អ្នកចរចា៖ ការសម្លាប់អ្នកកាសែតRFI គ្មានជាប់ទាក់ទងនឹងការចរចាដោះលែងចំណាប់ខ្មាំង
តើការសម្លាប់អ្នកកាសែតរបស់វិទ្យុបារាំងអន្តរជាតិ RFI មានជាប់ទាក់ទងនឹងការដោះលែងចំណាប់ខ្មាំងបារាំង ដែរឬទេ? នៅ មួយសប្តាហ៍ក្រោយ ទូរទស្សន៍ បារាំង ចាក់ផ្សាយព័ត៌មាន ដែលបានលើកឡើងពីការជាប់ពាក់ព័ន្ធគ្នា រវាងការសម្លាប់អ្នកកាសែតទាំង២នាក់ ហើយនិងចំណាប់ខ្មាំងបារាំង វិទ្យុបារាំង RFI បានជួបសម្ភាសន៍ដោយផ្ទាល់ អន្តរការី ជាតិនេហ្សរីយ៉ា ដែលបានចូលរួមចរចា ឲ្យមានការដោះលែង ចំណាប់ខ្មាំង បារាំង ពីដៃរបស់ក្រុមជីហាត Aqmi នៅឆ្នាំ ២០១៣។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១១
Mohamed Akotey ជាអ្នកចរចា ដែលរដ្ឋាភិបាលនីហ្សេរីយ៉ាបានបញ្ជូនឲ្យទៅនិយាយ ជាមួយ ក្រុមជីហាត Aqmi ដើម្បីដោះលែង ចំណាប់ខ្មាំងបារាំង ៤នាក់ កាលពីចុងឆ្នាំ២០១៣។ ជាលើកទី ១ ដែលអ្នកចរចារូបនេះ បានចេញមុខ ផ្តល់បទសម្ភាសន៍ គឺនៅក្នុងពេលដែលមានព័ត៌មានយ៉ាង ផុសផុល នៅបារាំង ស្តីពីការជាប់ទាក់ទងគ្នារវាងការសម្លាប់អ្នកកាសែតបារាំង ហើយនិងការដោះលែងចំណាប់ខ្មាំងបារាំង។
អ្នកកាសែតរបស់ RFI ទាំងពីររូប គឺ ហ្ស៊ីសឡែន ឌុយប៉ុង និងខ្លូត វែរឡុង ត្រូវបានក្រុមជីហាតចាប់ជាចំណាប់ខ្មាំង រួចហើយសម្លាប់ចោល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងពេលដែលពួកគេកំពុងយកការណ៍នៅតំបន់ប៉ែកខាងជើងប្រទេសម៉ាលី។ ហេតុការណ៍នេះបានកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីចំណាប់ខ្មាំងបារាំង ៤នាក់ផ្សេងទៀត ត្រូវបានក្រុមជីហាតដោះលែង។
យោងតាមព័ត៌មាន ចុះផ្សាយរបស់ទូរទស្សន៍បារាំង France2 ដែលបានស្រង់សក្ខីកម្មរបស់សមាជិកក្រុមជីហាត ក៏ដូចជា អតីតមន្រ្តីចារកិច្ច និងមន្រ្តីទូតបារាំង ការដោះលែងចំណាប់ខ្មាំងបារាំងទាំង ៤នាក់ គឺកើតចេញពីការចរចាដ៏ស្មុគស្មាញ និងដ៏សែនចម្រូងចម្រាស់ ទម្រាំឈានដល់ការព្រមព្រៀងដោះលែងជាថ្នូរនឹងការបង់លុយរាប់សិបលាន អឺរ៉ូ។ ក៏ប៉ុន្តែ ក្រុមជីហាតអះអាងថា ក្រោយពីដោះលែងចំណាប់ខ្មាំងរួចហើយ ពួកគេឃើញថា លុយដែលបារាំងបង់ជាថ្នូនឹងចំណាប់ខ្មាំងនេះ មិនគ្រប់ទៅតាមចំនួនដែលបានព្រមព្រៀង។ ហេតុដូច្នេះ ហើយបានជាគេគិតថា ក្រុមជីហាតបានចាប់ខ្លួន និងសម្លាប់អ្នកកាសែត RFI ទាំងពីររូប ដើម្បីជាការសងសឹក។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវិទ្យុបារាំងអន្តរជាតិ អ្នកចរចា Mohamed Akoteyបានបញ្ជាក់ថា ការស្លាប់របស់អ្នកកាសែត បារាំង គ្មានជាប់ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងនោះទេ។ Mohamed Akoteyនៅបានបដិសេធ មិនបញ្ជាក់ព័ត៌មានដែលថា រដ្ឋាភិបាលបារាំង បានចំណាយលុយ ដើម្បី ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងបារាំង ពីដៃរបស់ក្រុមជីហាត។
ការបង់លុយជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង គឺជានយោបាយដែលតែងទទួលរងនូវការរិះគន់ ដោយសារតែគេគិតថា ធ្វើបែបនេះ គឺលើកទឹកចិត្តឲ្យក្រុមភេរវជនយកការចាប់ចំណាប់ខ្មាំងធ្វើជាជំនួញ។ ហេតុដូច្នេះហើយបានជា តាំងពីដើមរៀងមក រដ្ឋាភិបាលបារាំងតែងតែលាក់បាំងការណ៍សម្ងាត់ ជុំវិញដំណើរការចរចាដោះលែងចំណាប់ខ្មាំងរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ