ឃាតកម្មលើអ្នកកាសែតស្លូវ៉ាគី ដែលស៊ើបអង្កេតអំពើពុករលួយ ជាស្នាដៃអ្នកណា?
សហភាពអឺរ៉ុបកំពុងចោទសួរពីព័ត៌មានជុំវិញការសង្ស័យថា មានការបន្លំថវិកាអឺរ៉ុប ក្នុងប្រទេសស្លូវ៉ាគី។ អ្នកកាសែតស្លូវ៉ាគីមួយរូប ឈ្មោះ យ៉ាន់ គូចាក់ Jan Kuciak បានធ្វើការស៊ើបអង្កេត លាតត្រដាងរឿងនេះ ប៉ុន្តែ អ្នកកាសែតរូបនោះត្រូវបានគេបាញ់សម្លាប់។ ឃាតកម្មលើលោកគូចាក់ បានធ្វើអោយគណបក្សMost-Hid ដែលស្ថិតក្នុងក្នុងរដ្ឋាភិបាលចម្រុះស្លូវ៉ាគី គំរាមដើរចេញពីរដ្ឋាភិបាល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អ្នកកាសែតស្លូវ៉ាគី យ៉ាន់ គូចាក់ អាយុ២៧ឆ្នាំ ដែលគេសម្លាប់ថ្មីៗនេះ បម្រើការអោយសារព័ត៌មាន Aktuality។ គាត់បានស៊ើបអង្កេតសំណុំរឿងពុករលួយធំមិនធ្លាប់មាន ក្នុងស្រុកស្លូវ៉ាគី។ ជាអំពើពុករលួយអាចជាប់ពាក់ព័ន្ធនឹងម៉ាហ្វ៊ីយ៉ាអ៊ីតាលី និងអ្នកនយោបាយដ៏មានឥទ្ធិពលមួយចំនួននៅស្លូវ៉ាគី អាចពាក់ព័ន្ធទាំងគណបក្សរបស់នាយករដ្ឋមន្ត្រីរ៉ូប៊ែរ ហ្វ៊ីកូ ផងដែរ។ អ្នកាសែត យ៉ាន់ គូចាក់ និងសង្សាររបស់លោកត្រូវបានគេធ្វើឃាត ក្នុងពេលជាមួយគ្នា នៅភាគខាងកើតរដ្ឋធានីប្រាទីស្លាវ៉ា។
សារព័ត៌មានAktuality និងសារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទស៊ើបអង្កេតរបស់លោកយ៉ាន់ ជាអត្ថបទដែលលោកមិនទាន់ទាំងបានសរសេរបញ្ចប់ផង។ អត្ថបទស៊ើបអង្កេតលើកឡើងថា មានពួកជនជាតិអ៊ីតាលីជាប់ពាក់ព័ន្ធនឹងបណ្តាញម៉ាហ្វ៊ីយ៉ា បានមករស់នៅនិងរកស៊ីនៅស្លូវ៉ាគី។ ពួកគេបានទទួលជំនួយ និងរៃអង្គាសថវិកាអឺរ៉ុប។ ពិសេសជាងនេះ ពួកគេមានទំនាក់ទំនងជាមួយអ្នកនយោបាយស្លូវ៉ាគីមួយចំនួន។ ការស៊ើបអង្កេតនេះលើកឡើងផងដែរ ពីការសង្ស័យថា មានការបន្លំពន្ធ ទាក់ទងនឹងអគារប្រណីតមួយ នៅក្រុងប្រាទីស្លាវ៉ា។ ដោយសារមានការសង្ស័យថា មានការលួចបន្លំថវិកាអឺរ៉ុបដែរនោះ ថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការអឺរ៉ុបបានផ្ញើលិខិតអោយអាជ្ញាធរស្លូវ៉ាគី ដើម្បីសួរពីរឿងដែលអាចថា មានការបន្លំថវិកាអឺរ៉ុបផ្នែកកសិកម្ម។ គណៈកម្មការអឺរ៉ុបព្រមានថា មិនអត់ឱនការបន្លំដាច់ខាត។
សូមបញ្ជាក់ថា ក្រោយឃាតកម្មលើអ្នកកាសែតស្លូវ៉ាគី លេខាក្រុមប្រឹក្សាជាតិផ្នែកសន្តិសុខមួយរូប និងស្ត្រីជំនួយការនាយករដ្ឋមន្ត្រីស្លូវ៉ាគីមួយរូប បានលាតំណែង។ យោងតាមការស៊ើបអង្កេតរបស់អ្នកកាសែតដែលត្រូវគេសម្លាប់ អ្នកទាំង២ដែលលាតំណែងនេះ អាចមានទំនាក់ទំនងជាមួយពាណិជ្ជករអ៊ីតាលីមួយរូបដែរ។ មន្ត្រីទាំង២ដែលលាតំណែង លើកឡើងថា មិនបានពាក់ព័ន្ធនឹងឃាតកម្មលើអ្នកកាសែតយ៉ាន់ គូចាក់ទេ។ ដោយឡែក រដ្ឋមន្ត្រីវប្បធម៌ស្លូវ៉ាគីក៏លាតំណែងដែរ ព្រោះលោកមិនគាំទ្រការធ្វើឃាតលើអ្នកកាសែត ក្នុងពេលលោកកំពុងកាន់តំណែងទេ។
គណបក្សMost-Hid ដែលស្ថិតក្នុងក្នុងរដ្ឋាភិបាលចម្រុះស្លូវ៉ាគី បានគំរាមដើរចេញពីរដ្ឋាភិបាល។ បក្សនេះបានទាមទារអោយរដ្ឋមន្ត្រីមហាផ្ទៃ និងមេប៉ូលិសលាតំណែង តែការទាមទារនេះបរាជ័យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ