អានតួអត្ថបទ

អគ្គនាយក​អង្គការ​យូណេស្កូ​ថ្មី​ជា​ស្ត្រីជាតិបារាំង លោកស្រី Audrey Azoulay

ក្នុង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល ទើប​បាន​ប្រកាស​ដក​ខ្លួន​ចេញពី​អង្គការ ក្រុម​ប្រឹក្សា​ប្រតិបត្តិ​អង្គការ​យូណេស្កូ បាន​បោះឆ្នោត​​ជ្រើសរើសបេក្ខនារី​បារាំង ​លោកស្រី អូដ្រេ អាស្ហូឡេ Audrey Azoulay អតីត​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​​បារាំង ជា​អគ្គនាយិកា​ថ្មី​ បន្ត​តំណែង​ពី​លោក​ស្រី អ៊ីរីណា បូកូវ៉ា។ បេក្ខភាព​របស់​លោក​ស្រី​នឹង​ត្រូវ​អនុម័ត​ជា​ផ្លូវការ​ ដោយ​មហាសន្និបាត​របស់​អង្គការ​យូណេស្កូ​ លើក​ទី ៣៩ នៅ​ថ្ងៃទី ១០​វិច្ឆិកា ដែល​មាន​សមាជិក​ចំនួន​១៩៥​ប្រទេស​ចូល​រួម។

លោកស្រី Audrey Azoulay អគ្គនាយក​អង្គការ​យូណេស្កូ​ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី
លោកស្រី Audrey Azoulay អគ្គនាយក​អង្គការ​យូណេស្កូ​ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី 路透社。
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​​អង្គ​មហាសន្និបាត​​អនុម័ត​​ជម្រើស​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិជា​ផ្លូវការ​ នោះ​លោកស្រី អូដ្រេ អាស្ហូឡេ នឹងក្លាយ​ជាប្រមុខ​ដឹកនាំ​អង្គការ​ភេទ​​ស្ត្រី​ ជា​លើក​ទីពីរ និង​ក្នុង​ខណៈ​ដែល​អង្គការ​កំពុង​ឆ្លងកាត់​ពេល​វេលា​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​របស់​ខ្លួន។

​យូណេស្កូ ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ កំពុង​​ប្រឈម​នឹង​ភាពទន់​ខ្សោយ​ខ្លាំង។ មានការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ហើយ មាន​ជម្លោះទៀត ដោយ​​សហរដ្ឋ​​​អាមេរិក​និ​ងអ៊ីស្រាអែលបាន​ប្រកាស​ដក​ខ្លួន​ចេញ​​ពី​អង្គការ នៅ​ចុង​ឆ្នាំ​២០១៨។ ប៉ុន្តែ​អង្គការ​បាន​រក​ឃើញ​បេក្ខភាព​ដ៏​សក្តិសម​ ! មាន​អាយុ ៤៥​ឆ្នាំ មាន​ដើម​កំណើត​​ជាជ្វីហ្វ (អ៊ីស្រាអែល) កើត​នៅ​​ម៉ារ៉ុក ឪពុក​ជា​ទីប្រឹក្សា​ស្តេច​ ម្តាយ​ជា​អ្នក​និពន្ធ ​លោកស្រី អូដ្រេ អាស្ហូឡេ មាន​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប៉ារីស​ផង សាលា​រដ្ឋបាល​ផង និង​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​បារាំង​នៅ​ឆ្នាំ​២០១៤ ក្រោម​អាណត្តិ​របស់​លោកហ្វ្រង់ស័រ ហូឡង់។

គ្រាន់​តែ​បាន​ជាប់​ឆ្នោត​ភ្លាម លោកស្រី​បាន​ប្រកាស​ថា « ​ក្នុង​ពេល​មាន​វិបត្តិ គេ​ត្រូវ​ចូល​រួម​ឱ្យ​បាន​កាន់​តែ​ខ្លាំង ស្វែង​រក​វិធី​ពង្រឹង​អង្គការ​​ឱ្យ​រឹង​មាំ​ឡើង​វិញ និង​មិន​ត្រូវ​ចាក​ចេញ​ទេ !” លោកស្រី​បាន​សន្យា​ ស្តារ​ជំនឿ​ និង​ទំនុកចិត្ត​ ឱ្យ​អង្គការ​វិញ ក្នុង​រង្វង់​ប្រទេស​ជា​សមាជិក​​ឱ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។

លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង បាន​បង្ហោះ​សារ​កោត​សរសើរ​លោកស្រី អាស្ហូឡេ ថា បារាំង​នឹង​បន្ត​តស៊ូ​ប្រយុទ្ធ​ដើម្បី​វិទ្យាសាស្ត្រ​ ការ​អប់រំ និង​វប្បធម៌​ ក្នុង​ពិភពលោក។

សូម​បញ្ជាក់​ថា​ លោកស្រី​ អាស្ហួឡេ បាន​ទទួល​សំឡេង​គាំទ្រ​៣០​ទល់​នឹង​គូប្រជែង​មក​ពី​ប្រទេស​កាតា ២៨​សំឡេង។ បេក្ខភាព​កាតា​នាំ​មុខ​រហូត​ដំបូង​ឡើង​ ប៉ុន្តែនៅជុំ​ផ្តាច់​ព័ទ្ធ​តាកា​គ្មាន​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ពី​ក្រុម​ប្រទេស​អារ៉ាប​ ដោយ​​អេហ្ស៊ីបងាក​មក​គាំទ្រ​បេក្ខភាព​បារាំង​វិញ។​ កាលពី​ខែ​មិថុនា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាបរួម បារ៉ែន និង​អេហ្ស៊ីប​ បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កាតា ដោយ​ចោទ​កូន​ប្រទេស​នេះ ថា​គាំទ្រ​ពួក​ជ្រុលនិយម​ និង​អ៊ីរ៉ង់។ ជម្លោះនេះ​​បាន​រារាំង​ក្រុមប្រទេស​អារ៉ាប​មិន​ឱ្យរក​ឃើញ​​បេក្ខភាព​ប្រចាំ​តំបន់តែ​មួយ​សម្រាប់​មក​ដឹកនាំ​អង្គការ​ ដូច​ការ​ស្រមៃ​ចង់​បាន​សោះ។ យូណេស្កូ​មិន​ធ្លាប់​មាន​អគ្គនាយក​មក​ពីតំបន់​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ