អានតួអត្ថបទ
បារាំង

មហោស្រព​ភាពយន្ត​​កានបើកទ្វារ​ក្រោម​ការពង្រឹង​សន្តិសុខ​ដ៏តឹង​មិនធ្លាប់មាន

មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន​​ចាប់ផ្តើម​បើក​​ទ្វារ ពី​ថ្ងៃពុធនេះ រហូត​ដល់​ថ្ងៃទី ២៨​ឧសភា​ខាងមុខ។ ខ្សែភាពយន្ត​ចំនួន​១៩​មក​ពី​១២​ប្រទេស​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​ដណ្តើម​តាល់ប័ត្រ​មាស ដែលនៅ​ឆ្នាំ​នេះ​ត្រូវ​បានច្នៃ​ឡើង​ជាពិសេស​ជាមួយ​នឹង​ការដាំគ្រាប់​ពេជ្រ​ពី​ពាន​រង្វាន់​មាស តម្លៃ​២ម៉ឺន​អឺរូ។

ទាហាន​បារាំង​ដើរ​ល្បាត​នៅ​មុខ​ផ្លូវ​ចូល​ទៅ​ក្នុង​អគារ​មហោស្រព​កាន​នៅ​ថ្ងៃ​ទី ១៧​ឧសភា​២០១៧
ទាហាន​បារាំង​ដើរ​ល្បាត​នៅ​មុខ​ផ្លូវ​ចូល​ទៅ​ក្នុង​អគារ​មហោស្រព​កាន​នៅ​ថ្ងៃ​ទី ១៧​ឧសភា​២០១៧ REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

មហោស្រព​ ​កាន ដែល​ជា​មហោស្រពភាពយន្ត​ដ៏​ល្បីចាប់​ផ្តើម​បើក​សម្ពោធ នៅ​ម៉ោង​៧យប់​ ដែល​ត្រូវ​នឹង​ម៉ោង​១២​អធ្រាត្រ ម៉ោង​នៅ​ប្រទេស​កម្ពុជា។ ទោះជាពិធី​នៅ​មិនទាន់​ចាប់ផ្តើម​មែន ប៉ុន្តែ គេ​ដឹង​ហើយថា តើ​តារា​ណាខ្លះ​ដែល​នឹង​លេច​មុខ​នៅ​លើ​កម្រាល​ព្រំក្រហម នៅ​ក្នុង​ពិធី​បើក​សម្ពោធ​មហោស្រពកាន​នៅ​យប់​នេះ។ អ្នកស្រី​នីកូល ឃីតមែន តារាភាពយន្ត​អូស្រ្តាលី ជូលៀន ម៉រ តារា​អាមេរិកាំង ស្ហាឡុត ហ្កាំងស្បួរ តារា​បារាំង ឬ​អ្នកដឹកនាំ​រឿង​ជប៉ុន តារាភាពយន្ត​អាមេរិកាំង វីល ស្មីត​ ជាដើម ដែល​ចូលរួម​ក្នុង​គណៈ​មេប្រយោគ​​ដាក់​ពិន្ទុ​ ជាដើម​ នឹង​មាន​មុខ​ជាមួយ​នឹង​តារា​ល្បីៗ​ជាច្រើន​នាក់​ផ្សេងទៀត នៅ​លើ​ជណ្តើរ​ក្រាល​កម្រំព្រំ​របស់​មហោស្រព​កាន។

 
ដោយសារ​ឆ្នាំនេះ​មហោស្រព​ភាពយន្ត​កាន​មាន​​អាយុ​​៧០ឆ្នាំ ​ ​​មហោស្រព​ ត្រូវ​បាន​រៀបចំ​ឡើង​ថ្មី​ប្លែក​ខុស​ពី​ឆ្នាំមុន នៅ​ត្រង់ថា លើកនេះ អ្នករៀបចំ​មហោស្រព​កាន​បាន​សម្រិត​សម្រាំង​ជា​ពិសេស រង្វាន់​តាល់ប័ត្រ​មាស ដែល​គេ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ខ្សែភាពយន្ត​ដែល​ល្អ​ដាច់​គេ។ តាម​អ្នករៀបចំ​មហោស្រព រង្វាន់​តាល់ប័ត្រមាស​​ឆ្នាំនេះ នឹង​មាន​ដាំ​អម​ដោយ​គ្រាប់ពេជ្រ​តូចៗ ដល់​ទៅ​ជាង ១៦០គ្រាប់ នៅលើ​ស្លឹក​តាល់ប័ត្រ​ដែល​ធ្វើ​ពីមាស​សុទ្ធ។

នៅ​ឆ្នាំនេះ មានខ្សែ​ភាព​យន្ត​អន្តរជាតិ​ចំនួន ១៩​ ចូលរួម​​ប្រកួតប្រជែង​ដណ្តើម​តាល់​ប័ត្រ​មាស​របស់​មហោស្រព​កាន និង​មាន​ខ្សែភាពយន្ត​ជាង​៤០​ទៀត​ដែល​ជ្រើស​រើស​ឲ្យ​ចាក់​បញ្ចាំង​​ក្នុង​មហោស្រព ប៉ុន្តែ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយនេះ នេះជាលើក​ទី​១ ដែល​គ្មាន​ខ្សែ​ភាពយន្ត​ខ្មែរ​របស់​លោក​ប៉ាន់ រិទ្ធី ឬ​ជូ ដាវី​ចូលរួម បង្ហាញ​មុខ​នឹងគេ​នៅក្នុង​មហោស្រពកាន។

សង្រ្គាម​ប៉ាការ​ជាមួយ​Netflix
មហោស្រព​កាន​មិន​បាន​រលូន​ តាំង​ពី​មិន​ទាន់​ចាប់ផ្តើម​បើកទ្វារ​ជាផ្លូវការម៉្លេះ ពោល​គឺ​បន្ទាប់​​ពី​មហោស្រព​បាន​សម្រេច​ជ្រើសរើស​ខ្សែភាពយន្ត​ពីរ គឺ​មួយ​ជា​រឿង​កូរ៉េOKJA ​ របស់​សមិទ្ធិករ​កូរ៉េខាងត្បូង​Bong Joon Ho និង​មួយ​ទៀត​ជារឿង​អាមេរិកាំងThe MEYEROWITZ STORIES របស់​Noah BAUMBACH ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិកាំងNetflix​​ បណ្តាញ​​ទូរទស្សន៍​អ៊ីនធ័រនែត។ នេះ​ជា​លើក​ទី១ ដែល​មហោស្រព​បាន​ជ្រើសរើស​ខ្សែភាពយន្ត​ដែល​ផលិត​សម្រាប់​តែ​អ្នកមើលអ៊ីនធ័រនែត ឲ្យ​ចូលរួមក្នុង​ការ​ប្រកួតប្រជែង​ផ្លូវការ នៅ​ក្នុង​មហោស្រព។

អ្នករៀបចំ​មហោស្រព​ហើយ​និង​ក្រុមហ៊ុន​អាមេរិកាំង Netflix​​ (​មាន​វត្តមាន​នៅ​ស្រុក​ខ្មែរ​​តាំង​ពី​ដើម​ឆ្នាំ​២០១៦) បាន​ចាប់ខ្វែងគំនិត​គ្នា ពីរឿង​ការដាក់បញ្ចាំង​ខ្សែភាពយន្ត​ទាំង​ពីរ​របស់​ Netflix​​​នៅ​តាម​រោងកុន​នៅ ស្រុក​បារាំង។ តាម​ច្បាប់ ទម្លាប់​ប្រពៃណី​របស់​មហោស្រពកាន ​រាល់​ខ្សែភាពយន្ត​ មិនថា បារាំង​ឬ​បរទេស ដែល​ត្រូវ​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​ដណ្តើម​តាល់ប័ត្រ​មាស គឺ​ត្រូវ​តែ​ដាក់​បញ្ចាំង​ជាមុន​សិន​នៅ​តាម​រោងកុន​នៅ​បារាំង បន្ទាប់មក​ត្រូវ​រង់ចាំ ៣ឆ្នាំ​ទើប​អាច​ដាក់ឲ្យ​​គេ​ជាវ​មើល​រឿងកុន​នោះ​នៅ​លើអ៊ីនធ័រនែត។ មហោស្រព និង​សហព័ន្ធ​ភាពយន្ត​បារាំង​ទាមទារ​យ៉ាងដូច្នេះ ព្រោះ​តែ​ចង់​ជំរុញ​ឲ្យ​មនុស្ស​ទៅមើល​កុន នៅ​រោង។ ម្យ៉ាង​​ លុយ​បាន​មក​ពី​ការលក់​សំបុត្រ ហើយ​និង​ពន្ធ​​ដែល​បាន​មក​ពី​ឧស្សាហកម្ម​ភាពយន្ត គឺ​ជាចំណូល សំខាន់​សម្រាប់​រដ្ឋ។

ក្រុមហ៊ុន​ Netflix​​​ដែល​មាន​អ្នកជាវ​តាម​អ៊ីនធ័រនែត​ប្រមាណ ១០០​លាននាក់​នៅក្នុង​ពិភពលោក​ បានជំទាស់​ដាច់ខាត​នឹង​ការទាមទារ​របស់​មហោស្រព និង​សហព័ន្ធ​ភាពយន្ត​បារាំង ព្រោះ​ថា Netflix​​​ដែល​មាន​របរ​សំខាន់​គឺ​ផលិត​កុន សម្រាប់​ដាក់​ឲ្យគេ​មើល​ជាវ នៅ​លើ​អ៊ីនធ័រនែត​។ នៅចន្ទ ទី ១៥​ឧសភា ​ពីរ​ថ្ងៃ​មុន​បើក​​មហោស្រព​ភាពយន្ត​កាន ថ្នាក់ដឹកនាំ​របស់​ Netflix​​​បាន​អំពាវនាវ​ឲ្យ​មហោស្រព​ភាពយន្ត​​កាន​ផ្លាស់ប្តូរ​ទំលាប់​ចាស់ ព្រោះ​នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប មនុស្ស​បាន​ផ្លាស់ប្តូរ​ទម្លាប់​​​មើល​កុន គឺ​មិន​សូវ​ទៅ​មើ​ល​នៅ​រោង​ដូចមុននោះទេ។ សម្រាប់​ Netflix​​ លក្ខខណ្ឌ​កំណត់​ដោយ​មហោស្រព​ដែល​ថា គេ​ត្រូវ​រង់ចាំ​ដល់​ទៅ​៣​ឆ្នាំ ដើម្បី​អាច​ដាក់​ឲ្យ​ជាវ​មើល​តាម​អ៊ីនធ័រនែត គឺ​យូរណាស់។ លក្ខខណ្ឌ​កំណត់​ដោយ​មហោស្រពកាន នឹង​​ក្លាយ​ជា​ឧបសគ្គ​សំខាន់ ខ្ទាស់​ជើង មិន​ឲ្យ​វិស័យ​ភាពយន្ត​វិវឌ្ឍ​ទៅ​មុខ​ ជាពិសេស​នៅក្នុង​កាល​សម័យ​ដែល​មនុស្ស​ចាប់​មាន​ទម្លាប់​មើល​កុន នៅលើ​អេក្រង់​តូចៗ ឬ​នៅលើ​ទូរស័ព្ទ​ក៏មាននោះ។

សង្រ្គាម​ប៉ាការ​លើកនេះ កំពុង​ធ្វើ​ឲ្យ​គេ​ឃើញ​ថា ទស្សនៈ​ទៅលើ​ខ្សែភាពយន្ត​ កំពុង​ប្រែប្រួល គឺត្រូវ​តែ​ចេះ​សម្រប​ខ្លួន ទៅតាម​សម័យ​ឌីជីថល ​សម័យ​អ៊ីនធ័រនែត បច្ចុប្បន្ននេះ។

ផើងផ្កាយក្ស​សម្រាប់​បាំង​កុំ​ឲ្យ​ឡាន​កាំម៉្ញុង​របស់​ភេរវជន​បើក​កិនលើ​ក្រុមមនុស្ស​
 នៅ​ឆ្នាំនេះ មហោស្រព​ភាពយន្ត​កាន​ត្រូវបាន​រៀបចំឡើង នៅក្រោម​ការការពារ រឹតបន្តឹង​សន្តិសុខ​យ៉ាងតឹងរ៉ឹង​បំផុត ដែល​មិនធ្លាប់​មាន។ នៅក្នុង​កាលៈទេសៈ​ដែល​បារាំង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​នៅ​ឡើយ ដោយសារ​ការគំរាមកំហែង​ភេរវកម្ម អាជ្ញាធរ​ក្រុង​កាន ក៏ដូចជា​ប៉ូលិស​ជាតិ បាន​ចាត់វិធានការ​ចំនួន​៣​បន្ថែម ពីលើ​ការពង្រាយ​ប៉ូលិស និង​ទាហាន​នៅ​តាម​ផ្លូវ។

ទីមួយ គឺ​ការតាំង​ពង្រាយ​ផើង​ផ្កា​យក្ស​នៅ​តាម​ច្រក​ផ្លូវ​សំខាន់ៗ ដែល​សំដៅ​ទៅ​កាន់​មហោស្រពកាន។ ​​ប្រធាន​ប៉ូលិស​ក្រុង​កាន​បាន​និយាយ​ថា ផើងផ្កាយក្ស​មិន​មែន​គ្រាន់​តែ​ដើម្បី​តាំង​លម្អ​តែប៉ុណ្ណោះទេ ប៉ុន្តែ តាមពិត​វា​ត្រូវ​គេ​ដើម្បី​ទុក​គ្រាន់​ជា​រនាំង​បាំងការពារ​ នៅក្នុង​ករណី​ដែល​​ភេរវជន​ចង់​ប្រើ​រថយន្ត​បើក​កិន​សម្លាប់​មនុស្ស ដូចនៅ ទីក្រុង​នីស​ នៅ ប៊ែរឡាំង ឬ​នៅ​ទីក្រុង​ឡុងដ៍​កាលពី​ប៉ុន្មាន​ខែមុន។

ក្រុង​កាន​នេះ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​នីស ជាទី ដែល​កាល​ពី​១០​ខែ​មុន ភេរវជន​ម្នាក់​ដែល​ប្រកាស​ទទួលស្គាល់​ដោយ​ ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ បាន​បើក​ឡានកាំម៉្ញុង​សម្លាប់​មនុស្ស​៨៦​នាក់ នៅ​ពេល​ដែល​មនុស្សម្នា​រ​កំពុង​ឈរ​មើល​កាំជ្រួច​នៅ​ថ្ងៃ​បុណ្យជាតិ ១៤​កក្កដា។

អាជ្ញាធរ​បារាំង​ចង់​បញ្ជៀស​កុំ​ឲ្យ​សេណារីយ៉ូ​អាក្រក់​នេះ​កើត​មាន​នៅ​ទីក្រុង​កាន ដែល​មិនត្រឹម​ជាទីក្រុង​ទេសចរណ៍ ប៉ុន្តែ ជាទីក្រុង​បេះដូង​សម្រាប់​រៀបចំ​មហោស្រពភាពយន្ត​អន្តរជាតិ​ដ៏ល្បីឈ្មោះ​ក្នុង​ពិភពលោក។

ក្នុង​ក្របខ័ណ្ឌ​ពង្រឹង​សន្តិសុខ​កម្រិតខ្ពស់នេះដែរ ក្រៅតែ​ពី​ផើង​ផ្កា​យក្ស​ដែល​បញ្ឈរ​ជើង​ចាំ​ជារនាំង​បាំងឡាន​កាំម៉្ញុង​សម្លាប់មនុស្ស អាជ្ញាធរ​នៅ​បាន​បំពាក់​ផងដែរ កាមេរ៉ា​ជាង​៥០០​នៅ​គ្រប់​ កែង​ជ្រុង​ផ្លូវ គ្រប់​ច្រកចេញចូល ទៅ​កាន់តំបន់​ដែល​មាន​រៀបចំ​មហោស្រព​។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ប៉ូលិស​ ទាហាន​ដែល​ដើរ​ជា​ក្រុមៗ ល្បាត​ជាមួយ​កាំភ្លើង​វែង ហើយ​និង​ការតាមដាន​ស៊ើបការណ៍​សម្ងាត់​របស់​ប៉ូលិស​ជាតិ​ផង។ បន្ថែម​ពី​ប៉ូលិស​ដែល​ស្លៀកពាក់​ស៊ីវិល ឈរ​លាយឡំ​ក្នុង​ហ្វូងមនុស្ស ប៉ូលិស​ក្រុង​កាន​នៅ​បាន​ទទួល​ជំនួយ​គាំទ្រ​ពីប្រជាជន​កាន ប្រមាណ ២០​នាក់ ដែល​បាន​ស្ម័គ្រ​ចិត្ត​​​ធ្វើ​ជា​ភ្នែក​ជា​ច្រមុះ​របស់​ប៉ូលិស និង​រាយការណ៍ភ្លាម​​នៅ​ពេល​ឃើញ​មាន​ករណី​​សង្ស័យ​ធ្វើ​ភេរវកម្ម។៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ