អានតួអត្ថបទ
អ៊ីតាលី-បេតិកភណ្ឌ

អ៊ីតាលី ជម្រុញ​ឲ្យ​បង្កើត​កង​កម្លាំង​មួកខៀវ ​ដើម្បី​សង្រ្គោះ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៣០​មីនា ​ម្សិលមិញ ​នៅ​ទីត្រុង​ហ្វ្លូរ៉ង់ ​ប្រទេស​អ៊ីតាលី ​មាន​ការ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ ​នៃ​ប្រទេស​អ្នក​មាន​ជាង​គេ​ទាំង​៧ ​ដើម្បី​រិះរក​មធ្យោបាយ​ ការពារ ​និង​សង្រ្គោះ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ​ដែល​បាន ​និង​កំពុង​តែ​រង​គ្រោះ​ដោយសារ​សង្រ្គាម ​ ​រឺ​ដោយសារ​គ្រោះ​ធម្មជាតិ។ អ៊ីតាលី ​ដែល​មាន​បទពិសោធន៍​ និង​ភាព​ស្វាហាប់​ជាង​គេ ​ បាន​សំណូមពរ​ ឲ្យ​បង្កើត​កង​កម្លាំង​មួកខៀវ​ពិសេស ​ក្នុង​ក្រប​ខណ្ឌ​របស់​អង្គការ​យូណេស្កូ ​ដើម្បី​ស្រោចស្រង់​ និង​សង្រ្គោះ​សម្បតិ្ត​បេតិកភណ្ឌ​នានា ​ទូទាំង​ពិភពលោក។

ទៅក្រុងបុរាណ Palmyre នៅស៊ីរី ដែលបានរងការ​បំផ្លេចបំផ្លាញ​ដោយសារ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម
ទៅក្រុងបុរាណ Palmyre នៅស៊ីរី ដែលបានរងការ​បំផ្លេចបំផ្លាញ​ដោយសារ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម AFP
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​លើក​ទីមួយ ​ ដែល​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​នៃ​ប្រទេស​អ្នក​មាន​ទាំង​៧ ​មាន​ដូចជា ​បារាំង ​សហរដ្ឋ​អាមេរិក ​ ជប៉ុន​ អាល្លឺម៉ង់ ​ អង់គ្លេស ​កាណាដា ​និង​អ៊ីតាលី ​បាន​ជួប​ប្រជុំ​គ្នា ​ ដោយ​មាន​កិច្ច​សហការ​ជាមួយ​នឹង​អង្គការ​យូណេស្កូ។​ ទីក្រុង​ហ្វ្លូរ៉ង់ ​ទីក្រុង​បុរាណ​ដ៏​ល្បី​របស់​អ៊ីតាលី ​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​នេះ ​ រយៈពេល​២ថ្ងៃ​នេះ។ ដោយសារ​តែ​អ៊ីតាលី ​ជា​អតីត​អាណាចក្រ​រ៉ូម៉ាំង ​ទើប​ដែនដី​អ៊ីតាលី​ទាំងមូល ​ សំបូរ​ទៅ​ដោយ​សម្បតិ្ត​បេតិកភណ្ឌ ​ ដែល​ការ​នេះ​ បាន​ញ៉ាំង​ឲ្យ​អ៊ីតាលី ​ មាន​បទ​ពិសោធន៍​ និង​សមត្ថភាព ​ ក្នុង​ការ​អភិរក្ស​ការពារ។

 
លោក​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​អ៊ីតាលី ​បាន​ថ្លែង​ថា ​លោក​ចង់​ប្រើប្រាស់​សមត្ថភាព​ និង​បទ​ពិសោធន៍​របស់​អ្នក​ជំនាញ​អ៊ីតាលី ​ យក​ទៅ​ចូលរួម​ឲ្យ​បាន​សកម្ម ​ក្នុង​ការ​ស្រោចស្រង់​សម្បត្តិ​បេតិកភណ្ឌ​នានា ​ដែល​កំពុង​តែ​រងគ្រោះ ​មិន​ថា​ដោយសារ​សង្រ្គាម​ ​រឺ​ដោយសារ​គ្រោះ​ធម្មជាតិ។ ក្នុង​ន័យ​នេះ ​ អ៊ីតាលី ​បាន​លើក​ជា​សំណើរ ​ឲ្យ​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ ​ហៅថា ​កងកម្លាំង​មួកខៀវ​ដើម្បី​សង្រ្គោះ​សម្បត្តិ​បេតិកភណ្ឌ ​ដោយ​មាន​អង្គការ​សហប្រជាជាតិ ​និង​អង្គការ​យូណេស្កូ ​ជា​បង្អែក។

កង​កម្លាំង​ពិសេស​របៀប​នេះ ​អ៊ីតាលី​បាន​បង្កើត​រួច​មក​ហើយ ​នៅ​ឆ្នាំ​២០១៦ ​ ក្រោយ​ពេល​កើត​គ្រោះ​រញ្ជួយដី ​នៅ​ភាគ​កណ្តាល​អ៊ីតាលី​ ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​តំបន់​ប្រវត្តិសាស្ត្រ ​និង​អាគារ​បូរាណ​មួយ​ចំនួន។ អ៊ីតាលី ​ចង់​ពង្រីក​ការងារ​នេះ​ ជាមួយ​នឹង​ប្រទេស​ផ្សេង​ ដោយ​អ៊ីតាលី ​ធ្វើ​ជា​អ្នក​បណ្តុះបណ្តាល ​ពី​របៀប​ធ្វើ​បេសកកម្ម ​សង្រ្គោះ ​និង​ការពារ​ឲ្យទាន់​ពេល​វេលា។

គួរកត់​សម្គាល់​ថា ​ មួយ​រយៈ​ចុង​ក្រោយ​នេះ ​មតិ​សាធារណៈ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ទៅ​លើ​ការ​បំផ្លេច​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ​ តួយ៉ាង​ដូច​ជា​តំបន់​ទីក្រុង​បុរាណ​ប៉ាល់មៀរ ​ដែល​បាន​ស្ថិត​ក្នុង​ដៃ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ហើយ​តំបន់​នេះ ​ត្រូវ​បាន​រង​ខូតខាត​យ៉ាង​តំណំ។  ក្រៅពី​នេះ​ នៅ​មាន​ទីក្រុង​បុរាណ ​ជាច្រើន​កន្លែង​នៅ​អ៊ីរ៉ាក់ ​ ក៏ដូច​ជា​នៅ​យេម៉ែន ​ ដែល​បាន​រង​ការ​បំផ្លេចបំផ្លាញ ​ ដោយស្នាដៃ​ជន​ជ្រុល​និយម ​ រឺ​ដោយសារ​សង្រ្គាម។

អង្គការ​យូណេស្កូ ​ក៏ដូច​ជា​អ៊ីតាលី ​ មាន​បំណង​ជំរុញ​ឲ្យ​កិច្ច​ប្រជុំ ​ក្រសួង​វប្បធម៌​នៃ​ប្រទេស​អ្នក​មាន​ទាំង​៧​នាពេល​នេះ ​ រួមគ្នា​កំណត់​គោល​នយោបាយ​រួម​ ក្នុង​ក្របខណ្ឌ​អន្តរជាតិ ​ ដើម្បី​លើក​ជា​គម្រោង​ការពារ​ ស្រោចស្រង់​សម្បត្តិ​បេតិកភណ្ឌ ​ដែល​បាន​នឹង​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ