អានតួអត្ថបទ
អាល្លឺម៉ង់

អាល្លឺម៉ង់​ជឿជាក់​ថា ការ​វាយប្រហារ​លើ​រថយន្ត​ដឹក​កីឡាករបាល់ទាត់ Dortmund ​ជា​អំពើភេរវកម្ម

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​លើ​រថយន្ត​ដឹក​កីឡាករ​បាល់ទាត់ Dortmund ក្នុង​យប់​ថ្ងៃ​អង្គារ ទី១១ មេសា​បាន​និង​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម ហើយ​ដាន​អ៊ីស្លាមនិយមជ្រុល​នៅ​បន្ត​ជា​ទិសដៅ​អាទិភាព​តែ​មួយ​គត់​របស់​ក្រុម​អ្នកស៊ើបអង្កេត។ រដ្ឋអាជ្ញា​អាល្លឺម៉ង់​បាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មេសា​ដោយ​គ្មាន​មន្ទិលសង្ស័យ​ថា ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ទៅ​លើ​រថយន្ត​ដឹក​កីឡាករ​បាល់ទាត់ Dortmund គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម។ ទន្ទឹម​គ្នា ជនសង្ស័យ​ឃាត់ខ្លួន​ម្នាក់​ត្រូវ​បាន​រដ្ឋអាជ្ញា​បញ្ជាក់​ថា មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នោះ​ទេ។

អាល្លឺម៉ង់​ជឿជាក់​ថា ការ​វាយប្រហារ​លើ​រថយន្ត​ដឹក​កីឡាករបាល់ទាត់ Dortmund ​ជា​អំពើភេរវកម្ម
អាល្លឺម៉ង់​ជឿជាក់​ថា ការ​វាយប្រហារ​លើ​រថយន្ត​ដឹក​កីឡាករបាល់ទាត់ Dortmund ​ជា​អំពើភេរវកម្ម Sascha Schuermann / AFP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មេសា​នេះ​ដែល​រដ្ឋអាជ្ញា​អាល្លឺម៉ង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ការ​ស៊ើបអង្កេត​មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ពី​ការ​ចូលរួម​របស់​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​ក្រោយ​ការ​វាយប្រហារ​លើ​រថយន្ត​ដឹក​កីឡាករ​បាល់ទាត់ Dortmund ទេ។ តែ​រដ្ឋអាជ្ញា​បាន​បន្ថែម​ថា ការ​ឃុំខ្លួន​រូប​ជនសង្ស័យ​នោះ​នៅ​បន្ត​មាន​ទាក់ទង​នឹង​ការ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ពេល​ដែល​រូប​ជនសង្ស័យ​នោះ​បាន​ស្នាក់នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ជនសង្ស័យ​ដែល​រដ្ឋអាជ្ញា​អាល្លឺម៉ង់​បាន​លើកឡើង​នោះ គឺ​ជា​ជនជាតិ​អ៊ីរ៉ាក់​អាយុ ២៦ឆ្នាំ និង​ចាប់​ខ្លួន​នា​ថ្ងៃ​ពុធ ទី១២ មេសា។ គួរ​រម្លឹក​ជូន​ថា ក្រោយ​ការ​វាយប្រហារ​លើ​រថយន្ត​ដឹក​កីឡាករ​បាល់ទាត់ Dortmund នា​យប់​ថ្ងៃ​អង្គារ ទី១១ មេសា​ដែល​បាន​បណ្តាល​ឲ្យ​របួស​មនុស្ស​ពីរ​នាក់​មក ក្រុម​អ្នក​ស៊ើបអង្កេត​បាន​តម្រង់​ការ​ស៊ើបអង្កេត​លើ​ដាន​អ៊ីស្លាមនិយមជ្រុល​ដោយ​ចូល​ឆែកឆេរ​ក្នុង​ផ្ទះ​របស់​បុរស​ពីរ​នាក់​ដែល​ជា​សកម្មជន​របស់​ចលនា​អ៊ីស្លាមនិយម​ជ្រុល ក្នុង​នោះ បាន​ឃាត់ខ្លួន​តែ​រូប​ជនជាតិ​អ៊ីរ៉ាក់​ម្នាក់​គត់។

កាសែត​អាល្លឺម៉ង់​មួយ​ឈ្មោះ Bild ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មេសា​ឲ្យ​ដឹង​ថា ជនជាតិ​អ៊ីរ៉ាក់​រូប​នោះ​បាន​ស្ថិត​ក្រោម​ការ​តាម​ដាន​របស់​ប៉ូលិស​យូរ​ណាស់​មក​ហើយ​ទាក់ទង​នឹង​កិច្ចសន្ទនា​គួរ​ឲ្យ​សង្ស័យ​តាម​ទូរស័ព្ទ​នា​ពេល​កន្លង​មក។ គឺ​ជា​កិច្ចសន្ទនា​ដែល​បាន​ធ្វើ​ឲ្យ​ប៉ូលិស​គិត​ថា ជនជាតិ​អ៊ីរ៉ាក់​រូប​នោះ​មាន​លាក់​អាវុធ​ក្នុង​ផ្ទះ​របស់​គេ។

សូម​ជម្រាប​ជូន​ថា ការ​ដែល​ក្រុមអ្នក​ស៊ើបអង្កេត​បាន​តម្រង់​លើ​ដាន​អ៊ីស្លាមនិយមជ្រុល​លើ​ករណី​វាយប្រហារ​លើ​រថយន្ត​ដឹក​កីឡាករ​បាល់ទាត់ Dortmund ក៏​ដោយសារ​ពួក​គេ​បាន​រក​ឃើញ​សំបុត្រ​មួយ​សរសេរ​ដោយ​ឈ្មោះ Allah នៅ​កន្លែង​កើត​ហេតុ។ ខ្លឹមសារ​សំបុត្រ​បាន​អំពាវនាវ​រដ្ឋាភិបាល​អាល្លឺម៉ង់​ឲ្យ​បញ្ឈប់​ការ​ចូលរួម​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្ត​វាយប្រហារ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី។ ខណៈ​នេះ រដ្ឋអំណាច​អាល្លឺម៉ង់​កំពុង​សិក្សា ផ្ទៀងផ្ទាត់​លើ​សំបុត្រ​នោះ​យ៉ាង​ប្រយ័ត្នប្រយែង​ដោយ​ខ្លាច​ជា​សំបុត្រ​ក្លែងក្លាយ​បង្វែង​ដាន​ការ​ពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ