អានតួអត្ថបទ

អង់គ្លេសអាចនឹងកាត់ជំនួយដល់អង្គការOxfam ព្រោះរឿងអាស្រូវផ្លូវភេទ

រដ្ឋាភិបាល​អង់គ្លេស​នឹង​ទទួល​ជួប​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​Oxfam នៅ​ថ្ងៃ​ចន្ទ​ទី ១២ កុម្ភៈ​នេះ ដើម្បី​បំភ្លឺ​ព័ត៌មាន​ស្តី​ពី​រឿង​អាស្រូវ​ផ្លូវភេទ​ ក្នុង​រង្វង់​អង្គការ។ តាំង​ពី​ពីរ​បី​ថ្ងៃ​មក​នេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស្រូវ​ថា អ្នកទទួល​ខុស​ត្រូវ​​អង្គការ​Oxfam បាន​ជួល​ស្ត្រី​ពេស្យា​មក​បំរើ​ផ្លូវភេទ នៅ​ក្នុង​ពេល​អង្គការ​ចេញ​ធ្វើ​បេសកកម្ម​នៅ​ប្រទេស​ហៃទី កាលពី​ឆ្នាំ ២០១១ ដើម្បី​ជួយ​ប្រទេស​ពីគ្រោះ​មហន្តរាយរញ្ជួយ​ដីឆ្នាំ​២០១០។

ស្លាក​សញ្ញា​អង្គការ​ Oxfam មួយ​នៅ​ប្រទេស​អង់គ្លេស
ស្លាក​សញ្ញា​អង្គការ​ Oxfam មួយ​នៅ​ប្រទេស​អង់គ្លេស Geography Photos/UIG via Getty Images
ផ្សាយពាណិជ្ជកម្ម

រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ ​នឹង​ជួបអ្នក​ទទួល​ខុស​ត្រូវ​អង្គការOxfam នៅ​ថ្ងៃចន្ទ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​អង្គកា​រ​ពន្យល់​បំភ្លឺ​ ដោយ​ផ្ទាល់​មាត់​ ទាក់ទង​នឹង​រឿងអាស្រូវ​ផ្លូវ​ភេទ​នោះ ថា​ពិត​ជា​មាន​ប៉ះពាល់​ដល់​បញ្ហា​សីលធម៌​មែន​ដែរ​ឬអត់។ ប្រសិន​បើ​តំណាង​អង្គការ​មិន​អាច​បកស្រាយ​ឱ្យ​អស់​សាច់​រឿង​ទេ នោះ​រដ្ឋាភិបាល​អង់គ្លេស​ មិន​អាច​ធ្វើ​ការ​ជាមួយ​អង្គការ​នេះ​បាន​ទៀត​ឡើយ។ នេះ​ជា​ប្រសាសន៍​​របស់​លោកស្រី​រដ្ឋលេខាធិការ ទៅ​កាន់​អ្នក​កាសែត​ទូរទស្សន៍​BBC។

លោកស្រី​បាន​បន្ទោស​ថា​ អង្គការ​បាន​ធ្វើ​សេចក្តី​សម្រេច​មិន​ត្រឹម​ត្រូវ​ ដោយ​មិន​បាន​បញ្ជូន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿង​អាស្រូវ​​ចោទ​ប្រកាន់​លើ​បុគ្គលិក​របស់​អង្គការ​មក​ឱ្យ​អាជ្ញាធរ​ និង​គណៈកម្មការ​ ជា​អ្នក​គ្រប់គ្រង់​អង្គការ​បាន​ដឹង​រឿង និង​អាចផ្តល់​​ដំណោះស្រាយ​ផ្សេង មិន​រាលដាល​មក​ដល់​ថ្ងៃ​នេះ​ទេ។

Oxfam ជា​សហព័ន្ធ​អង្គការមនុស្ស​ធម៌ មាន​ទីស្នាក់ការ​នៅប្រទេស​អង់គ្លេស។ អង្គការ​​ទទួលជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រសួង​អភិវឌ្ឍន៍​អន្តរជាតិអង់គ្លេស​ ប្រមាណ​ជិត​១០%​នៃ​តម្រូវ​ការ​សរុប។ កាលពី​ឆ្នាំ​២០១១ ក្រោយ​ពី​មាន​ផ្ទុះ​រឿង​អាស្រូវ​ផ្លូវភេទ​ភ្លាម អង្គការ​បាន​បើក​អង្កេត​ភ្លាម។ កាលណោះ បុគ្គលិក​របស់​អង្គការ​ចំនួន​បួន​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ និង​បី​នាក់​ផ្សេង​ទៀត​បាន​លាលែង​ចេញ​ពី​តំណែង​ មុន​ការ​បិទ​បញ្ចប់​អង្កេត​ទៅ​ទៀត។

គណៈកម្មការ​របស់​អង្គការ​ក៏​បាន​ទទួល​របាយការណ៍​អង្កេត​នោះ ដែល​លើក​ឡើង​តែ​អំពី​ឥរិយាបថ​ផ្លូវភេទ​មិន​សមស្រប ការ​បំភិតបំភ័យ ការ​បំពារបំពាន​ របស់​បុគ្គលិកអង្គការ តែ​គ្មាន​សរសេរ​សោះ​អំពី​សកម្មភាព​រំលោភ​បំពាន​ផ្លូវភេទលើ​អ្នក​ទទួល​ជំនួយ​ពី​អង្គការ ឬ​អំពី​សក្តានុពល​នៃឧក្រិដ្ឋកម្ម​ផ្លូវភេទ លើ​កុមារ។

សូម​បញ្ជាក់​ថា រឿង​អាស្រូវ​ផ្លូវភេទ​នេះ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី បន្ទាប់ពី​សារព័ត៌មាន​Times​បាន​ចេញ​ផ្សាយ​សេចក្តី​អង្កេត​របស់​ខ្លួន កាលពី​ថ្ងៃសុក្រ​ ថា​អង្គការ​Oxfam បាន​ជួល​​ក្មេង​​ពេស្យា​មួយ​ក្រុម​មក​បំរើ​ដល់​ផ្ទះ និង​សណ្ឋាគារ។ ប្រភព​អង្កេត​មាន​ទាំង​រូបភាព​វីដេអូ​ស្រីបពេស្យា​ទាំង​នោះ​ពាក់​អាវ​យឺត​ផ្លាក​អង្គការ​Oxfam​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ