ក្រុងគៀវប្តឹងទល់នឹងម៉ូស្គូដែលខាឃាំងមិនឲ្យទំនិញអ៊ុយក្រែនដឹកឆ្លងកាត់ដែនដីរុស្ស៊ី
ថ្ងៃអង្គារម្សិលមិញ អ៊ុយក្រែនទើបសម្រេចបានដូចចិត្ត ក្នុងការដាក់ឲ្យដំណើរការ តុលាការអាជ្ញាកណ្តាល នៃ អង្គការពាណិជ្ជកម្មពិភពលោក ដែលត្រូវសន្និដ្ឋានអំពីវិធានការ ចាត់ដោយម៉ូស្គូ ដែលតាមមតិក្រុងគៀវ គឺ បង្កើតជាឧបសគ្គដល់ ការដឹកទំនិញរបស់អ៊ុយក្រែន ទៅកាន់ប្រទេសឯទៀត ដោយឆ្លងកាត់តាមដែនដីរុស្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៩
ប្រទេសរុស្ស៊ី ដែលកាលពីដើមខែកុម្ភៈកន្លងទៅ បានខ្ទប់ម្តងទៅហើយ ដល់ការបង្កើត ជាក្រុមអ្នកជំនាញនោះ ឥឡូវ ដោយស្របនឹងក្បួនខ្នាត របស់អង្គការពាណិជ្ជកម្មពិភពលោក គឺ លែងអាចជំទាស់ជាថ្មីឡើយ ដល់ការលេចចេញមកនៃក្រុមបែបនេះ។
ជាចម្លើយតបនឹង កិច្ចព្រមព្រៀងស្តីអំពីលំហពាណិជ្ជកម្មសេរី រវាងក្រុងគៀវនិងសហភាពអឺរ៉ុប ដែលបានចូលជាធរមានក្នុងឆ្នាំ២០១៦ រុស្ស៊ីពីចំណែកខ្លួន កាលពីមួយឆ្នាំមុន បានចាត់វិធានការ ពាណិជ្ជកម្មខាឃាំងយ៉ាងតឹងរ៉ឹង ទល់នឹងអ៊ុយក្រែន នៅតាមព្រំដែនខ្លួន ដែលតាមយោបល់ ក្រុងគៀវ គឺមិនស៊ីគ្នាឡើយ ជាមួយនឹងកាតព្វកិច្ចរបស់រុស្ស៊ី ក្នុងឋានៈជាសមាជិក អង្គការ ពាណិជ្ជកម្មពិភពលោក។
វិធានការខាឃាំងនេះ ក្តោប ទាំងការដឹកជញ្ជូនតាមផ្លូវរថយន្ត ទាំងការដឹកជញ្ជូនតាមផ្លូវរថភ្លើង ហើយប៉ះជាពិសេសដល់ការដឹកទំនិញអ៊ុយក្រែនឆ្លងកាត់ដែនដីរុស្ស៊ី ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និង កៀហ្សីស៊ីស្ថាន។
ម៉ូស្គូការពារវិធានការនេះ ដ្បិតខ្លាចក្រែងទំនិញណាចេញពីសហភាពអឺរ៉ុប ដែលជាប់ក្នុង ទណ្ឌកម្មបកវិញ ពីខាងម៉ូស្គូ អាចឆ្លៀតដឹកចូលដែនដីរុស្ស៊ី ទាំង ឃ្វាងក្បួនខ្នាតពាណិជ្ជកម្ម រវាងក្រុងម៉ូស្គូ និង ព្រុចសែល។
តាមការបូកគុណឃើញនៃ ក្រសួងពាណិជ្ជកម្មអ៊ុយក្រែន វិធានការរុស្ស៊ី បានប៉ះលើ៧៩% នៃ ទំនិញ ដែលប្រទេសនេះនាំចេញ ទៅកាហ្សាក់ស្ថាន និង៩៥%នៃទំនិញដែលនាំចេញទៅ កៀហ្ស៊ីស៊ីស្ថាន គិតជាតម្លៃខាតបង់គឺប្រមាណ ៤០០ លានដុល្លារសរអា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ