អានតួអត្ថបទ
នីហ្សេរីយ៉ា​

នីហ្សេរីយ៉ា៖​​ក្រុម​Boko Haram ​ដោះលែង​​​ក្មេងស្រី​សិស្សសាលា​​៨២នាក់​​

ក្រុម​ភេរវជន​​ ​Boko Haram បាន​ដោះលែង​ក្មេងស្រី​សិស្សសាលា​៨២នាក់ ដែល​ពួកវា​បាន​ចាប់ខ្លួន​កាលពី​ឆ្នាំ២០១៤ នៅ​នីហ្សេរីយ៉ា។ ​​ឆ្នាំ​២០១៤ ក្រុម Boko Haram បាន​ចាប់​ចំណាប់ខ្មាំង ជា​​​​ក្មេងស្រី​សិស្សសាលា​ជាង​២០០នាក់។ ​​​នៅ​ទីក្រុង​អាប៊ូចា ​ថ្ងៃ​អាទិត្យ​នេះ ប្រធានាធិបតី​នីហ្សេរីយ៉ាត្រូវ​​ជួប​ក្មេងស្រី​៨២​នាក់​​ដែល​ក្រុម​នេះ​ទើប​នឹង​ បាន​ដោះលែង។ 

ក្រោយ​ចាប់​ក្មេងស្រីសិស្សសាលានីហ្សេរីយ៉ា​​ជាង​២០០នាក់ ជា​ចំណាប់ខ្មាំង កាលពីខែមេសា ឆ្នាំ២០១៤ ក្រុមបូកូ អារ៉ាំ បាន​បង្ហាញ​រូបភាព​ក្មេងស្រី​ទាំងនេះ
ក្រោយ​ចាប់​ក្មេងស្រីសិស្សសាលានីហ្សេរីយ៉ា​​ជាង​២០០នាក់ ជា​ចំណាប់ខ្មាំង កាលពីខែមេសា ឆ្នាំ២០១៤ ក្រុមបូកូ អារ៉ាំ បាន​បង្ហាញ​រូបភាព​ក្មេងស្រី​ទាំងនេះ Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​​រដ្ឋ​អំណាច​​នីហ្សេរីយ៉ា ក្រុម​បូកូ អារ៉ាំ បាន​ដោះលែង​ក្មេងស្រី​សិស្សសាលា​៨២នាក់​ ជាថ្នូរ​នឹង​ការដោះលែង​​សកម្មជន​ក្រុម​ខ្លួន ដែល​អាជ្ញាធរ​នីហ្សេរីយ៉ាបាន​ចាប់ខ្លួន។ ​ប៉ុន្តែ ​អាជ្ញាធរ​មិនបាន​ប្រាប់ថា តើនីហ្សេរីយ៉ា​បាន​ដោះលែង​​សកម្មជនក្រុម​​បូកូ អារ៉ាំ​ប៉ុន្មាន​នាក់ ដើម្បី​អាច​ទទួលបាន​ក្មេងស្រីសិស្សសាលា​​៨២នាក់​មកវិញទេ។ 

នៅ​បង់គី ខាង​​ព្រំដែន​កាំម៉ឺរូន ​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​ក្មេងស្រីសិស្សសាលា​​ទាំងនេះ មុននឹងអោយពួកគេ​ឡើង​យន្តហោះ​ ត្រលប់​មក​នីហ្សេរីយ៉ា​វិញ។ ​គួររំលឹក​ថា ក្រុម​បូកូ អារ៉ាំ​ បាន​ចាប់​ចំណាប់ខ្មាំង ​ជា​ក្មេងស្រី​សិស្សសាលា​នីហ្សេរីយ៉ា ប្រមាណ​២២០នាក់ កាលពី​ខែ​មេសា ឆ្នាំ២០១៤ នៅ​Chibok ភាគឦសានប្រទេសនីហ្សេរីយ៉ា។ ​ក្មេងស្រី ជាង​៥០នាក់​បាន​រត់​រួចខ្លួន​មកវិញ។

​បន្ទាប់ពីនោះ ​ក្រុម​បូកូ​អារ៉ាំ​បាន​ដោះលែង​ចំណាប់ខ្មាំង​បន្តបន្ទាប់​មកវិញ ដូចជា​នៅ​ខែតុលា​ឆ្នាំ២០១៦ ក្រុមបូកូ​ ​អារ៉ាំ បាន​ដោះលែង​​ក្មេងស្រី​សិស្សសាលា​២១នាក់ ក្នុង​នោះ​មានទាំង​កុមារ​ជាកូនៗ​របស់​ពួក​នាង​​ ដែល​បានចាប់កំណើត​ក្នុង​ពេល​ចាប់ខ្លួន​នោះដែរ។ ប្រទេស​​​​​ស្វ៊ីស​ និង​អង្គការ​កាកបាទ​ក្រហម ​បាន​ចូលរួម​ជួយរដ្ឋាភិបាល​នីហ្សេរីយ៉ា ​ក្នុង​ការ​ចរចា​​ជាមួយ​ក្រុមជ្រុលនិយមអ៊ីស្លាម​មួយនេះ​ ដើម្បី​ទទួលបាន​ការ​ដោះលែង​ក្មេងស្រី​ទាំងនេះមកវិញ។

ដោយឡែក ​ក្រៅ​ពី​ក្មេងស្រី​សិស្សសាលា​ទាំង​នេះ ក្រុម​បូកូ អារ៉ាំ ​ក៏​បាន​ចាប់ចំណាប់ខ្មាំង​រាប់ពាន់​នាក់​ ក្នុង​នោះ​មា​នកុមារ​ផងដែរ។ ៧ឆ្នាំ​មកនេះ ​ក្រុម​ភេរវជន​​បូកូ​អារ៉ាំ​បា​ន​ធ្វើការ​បះបោរ​​ នៅ​នីហ្សេរីយ៉ា ​ដើម្បី​បង្កើត​រដ្ឋ​អ៊ីស្លាម​កាលីហ្វា​ នៅភាគឦសាន។ ​ក្រុម​បូកូ អារ៉ាំ បាន​សម្លាប់​មនុស្ស​ជាង​២ម៉ឺននាក់ ​ធ្វើអោយ​មាន​ជនភៀសខ្លួនជាង​​២លាននាក់៕ ​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ