និទណ្ឌភាពនៅតែមានសម្រាប់អ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មលើអ្នកកាសែត
នៅថ្ងៃព្រហស្បតិ៍ទី ២ វិច្ឆិកា ពិភពលោក ប្រារព្ធខួប៤ឆ្នាំ នៃទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មទៅលើអ្នកកាសែត។ ទិវានេះត្រូវបានប្រកាសបង្កើតឡើងដោយអង្គការសហប្រជាជាតិ ដើម្បីរំលឹកដល់Ghislaine Dupont និងClaude Verlon អ្នកកាសែតបារាំងរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលត្រូវបានភេរវជនធ្វើឃាត នៅក្រុង គីដាល់ ប្រទេសម៉ាលី កាលពីឆ្នាំ ២០១៣។
ចុះផ្សាយនៅថ្ងៃ៖
ទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកកាសែត មានអាយុ ៤ឆ្នាំ។ ៤ឆ្នាំហើយដែល អ្នកកាសែត បារាំងរបស់វិទ្យុបារាំងអន្តរជាតិបានស្លាប់បាត់បង់ជីវិត ដោយអយុត្តិធម៌ ព្រោះថា ឃាតករ នៅតែមិនទាន់ត្រូវបានគេស្គាល់មុខ និងចាប់ខ្លួនបាននៅឡើយ។
នៅក្នុងករណីឃាតកម្មទៅលើអ្នកកាសែត ស្រ្តី Ghislaine Dupont និងអ្នកបច្ចេកទេសClaude Verlon ការស៊ើបអង្កេតបានជំហានទៅមុខយ៉ាងយឺត ដូចដំណើររបស់សត្វខ្យង និងបានផ្តល់លទ្ធផលតិចតួចបំផុត។ អត្តសញ្ញាណ និងមូលហេតុដែលធ្វើឲ្យឃាតករចាប់ជំរិត និងសម្លាប់យ៉ាងទាន់ហន់ អ្នកយកការណ៍ទាំងពីររូបរបស់វិទ្យុបារាំង RFI នៅតែអាថ៌កំបាំង។ នៅខែដើមឆ្នាំ២០១៧ ចៅក្រមស៊ើបអង្កេតបារាំងបានទាត់ចោលសម្មតិកម្ម ដែលថា ឃាតកម្មទៅលើអ្នកកាសែតមានជាប់ពាក់ព័ន្ធបណ្តាញភេរវជនអាល់កៃដា នៅតំបន់អារ៉ាប់ ដែលមានគំនុំសងសឹកនឹងរដ្ឋាភិបាលបារាំង។
រដ្ឋមន្រ្តីការពារជាតិបារាំង លោកហ្សង់អ៊ីវ លឺ ឌ្រីយ៉ង់ ធ្លាប់បានពន្លយឲ្យដឹងពីការក្បត់ បញ្ឆោតអ្នកកាសែតយកទៅសម្លាប់ ប៉ុន្តែ លោកនៅតែមិនបានបញ្ជាក់លម្អិតពីមូលហេតុដដែល។ ការស៊ើបអង្កេតស្វែងរកមុខឃាតករសម្លាប់ Ghislaine Dupont និងClaude Verlon នឹងមិនអាចបោះជំហានទៅមុខបានលឿន ដោយសារតែគេមិនអាចធ្វើការអង្កេតទៅបាន នៅកន្លែងកើតហេតុ នៅទីក្រុងគីដាល់ ដែលនៅតែមានអសន្តិសុខ និងធ្លាប់កាន់កាប់ យូរខែ ឆ្នាំ ដោយក្រុមប្រដាប់អាវុធ នៅប្រទេសម៉ាលី។
អ្នកឃាតករសម្លាប់អ្នកកាសែតបារាំងទាំងពីររូប នៅតែមានសេរីភាព។ តាមការរាប់ឃើញរបស់អង្គការយូណេស្កូ ដែលបានទទួលរបាយការណ៍ពីប្រទេសសមាជិក នៅឆ្នាំ ២០១៧ ៩០ភាគរយនៃឃាតកម្មទៅលើអ្នកកាសែត នៅតែបានប្រយោជន៍ពីនិទណ្ឌភាព។ មានតែ ៨ភាគរយប៉ុណ្ណោះ នៃឃាតកម្មទៅលើអ្នកកាសែត ដែលឃាតករ ជនដៃដល់ត្រូវបានផ្តន្ទាទោសនៅតុលាការ។
ក្នុងរវាង ១០ឆ្នាំ (២០០៦-២០១៦) អង្គការយូណេស្កូបានថ្កោលទោសករណីសម្លាប់អ្នកកាសែត ចំនួន ៩៣០នាក់ នៅក្នុងពិភពលោក។ នៅក្នុងចំណោមនោះ ១០២នាក់ត្រូវបានគេធ្វើឃាត នៅឆ្នាំ ២០១៦។ អ្វីដែលគេព្រួយបារម្ភ គឺថា ភាគច្រើន (៩០ភាគរយ) នៃអ្នកកាសែត ស្លាប់នៅឆ្នាំ ២០១៦ ត្រូវបានគេសម្លាប់ នៅពេលកំពុងយកព័ត៌មានក្នុងស្រុក ហើយពាក់កណ្តាលនៃឃាតកម្មទៅលើអ្នកកាសែត បានកើតឡើង នៅក្នុងប្រទេស ដែលតាមពិត គ្មានជួបសង្រ្គាម ស៊ីវិល ឬជម្លោះប្រដាប់អាវុធ ក្នុងស្រុកទាល់តែសោះ។
គ្មានការផ្តន្ទទោស ទៅលើឃាតករ សម្លាប់អ្នកកាសែត គឺដូចជាជំរុញលើកទឹកចិត្តឲ្យឃាតករ នៅបន្តធ្វើតទៅទៀត។ នៅក្នុងប្រទេសជាច្រើន គេអាចសម្លាប់អ្នកកាសែត ដោយងាយ ព្រោះគ្មានផលវិបាកអ្វី នៅតាមពីក្រោយ។ ទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកកាសែត មានអាយុ៤ឆ្នាំមកហើយ ប៉ុន្តែ ជីវិតរបស់អ្នកកាសែត នៅតែត្រូវយាយី គ្មានការគោរព ការពារ ឲ្យបានជាក់លាក់។ ទោះជាមានទុទិដ្ឋិនិយម ប៉ុន្តែ គេនៅតែមានពន្លឺ និងក្តីសង្ឃឹមតិចតួច។ យ៉ាងហោចណាស់ ការបង្កើតទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពក៏ជាការចាំបាច់ ដើម្បីរំលឹក និងឲ្យគេហ៊ានស្រែករិះគន់ថា និទណ្ឌភាព (ភាពគ្មានទោសពៃ) នៃឧក្រិដ្ឋកម្មលើអ្នកកាសែត គឺជារឿងមួយដែលគេមិនអាចទទួលយកបាននោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ