អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ-ស៊ីរី

អសប​ចោទ​ពួក​ឧទ្ទាម និង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី គាំទ្រ​ដោយ​រុស្ស៊ី ​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម

ភាគី​ជម្លោះ​នៅ​ប្រទេស​ស៊ីរី បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​សង្រ្គាម។ តាម​របាយការណ៍​របស់អង្គការ​សហប្រជាជាតិ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធម្សិលមិញ ទាំង​ក្រុមឧទ្ទាម ហើយ​និង​របប​ស៊ីរី ដែល​គាំទ្រ​ដោយ​កងកម្លាំង​រុស្ស៊ី និង​អ៊ីរ៉ង់​ត្រូវ​ជាប់ចោទ​ពី​បទឧក្រិដ្ឋកម្ម សង្រ្គាម សម្លាប់​មនុស្ស នៅ​ទីក្រុង​អាឡិប ក្នុង​ប្រទេស​ស៊ីរី។

លោកPaulo Pinheiro, ប្រធាន​គណៈកម្មការ​ស៊ើបអង្កេតលើ​ស៊ីរី​របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី ១​មីនា នៅ​ទីក្រុង​ហ្សឺណែវ
លោកPaulo Pinheiro, ប្រធាន​គណៈកម្មការ​ស៊ើបអង្កេតលើ​ស៊ីរី​របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី ១​មីនា នៅ​ទីក្រុង​ហ្សឺណែវ ©REUTERS
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ឲ្យឃើញថា ឧក្រិដ្ឋកម្ម​សង្រ្គាម ត្រូវ​បាន​គេ​ប្រព្រឹត្ត ធ្វើ​ឡើង នៅ​ទីក្រុង​អាឡិប ដែល​របប​ស៊ីរី គាំទ្រ​ដោយ​កងទ័ព​រុស្ស៊ី និង​អ៊ីរ៉ង់​ទើប​វាយដណ្តើម​យក​បាន​ពី​ពួកឧទ្ទាម កាលពី​ពេល​ថ្មីៗនេះ។ ឧក្រិដ្ឋកម្ម​សង្រ្គាម ព្រោះ​រាល់​ប្រតិបត្តិការ​យោធា និង​ការប្រយុទ្ធគ្នា រវាង​ភាគី​ជម្លោះ​ទាំងពីរ បាន​សំដៅ​វាយប្រហារ​ដោយ​ចេតនា​ទៅលើ​ក្រុម​ប្រជាជន​ស៊ីវិល ហើយ​និង​ភ្នាក់ងារ​ផ្តល់​ជំនួយ​មនុស្សធម៌។

 
តាម​របាយការណ៍ របស់​អង្គការ​សហប្រជាជាតិ ប្រតិបត្តិការ​ទ័ពអាកាស​របស់​រដ្ឋាភិបាល​ស៊ីរី ហើយ​និង​រុស្ស៊ី ទៅ​លើ​ទីក្រុង​អាឡិប ភាគខាងកើត ពី ខែ​កក្កដា ទៅដល់ខែ​កញ្ញា​បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ជាច្រើន​រយនាក់ និង​បាន​បំផ្លាញ​មន្ទីរពេទ្យ​ជា​ច្រើន​កន្លែង។ គ្រាប់បែក ធុងបង្កប់​ដោយ​គ្រឿងផ្ទុះ ត្រូវ​បាន​ទម្លាក់​ទៅលើ​ទីតាំង ដែល​សំបូរ​រស់នៅ កកកុញ ដោយ​ប្រជាជន​ស៊ីវិល។

មីស៊ីល បាញ់​ពីដី គ្រាប់បែក ធុង​គ្រឿងផ្ទុះ ធុង​ក្លរ ហើយ​និង​គ្រាប់បែក​ទម្លាក់​ពី​លើ​យន្តហោះ ទាំងនេះ ជា​សព្វាវុធ​ដែល​គេ​បាន​ប្រើ​សម្លាប់​ជីវិត​មនុស្ស​នៅក្នុង​ការប្រយុទ្ធគ្នា នៅទីក្រុង​អាឡិប។ តាម​អ្នកអង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិ ទាំង ទាហាន​រដ្ឋាភិបាល​ស៊ីរី ហើយ​និង​យន្តហោះ​រុស្ស៊ី​សុទ្ធ​តែ​បាន​ប្រើ​អាវុធ​ជាតិ​ផ្ទុះ​ខាងលើនេះ។ អ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​ចោទ​ផងដែរ រដ្ឋាភិបាល​ស៊ីរី ថា មាន​ចេតនា និង​ផែនការ​ច្បាស់លាស់ ក្នុង​ការវាយប្រហារ​ទៅលើ​ក្បួនរថយន្ត​ដឹក​ជំនួយ​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម ហើយ​និង​អង្គការ​សហប្រជាជាតិ នៅ​ភាគខាងលិច​ក្រុង​អាឡិប។ ការវាយប្រហារ​ទៅលើ​ក្បួន​រថយន្ត នៅ​ខែ​កញ្ញា ឆ្នាំ ២០១៦ ដែល​បាន​សម្លាប់​បុគ្គលិក​មនុស្សធម៌​ចំនួន ១៤​នាក់ បាន​ធ្វើ​ឲ្យ​គេ​ផ្អាក​បេសកកម្ម​ផ្តល់​ជំនួយ ដល់​ប្រជាជន​ស៊ីរី ដែល​នៅជាប់គាំង រងគ្រោះ​ដោយសារ ការខ្វះចំណី​អាហារ និង​ការប្រយុទ្ធគ្នា​រវាង​ពួកឧទ្ទាម ហើយ​និង​ទ័ព​រដ្ឋាភិបាល​ស៊ីរី ដែល​មាន​ជំនួយ​ពី​រុស្ស៊ី និង​អ៊ីរ៉ង់។

ក្នុង​រឿង​ប្រព្រឹត្ត​បទឧក្រិដ្ឋសង្រ្គាម​នៅ​អាឡិប របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ មិន​បាន​ចោទ​តែ​ភាគី​រុស្ស៊ី និង​ទាហាន​ស៊ីរី នោះទេ។ ពួក​ឧទ្ទាម​ស៊ីរី​ក៏​ជាប់ចោទ​នៅក្នុង​បទប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នេះដែរ ដោយសារ​តែ​ពួកគេ​បាន​យក​ប្រជាជន​ស៊ីវិល​មកធ្វើ​ជា​ខែល បាំង​ការពារ​ខ្លួន​ពីការវាយប្រហារ​របស់​ទ័ព​អាកាស​ស៊ីរី។ សម្រាប់​អ្នកស៊ើបអង្កេត ក្រុមឧទ្ទាម​ក៏​បាន​បាញ់​ផងដែរ គ្រាប់ផ្លោង​ទៅលើ​សង្កាត់​រស់នៅ​របស់​ប្រជាជន​ស៊ីវិល​នៅ​ភាគខាងលិច​ទីក្រុង​អាឡិប និង​បាន​បាញ់​សម្លាប់ ប្រហារ​ជីវិត​ក្រៅច្បាប់ ទាហាន​រដ្ឋាភិបាល​ដែល​ពួកគេ​ចាប់បាន នៅក្នុង​សមរភូមិ។

កន្លងមក អង្គការ​សហប្រជាជាតិ​ធ្លាប់​រកឃើញ​ហើយ​ថា មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ កើតឡើង នៅ​ក្នុង សង្រ្គាម​ស៊ីរី ជាង ៥ឆ្នាំ ដែល​បាន​សម្លាប់​មនុស្ស​ជិត​៣សែន។ រុស្ស៊ី​ផ្ទាល់​ធ្លាប់​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International ចោទ​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បានទាមទារ​ឲ្យ​គេ​នាំ​ជនដៃដល់​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ប៉ុន្តែ រុស្ស៊ី កាលពី​ម្សិលម្ង៉ៃ បាន​ចេញ​មុខ​ការពារ មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ ដាក់​ទណ្ឌកម្ម​ទៅលើ​ស៊ីរី ដែល​រងការចោទប្រកាន់​ថា បាន​ប្រើ​អាវុធ​គីមី នៅក្នុង​សង្រ្គាម​ប្រយុទ្ធ​ជាមួយ​ពួកឧទ្ទាម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ