អានតួអត្ថបទ

ភាគីប្រឆាំងស៊ីរី មិនព្រម​វត្តមាន​ក្នុង​កិច្ចចរចា នៅក្រុង Astana

កិច្ចចរចា ចាត់ចែង​ឡើង​ថ្ងៃ​អង្គារ​ម្សិលមិញ នៅក្រុង Astana លើក​នេះ​ជា​លើកទី​៣ ដោយ​មាន​ការ​គាំទ្រ របស់​រុស្ស៊ី អ៊ីរ៉ង់ និង​តួកគី ស្រាប់​តែ​មិន​សម្រេច​ដូចចិត្ត ដោយ​មកពី ការធ្វើ​ពហិការ ពី​ខាង​ភាគី​ប្រឆាំង​ស៊ីរី ដែល​សោកស្តាយ​ចំពោះ​ការ​បន្ត​ទៅ​នៃ​ការវាយ​ប្រហារ​រុស្ស៊ី នៅ​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស៊ីរី និង​ចំពោះការ​មិន​សូវ​អើ​ពើ​របស់​ម៉ូស្គូ ​ក្រើន​រំលឹក កងទ័ព​ស៊ីរី​​ឲ្យ​គោរព​តាម​​បទ​ឈប់បាញ់។

ជំនួប​ស្តីពី​ប្រទេស​ស៊ីរី នៅ​ក្រុង​ Astana រូបថត​កាលពី​ខែ​មករា​ ២០១៧
ជំនួប​ស្តីពី​ប្រទេស​ស៊ីរី នៅ​ក្រុង​ Astana រូបថត​កាលពី​ខែ​មករា​ ២០១៧ REUTERS/Mukhtar Kholdorbekov
ផ្សាយពាណិជ្ជកម្ម

ក្នុងឋានៈជា​ដៃ​គូ​ដ៏​ចម្បង​នៃ​របប​លោក​ប្រធានាធិបតី​ស៊ីរី Bachar al Assad រុស្ស៊ី បាន​សំដែង​កា​រ​ងឿង​ឆ្ងល់ និង ខ្វះ​ជំនឿ​លើ​ការពន្យល់ ពី​ខាង​ពួក​ឧទ្ទាម​ស៊ីរី​ចំពោះ អវត្តមាន​នេះ។ ចំណែក​ក្រុង Damas ចោទ​ក្រុង Ankara ថា​មិន​បំពេញ​តាម​អភិក្រម​ក្រុង Astana ។ គិតតាំងពី​ដើម​ឆ្នាំ​នេះ​មក ក្រុង Astana រដ្ឋធានី​កាហ្សាក់ស្ថាន បាន​ទទួល​ពីរ​លើក​ទៅ​ហើយ ​ជំនួប​ស្តី​អំពី ស៊ីរី គឺ កាលពី​ថ្ងៃ​២៣-២៤​មករា និង កាលពី​កណ្តាល​ខែ​កុម្ភៈ ហើយ​រៀងរាល់​តែ​លើក គឺ​ក្រោម​ការឧបត្ថម្ភ របស់​រុស្ស៊ី អ៊ីរ៉ង់ និង តួកគី។

 
គោលដៅចោទ​ដោយ ៣ ប្រទេស​នេះ គឺ​ពង្រឹង​របប​ឈប់​បាញ់​នៅ​ស៊ីរី ដែល​បាន​ចូល​ជាធរមាន កាលពី​ចុងខែ​ធ្នូ ក្រោយពី​​កងទ័ព​ដែល​ច្បាំង​នៅ​ខាង​រដ្ឋាភិបាល​ស៊ីរី បាន​ទទួល​ជ័យជំនះ​ក្នុង​យុទ្ធនាការ​​ដណ្តើមយក​បាន​ក្រុង Alep ជា​ក្រុង​ទី​២ ស្ថិត​នៅខាងជើ​ង​ប្រទេស​ស៊ីរី។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Serguei Lavrov ម្សិលមិញ បង្ហើប​ឲ្យ​ដឹង​ថា លោក​រដ្ឋមន្ត្រី ​ការពារ​ជាតិ​រុស្ស៊ី បាន​ទាក់ទង​ជាមួយ​មេ​បញ្ជាការ​ខ្លះ​នៃ​ក្រុម​ពួក​ឧទ្ទាម​ស៊ីរី ដែល​មិន​ព្រមទៅ ចូលរួម​ក្នុង​កិច្ចចរចា ទាំង​ចង្អុល​ឲ្យ​ឃើញ​ថា ម៉ូស្គូ​ក្តាប់​ស្ថានការណ៍ បាន​ពេញ​ទី​ក្នុង​ដៃខ្លួន។

ចំណែកអ្នកនាំពាក្យ​វិមាន​ក្រេមឡាំង លោក Dmitri Peskov ចាត់ទុក​ស្ថានការណ៍​ថា “សាំញ៉ាំ ​ក្រៃ”។ តាម​សំដី​គាត់ ៖ បរិបទ​នៃការពិភាក្សា ធ្លាក់​ក្នុង​ភាព​ស្មុគស្មាញ ដោយ​មកពី​គោល​ជំហរ ខុសគ្នា​ប្រកាន់​យក​ដោយ​​បណ្តា​សាមី​ប្រទេស។ ទោះយ៉ាងណាក្តី ក៏ការងារ​នៅតែ​បន្ត​ទៅ។

រីឯ អ្នកនាំពាក្យ​របស់ ឧត្តម​គណៈកម្មាធិការ​សម្រាប់​ធ្វើ​កិច្ចចរចា ដែល​ជា​ស្ថាប័ន​កំពូល នៃ​ ​ភាគី​ប្រឆាំង បាន​បញ្ជាក់​ថា ភាគី​នេះ​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​ទៅ​កាន់​ក្រុង Astana ទេ ប៉ុន្តែ ​បាន​ឲ្យ​តម្រុយ ថា​​ពួកគេ​អាច​ប្រែ​ចិត្ត​គំនិត​ទេ​តើ ប្រសិន​បើ​មាន​ចម្លើយ​ពី​ខាង​រុស្ស៊ី ដែល​ពួក​គេ​​នៅ​រង់​ចាំ​ទទួល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ