កើន​វត្តមាន​យោធា​ខ្លួន​ឡើង​វិញ​នៅ​ទីនោះ មកពី​ការប្រយុទ្ធ​ក្នុង​ប្រទេស​ស៊ីរី បាន​មាន​សន្ទុះ​ខ្លាំង​ក្លា​ជា​ថ្មី។ គឺ​តាំង​ពី​ចុង ខែ​កញ្ញា​ឆ្នាំ​២០១៥ ដែល​កង​អាកាស​រុស្ស៊ី បាន​ចូលខ្លួន​អន្តរាគម ក្នុង​ផ្ទៃ​មេឃ​ស៊ីរី សម្រាប់​ជួយ​ដល់​កងទ័ព​របប​លោក ប្រធានាធិបតី Bashar al Assad ជា​សម្ព័ន្ធមិត្ត​ធំ​បំផុត​របស់​រុស្ស៊ី។

ឥឡូវជាដំណាក់ថ្មីនៃ ដំណោះស្រាយ​វិបត្តិ​នៅ​ស៊ីរី គឺថា​ដោយ​រួម​ជាមួយ តួកគី និង អ៊ីរ៉ង់ រុស្ស៊ី កំពុង​ច្រានឲ្យ​ទៅ​មុខ​ដំណើរ​រៀប​ចំ​កិច្ចចរចា​រវាង​ភាគី​បដិបក្ខ​ស៊ីរី​ផ្ទាល់ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ ក្នុង​ខែ​មករា​នេះ នៅ​ក្រុង Astana រដ្ឋធានី Kazakhstan៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ