តើបទឈប់បាញ់នៅស៊ីរីនឹងមានអាយុរស់បានប៉ុន្មានថ្ងៃ?
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ធ្នូ ២០១៦ កងទ័ពស៊ីរីបានប្រកាសបញ្ឈប់ជាទូទៅ ប្រតិបត្តិការយោធា នៅទូទាំងប្រទេស។ បទឈប់បាញ់ដែលចាប់ចូលជាធរមាន នៅម៉ោង១២អាធ្រាត្រ ថ្ងៃព្រហស្បតិ៍ ត្រូវបានបញ្ជាក់ទទួលស្គាល់ពីខាងក្រុមប្រឆាំង ទាហានស៊ីរី សេរី ដែលគាំទ្រដោយប្រទេសតួកគី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កិច្ចព្រមព្រៀងលើបទឈប់បាញ់នៅស៊ីរីជាលទ្ធផលនៃជំនួបចរចា ក្នុងទឹកដីតួកគី រវាងគណៈប្រតិភូរុស្ស៊ី ជាមួយបណ្តាអ្នកតំណាងរបស់ក្រុមប្រឆាំងស៊ីរី។ នៅថ្ងៃព្រហស្បតិ៍ គឺប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន ដែលបានប្រកាសដំបូងគេ ពីបទឈប់បាញ់ក្នុងទឹកដីស៊ីរី។ បទឈប់បាញ់ប្រកាសដោយប្រមុខរដ្ឋរុស្ស៊ី ត្រូវបានបញ្ជាក់ជាបន្តបន្ទាប់ដោយភាគីជម្លោះ កងទ័ពស៊ីរី និងបណ្តាក្រុមទាហានប្រឆាំង ដែលគាំទ្រដោយសម្ព័ន្ធជាតិស៊ីរីដែលមានមូលដ្ឋាន នៅបរទេស។ តាមសេចក្តីថ្លែងការណ៍របស់កងទ័ពស៊ីរី កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់មិនបានរួមបញ្ចូលក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម និងក្រុម អាល់នូស្រា ដែលជាបណ្តាញរបស់អាល់កៃដា នៅស៊ីរីនោះទេ។
តាមលោកពូទីន ឯកសារចំនួន៣ត្រូវបានភាគីជម្លោះចុះហត្ថលេខា នៅក្នុងការពិភាក្សាចរចាក្នុងទីក្រុងអង់ការ៉ា របស់ប្រទេសតួកគី។ ក្នុងឯកសារទី១ រដ្ឋាភិបាលស៊ីរីហើយនិងក្រុមទាហានប្រឆាំងបានយល់ព្រមព្រៀងគ្នាលើបទឈប់បាញ់ នៅគ្រប់កន្លែង នៅទូទាំងប្រទេស។ ឯកសារទី២ផ្តោតទៅលើការចាត់វិធានការសម្រាប់តាមដានមើលការគោរពបទឈប់បាញ់។ ចំណែកឯកសារទី៣ និយាយពីការប្រកាសរបស់ភាគីជម្លោះ ក្នុងការចូលរួមក្នុងតុចរចាស្វែងរកសន្តិភាពឲ្យស៊ីរី ដែលគេគ្រោងធ្វើនៅខែមករាខាងមុខ នៅទីក្រុងAstana ប្រទេសកាហ្សាក់ស្ថាន។
នៅក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្រ្តីការបរទេស ហើយនិងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី បានប្រកាសផងដែរពីការដកកងទ័ពរុស្ស៊ី ពីក្នុងទឹកដីស៊ីរី ប៉ុន្តែ នៅតែរក្សាជំនួយសម្រាប់រដ្ឋាភិបាលស៊ីរីដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម។
បទឈប់បាញ់ក្នុងប្រទេសស៊ីរី ដែលកន្លងមកចរចាបង្កើតឡើងដោយអង្គការសហប្រជាជាតិ ឬចេញមកពីកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអាមេរិក មានអាយុតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ បទឈប់បាញ់ចុងក្រោយ ដែលអាមេរិក និងរុស្ស៊ីបានជំរុញឲ្យមាននៅស៊ីរី នៅខែកញ្ញា មានជីវិតតែមួយសប្តាហ៍ ក្រោយពីភាគីជម្លោះចាប់ផ្តើមប្រយុទ្ធ គ្នាវិញ។
គេនឹងចាំមើលថា តើកិច្ចព្រមព្រៀង លើកនេះនឹងមានអាយុកាលរស់បានប៉ុណ្ណា? ជាលើកទី១ តួកគី ដែលគាំទ្រក្រុមប្រឆាំងនៅស៊ីរី បានចូលរួមចាត់ចែងជាមួយរុស្ស៊ី និងអ៊ីរ៉ង់ ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀង លើបទឈប់បាញ់ នៅស៊ីរី ដោយគ្មានការចូលរួមពីភាគីអាមេរិក។ អាមេរិកដែលហាក់បានដកខ្លួនពីជម្លោះនៅស៊ីរី ចាប់តាំងពីបរាជ័យ របស់ក្រុមប្រឆាំងនៅអាឡិប ហើយនិងការឈ្នះឆ្នោតប្រធានាធិបតីរបស់លោកដូណាល់ ត្រាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ