អានតួអត្ថបទ
បារាំង

បន្ទាប់​ពី​នៅ​ទ្រឹង​អស់​ជា​ច្រើន​ឆ្នាំ កំណើនសេដ្ឋកិច្ច​បារាំង​បាន​ស្ទុះ​ឡើង​ក្នុង​ឆ្នាំ ២០១៧

នៅ​ក្នុង​ប្រទេស​បារាំង ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើង​ក្នុង​ឆ្នាំ ២០១៧ បើ​ធៀប​នឹង​ឆ្នាំ ២០១៦។ តួលេខ​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ចជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី៣០ មករា​នេះ​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៧​មាន​អត្រា ១,៩% ទល់​នឹង ១,១% ក្នុង​ឆ្នាំ ២០១៦។ ១,៩% ជា​កំណើន​មួយ​ដ៏​ខ្ពស់​ដែល​បារាំង​មិន​ធ្លាប់​ទទួល​បាន​ទេ បើ​គិត​តាំង​ពី ៦ឆ្នាំ​កន្លង​ទៅ។

វិទ្យាស្ថាន​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ចជាតិ​ហៅ​កាត់​ថា Insee
វិទ្យាស្ថាន​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ចជាតិ​ហៅ​កាត់​ថា Insee AFP PHOTO / THOMAS SAMSON
ផ្សាយពាណិជ្ជកម្ម

តួលេខ​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​ឆ្នាំ ២០១៧ ចំនួន ១,៩% ដែល​វិទ្យាស្ថាន​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ចជាតិ​ហៅ​កាត់​ថា Insee បាន​ចុះ​ផ្សាយ​ជា​ផ្លូវការ​ថ្ងៃ​នេះ គឺ​ជា​តួលេខ​មួយ​ដូច​ដែល Insee និង​ធនាគារ​បារាំង​បាន​រំពឹង​ទុក​នា​ពេល​ថ្មីៗ​កន្លង​ទៅ។ តែ Insee បាន​ទទួល​ស្គាល់​ថា គឺ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី៤ លើស​ពី​ការ​គិត​ទុក​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ១,៩% សម្រាប់​ឆ្នាំ ២០១៧។ នៅ​ខាង​រដ្ឋាភិបាល​វិញ ច្បាប់​ហិរញ្ញវត្ថុ​ដែល​ទើប​អនុម័ត​នា​ដំណាច់​ឆ្នាំ ២០១៧ បាន​ប្រមើលមើល​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិត​តែ ១,៧% ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ ២០១៧។

តែ​នៅ​ពេល​នោះ​នា​ឱកាស​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ Bruno Le Maire ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា កំណើន​សេដ្ឋកិច្ច​អាច​នឹង​ទទួល​បាន​លើស​ពី​ការ​ប្រមើល​ទុក។ តាម Insee កំណើន​សេដ្ឋកិច្ច​ដែល​ទទួល​បាន​សម្រាប់​ឆ្នាំ ២០១៧ បាន​មក​ពី​កំណើន​វិនិយោគ​របស់​រោងចក្រ​សហគ្រាស និង​ពលរដ្ឋ​ទូទៅ។ ក្នុង​ឆ្នាំ ២០១៧ វិនិយោគ​របស់​រោង ចក្រសហគ្រាស​បាន​កើន​ឡើង​ចំនួន ៤,៣% ទល់​នឹង ៣,៤% ក្នុង​ឆ្នាំ ២០១៦ រីឯ​វិនិយោគ​របស់​ពលរដ្ឋ​ទូទៅ​វិញ​បាន​កើន​ឡើង​ចំនួន ៥,១% ក្នុង​ឆ្នាំ ២០១៧​ទល់​នឹង ២,៤% ក្នុង​ឆ្នាំ ២០១៦។

បន្ទាប់​មក ការ​ចំណាយ​ទិញ​របស់របរ​ប្រើប្រាស់ និង​សេវា​ផ្សេងៗ​បាន​កើន​ឡើង​ចំនួន ១,៣% ក្នុង​ឆ្នាំ ២០១៧។ កត្តា​បន្ទាប់​ទៀត គឺ​កំណើន​នៃ​ការ​នាំ​ទំនិញ​បារាំង​ចេញ​ទៅ​បរទេស​ដែល​កើន ៣,៥% ក្នុង​ឆ្នាំ ២០១៧​ទល់​នឹង ១,៩% ក្នុង​ឆ្នាំ ២០១៦។ ចំណែក​ការ​នាំ​ចូលវិញ​ក៏​មាន​ការ​កើន​ឡើង​បន្តិច​បន្តួច ពោល​ពី ៤,២% ក្នុង​ឆ្នាំ ២០១៦ ទៅ ៤,៣% ក្នុង​ឆ្នាំ ២០១៧។ Insee បាន​សន្និដ្ឋាន​ជា​រួម​ថា កំណើន​សេដ្ឋកិច្ច​បារាំង​មាន​ភាព​រឹងមាំ និង​អាច​ប្រសើរ​ថែម​ទៀត​នៅ​ឆ្នាំ​ខាង​មុខ បើ​អ្វីៗ​នឹង​មាន​ដំណើរ​ការ​ដូច​ឆ្នាំ ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ