អានតួអត្ថបទ
រុស្ស៊ី-តួកគី

ម៉ូស្គូ និង អង់ការ៉ា​មាន​ទស្សនៈ​មិន​ដូច​គ្នា ចំពោះ​ឃាតកម្ម​អគ្គរដ្ឋទូត​រុស្ស៊ី

ថ្ងៃ២២ធ្នូនេះ ក្នុងរដ្ឋធានីម៉ូស្គូ លោកប្រធានាធិបតីពូទីន អមដោយលោករដ្ឋមន្ត្រី ការបរទេស ឡាវ៉្រូវ ចូលរួម​ក្នុងពិធី​ផ្តល់កិត្តិយស​ថ្នាក់ជាតិ ជា​លើកចុងក្រោយ ជូនសព​លោក Andrei Karlov ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ នៅតួកគី ដែល កាលពីបី​ថ្ងៃមុន ត្រូវបាន​ខ្មាន់​កាំភ្លើងជា ប៉ូលីស​តួកគី បាញ់​ដល់ទៅ ៩គ្រាប់ ផ្តាច់​ជីវិតគាត់ ក្នុងពិធី​តាំង​ពិព័រណ៌រូបថត ក្នុង​ទីក្រុងអង់ការ៉ា។ សពគាត់ ត្រូវបាន​ដឹក​មកដល់​ម៉ូស្គូ កាលពីយប់ម្សិលម៉្ងៃ។ បើអាជ្ញាធរ​តួកគី ចោទ បព្វជិតតួកគី Gulen ជា សត្រូវលោក​ប្រមុខរដ្ឋ​អ៊ែរដូហ្កាន់ កំពុងជ្រកកោននៅស.រ.អា ថា ស្ថិតនៅ​ពីក្រោយ ឃាតកម្មនេះ នោះ តាមយោបល់ម៉ូស្គូ គប្បី​រង់ចាំសិន​ទៅ លទ្ធផលអង្កេត​ធ្វើ នៅតួកគី ដោយមាន​ការចូលរួម នៃ ក្រុម​អ្នកជំនាញរុស្ស៊ី​មានគ្នាដល់ ១៨នាក់។  

លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​តួកគី Andrei Karlovត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ទីក្រុង​អង់ការ៉ា ថ្ងៃ​ទី១៩​ធ្នូ ២០១៦
លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​តួកគី Andrei Karlovត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ទីក្រុង​អង់ការ៉ា ថ្ងៃ​ទី១៩​ធ្នូ ២០១៦ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ស្របនឹង​ក្រឹត្យចេញ​ម្សិលមិញ លោកប្រធានាធិបតីរុស្ស៊ី បានបំពាក់ជូន លោកឯកអគ្គរដ្ឋ ទូត Andrei Karlov នូវ ឋានន្តរស័ក្តិបច្ឆាមរណៈជា វីរបុរសសហព័ន្ធរុស្ស៊ី ។ អ្នកនាំពាក្យវិមាន ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បានប្រកាសថា សព​វីរបុរសនេះ ក្រោយ ពីទទួលនូវការផ្តល់ កិត្តិយស​ថ្នាក់ជាតិ នឹងត្រូវបញ្ចុះ នៅស្មសានដ៏​ល្បីនៃ​​ក្រុងម៉ូស្គូ ថ្ងៃព្រហស្បតិ៍ ២២ធ្នូនេះ ដោយ មានវត្តមាន មានមុខនៃ លោកប្រធានាធិបតី​ពូទីនផ្ទាល់។

 
ឃាតកម្មរូប​អគ្គរដ្ឋទូតនេះ ត្រូវបាន​បរិហារ ដោយរុស្ស៊ី និងតួកគី ក្នុងឋានៈជា ”អំពើបង្កហេតុ” សំដៅ បង្ខូច​ទំនាក់ទំនង ដែលទើបៗស្តារ ឲ្យមានប្រក្រតីភាព​វិញ រវាង​ប្រទេសទាំងពីរ ក្រោយពី ធ្លាក់ក្នុង​វិបត្តិអស់សឹង​មួយឆ្នាំ។

រដ្ឋាភិបាល​តួកគី សង្ស័យ​មែនទែន​ថា ស្ថិតនៅពី​ក្រោយ​ឃាតកម្មនេះ គឺ បព្វជិត​តួកគី លោក Fethullah Gulen សព្វថ្ងៃរស់នៅ ក្នុងស្ថានភាព​និរទេស នៅ ស.រ.អា. គាត់​ជាគូ​ប្រឆាំងនឹង​លោក ប្រធានាធិបតីតួកគី អ៊ែរដូហ្កាន់។ រីឯ ឃាតករ មុននឹងវា​ត្រូវ​កំទេច​ដោយកងកម្លាំង​ពិសេសតួកគី បានស្រែកហើយ ស្រែកទៀតថា វាចង់​សងសឹក​រុស្ស៊ី ចំពោះក្រុង អាឡិប នៅស៊ីរី។

ប៉ុន្តែ សម្រាប់ក្រេមឡាំង គឺកុំប្រញាប់​អះអាង​ពេក តើនរណាដែល​ស្ថិតនៅពី​ក្រោយ ឃាតកម្ម។ ត្រូវរង់ចាំ​សិន លទ្ធផលអង្កេត​កំពុងធ្វើ នៅតួកគី ដោយ មានការចូលរួម នៃ ក្រុមជំនាញ​រុស្ស៊ី ផ្សំ ឡើងពី អ្នកអង្កេត ភ្នាក់ងារ​សម្ងាត់ និង អ្នកការទូត សរុបទៅមាន​គ្នាដល់ ១៨នាក់។ ភាគីតួកគី សុខចិត្ត ឲ្យ​ក្រុមជំនាញ​រុស្ស៊ី​ ចូលរួម​ទៅផង ក្នុង​ការវះពិនិត្យ​សព លោក Andrei Karlov។

គួរនិយាយថា អាជ្ញាធរ​តួកគី ឃាត់ខ្លួន​បាន ១៣នាក់ហើយ ជនជាប់​សង្ស័យថា ពាក់ព័ន្ធ នឹង​ឃាតកម្ម។ អ្នកទាំងនោះ​ភាគច្រើន គឺជំនិត​នឹង​ខ្មាន់កាំភ្លើង ជាឃាតករ ដែល​ពីរឆ្នាំ​កន្លះ ចុងក្រោយ ស្ថិតក្នុង​កងកម្លាំង​ប៉ូលីស​ខាង​បង្ក្រាប​កុប្បកម្ម នៅក្រុង អង់ការ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ