អានតួអត្ថបទ
ស៊ុយអែត-ភេរវកម្ម

Stockholm៖ មនុស្សស្លាប់យ៉ាងតិច៣​នាក់​​និង​រងរបួស​ជាច្រើន​​នៅ​ក្នុង​​​​ការវាយប្រហារ​​មួយ​​​​​ដោយ​រថយន្ត​កាមីញ៉ុង​​

នៅ​​ស៊ុយអែត​ក្នុង​​រសៀល​​ថ្ងៃ​​សុក្រ​​៧​មេសា​​ មាន​​ការ​​វាយប្រហារ​​មួយ​​នៅ​​កណ្តាល​​ទីក្រុង​ Stockholm ​​ដោយ​​ឡាន​កាមីញ៉ុង​មួយ​គ្រឿង​​បរ​​​សម្រុក​​​ទៅ​​កិន​​​លើ​​ហ្វូង​​មនុស្ស​​ដែល​​កំពុង​​ដើរ​លេង​ពាសពេញ​​នៅ​​លើ​​ផ្លូវ​​ធំ​​មួយ​​​ក្នុង​​រដ្ឋធានី​ស៊ុយអែត​​ជា​​ហេតុ​​បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​យ៉ាង​តិច​​៣​​នាក់​​​និង​​អ្នក​​រង​​របួស​​ជា​​ច្រើន​​នាក់។​

ផ្សាយពាណិជ្ជកម្ម

មធ្យោបាយ​ផ្សព្វផ្សាយព័ត៌មាន​ស៊ុយអែត បាន​​​ជូន​ដំណឹង​នៅ​រសៀល​ថ្ងៃ​សុក្រ៧មេសា ​ ថា​មាន​​ការ​វាយប្រហារ​មួយ​​ដោយភេរវជន​ បានបើក​​​ឡាន​​កាមីញ៉ុងធុន​​​តូច​មួយ​គ្រឿង​​​សម្រុក​ទៅ​បុក​លើ​ហ្វូងប្រជាជន​​ដែល​ធ្វើដំណើរ​នៅ​លើ​ផ្លូវ​ធំ​ Drottningatan ក្នុង​​​កណ្តាល​ទីក្រុង​Stockholm។ យោង​តាម​ប៉ូលីស​ស៊ុយអែត ការវាយប្រហារ​នេះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​ចំនួន​៣​​នាក់​និង​​​អ្នក​​រង​របួស​​ជា​ច្រើន​នាក់។​

 
តែ​ស្ថាននីយ​ផ្សាយសម្លេងរបស់​រដ្ឋស៊ុយអែត​ Ekot ​បាន​គូសបញ្ជាក់ថា ​នៅ​ក្នុង​អំពើ​ភេរវកម្ម​នៅ​​​​កណ្តាល​ទីក្រុងStockholm​ នេះ ចំនួន​អ្នក​ស្លាប់​និង​អ្នក​រង​របួស​មាន​ច្រើន​​តែពុំ​បាន​ឲ្យ​តួ​លេខ​នោះទេ​​។​ទន្ទឹមនេះ មេត្រូ​​ក្នុង​ទីក្រុង ​Stockholm ត្រូវ​​បាន​​អាជ្ញាធរស៊ុយអែត ​បិទ​​ពុំ​ឲ្យ​​មាន​ការធ្វើ​ចរាចរណ៍​​ដែរ ។ រីឯ ​រថភ្លើងនៅ​ជាយក្រុងវិញ បាន​ចាកចេញ​ពី​រដ្ឋធានី ​ជា​បន្ទាន់​ដើម្បីដឹក​ជញ្ជូន​​​អ្នកដំណើរ​​​ទៅដល់​​ទីដៅ​និងវិលត្រឡប់មកកាន់​ទីក្រុងវិញ​ដោយ​ទូរ​​ថភ្លើង​ទទេ​ស្អាត​គ្មាន​​ដឹក​អ្នកដំណើរ​​ និង​បញ្ឈប់សកម្មភាព​ដឹកអ្នកដំណើរ​ដែរ។​

ម្យ៉ាងទៀត យោងតាម​សាកសីម្នាក់ដែលថ្លែង​ប្រាប់ដល់​​ទីភ្នាក់ងារព័ត៌មាន Reuter ​​ឡាន​កាមីញ៉ុង​នោះ​ បាន​បើក​សម្រុក​សំដៅចូល​ទៅ​បុក​​បង្កប់​​នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​នៅ​ក្នុង​រដ្ឋធានី។

នៅ​ខណៈនេះ ប៉ូលីស​ស៊ុយអែត​កំពុង​ធ្វើការ​ស្រាវជ្រាវ​យ៉ាងម័តធ្យ័ត​បំផុត​​នៅ​លើទីកន្លែងនៃ​​ការវាយប្រហារ​​។ ម្យ៉ាងទៀត​​យោងតាម​​Reuters ដដែល ​អាជ្ញាធរទី​ក្រុងStockholm ​​​ បាន​រៀប​ចំ​​ដាក់​​បរិវេណ​​មួយដើម្បី​ការពារ​សុវត្ថិភាព​ដោយ​បិទ​ខ្ទប់​មិន​ឲ្យ​​មាន​ការ​ធ្វើចរាចរ​​ចេញ​ចូលឡើយ​​នៅ​ទីកន្លែង​វាយប្រហារនោះ។

នៅក្នុងការវាយប្រហារចំកណ្តាលបេះដូងប្រទេសស៊ុយអែតនេះ  ភ្លាមៗនោះ​ប្រតិកម្ម​អន្តរជាតិ​​​​ក៏​មាន​​ជាហូរហែរ​ជា​​បន្ត​បន្ទាប់​គ្នាដូចយ៉ាង​ប្រធាន​គណគម្មការ​អឺរ៉ុប​លោក ​Jean-Claude Juncker ​ដែលបាន​ផ្ញើសារ​​មួយ​​​សម្តែង​សាមគ្គីភាព​​ជាមួយ​ប្រទេស​ស៊ុយអែត​ដោយលោកបាន​វាយតម្លៃថា ការ​វាយ​ប្រហារលើប្រទេសអឺរ៉ុបមួយ​គឺ​ជាការវាយប្រហារ​អឺរ៉ុ​ប​​
ទាំងមូល។​ 

ចំណែកអ្នកនាំពាក្យរបស់​លោកស្រី Angela ​Merkel នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់វិញ បាន​គូស​បញ្ជាក់​ថា ប្រទេស​អាល្លឺម៉ង់​ស្ថិតនៅក្បែរ​នឹង​ស៊ុយអែតជានិច្ច​​ដើម្បីប្រឆាំងតទល់​នឹង​អំពើ​ភេរវនិយម និងក៏​​នឹកគិតទៅដល់​​បណ្តាជន​ដែលរស់នៅក្នុងទីក្រុង Stockholm  ចំពោះ​​អ្នក​រង​របួស​ដោយការវាយប្រហារ​​​ ដល់ក្រុមគ្រួសារនៃជនរងគ្រោះ​​ ក្រុមអ្នកជួយសង្គ្រោះ​ ​ក៏​ព្រមទាំង​ដល់​​ក្រុមប៉ូលីស​ស៊ុយអែ​តដែល​​កំពុង​បំពេញភារៈកិច្ចដ៏សកម្ម​​របស់ខ្លួននៅ​ខណៈ​​នេះ៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ