អាល្លឺម៉ង់ កំពុងរកមូលហេតុនៃការវាយប្រហារដោយបើកឡានបុកសម្លាប់មនុស្ស
មានស្លាប់ពីរនាក់ និងរបួស២០នាក់ ក្នុងនោះ៦នាក់ជារបួសធ្ងន់ នៅក្នុងហេតុការណ៍រថយន្តបើកបុកសំដៅលើហ្វូងមនុស្ស នៅទីប្រជុំជនក្រុងមួយនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍។ អ្នកបើកបរនោះបានបាញ់សម្លាប់ខ្លួន ក្រោយបង្កហេតុហើយ។ បើតាមប្រភពសារព័ត៌មានអាល្លឺម៉ង់ជាច្រើន អ្នកបើកបររូបនោះជាជនជាតិអាល្លឺម៉ង់អាយុ ៤៩ឆ្នាំ និងមានជំងឺរោគចិត្តផង។
ចុះផ្សាយនៅថ្ងៃ៖
ហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្ស បានកើតឡើងនៅរសៀលថ្ងៃសៅរ៍ ទី៧មេសា វេលាម៉ោង ៣និង៣០នាទីរសៀល ម៉ោងនៅប្រទេសអាល្លឺម៉ង់ ត្រូវម៉ោង៨កន្លះយប់ម៉ោងនៅកម្ពុជា នៅទីប្រជុំជនក្នុងក្រុង Münster ភាគខាងលិចប្រទេស ចំពេលម៉ោងដែលមានមនុស្សម្នា នាំគ្នាចេញដើរលេងមើលហាង និង អង្គុយត្រៀបត្រា ស្រូបកំដៅថ្ងៃ។
ប៉ុន្តែនេះ មិនមែនជាទង្វើភេរវកម្មអ៊ីស្លាមជ្រុលនិយមទេ ! រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវអញ្ជើញមកដល់កន្លែងកើតហេតុ នៅថ្ងៃអាទិត្យនេះ បានច្រានចោល តាំងពីល្ងាចមិញមក សម្មតិកម្មភេរវកម្មជីហាត ព្រោះបើគិតមកត្រឹមពេលនេះ គ្មានអ្វីដែលបញ្ជាក់អំពីទំនាក់ទំនងជាអ៊ីស្លាមជ្រុលនិយមទេ។
បើតាមសារព័ត៌មានអាល្លឺម៉ង់ មានអាយុ៤៩ឆ្នាំ ជនល្មើសបើករថយន្តនោះ មានកំណើតកើតជានៅក្នុងស្រុកMunsterនេះផ្ទាល់តែម្តង ជាជនជាតិអាល្លឺម៉ង់ (មិនមែនអន្តោប្រវេសន៍ទេ) និងមានជំងឺរោគចិត្ត។ ជននេះធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសតូចតាចផ្សេងៗនិងអំពើហិង្សាមួយចំនួនផង ហើយធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួនម្តង កាលពីថ្មីៗ ដោយព្រមាននឹងសម្លាប់ខ្លួនម្តងទៀតក្នុងទម្រង់ធំ។ នេះបើតាមប្រភពសារព័ត៌មាននិងទូរទស្សន៍ជាតិ ដែលបានលម្អិតទៀតថា ជនល្មើសធ្លាប់មានទំនាក់ទំនងជាមួយក្រុមអ្នកជាតិនិយមជ្រុលអាល្លឺម៉ង់។
បន្ទាប់ពីបានរក្សាសុវត្ថិភាពនិងធ្វើការឆែកឆេរអស់ជាច្រើនម៉ោង ប៉ូលិសអាល្លឺម៉ង់គ្មានរកឃើញអ្វីក្រៅអំពី កាំភ្លើងដៃដែលជនល្មើសបានប្រើសម្រាប់បាញ់សម្លាប់ខ្លួនឯង និងកាំជ្រួចផាវធំៗបួនដប់ ដែលអាចផ្គុំគ្នាធ្វើជាគ្រាប់បែកច្នៃបាន ព្រមទាំងកាំភ្លើងអាកាមួយដើម ដោះកៃ ទុកចោលនៅផ្ទះ។ នេះបើតាមប្រភពប៉ូលិសដដែល។
ថ្វីបើពេលនេះ មូលហេតុនៃសកម្មភាពបើកឡានបុកសម្លាប់មនុស្សរបស់ជនល្មើស នៅជាសំណួរគ្មានចម្លើយមែន ប៉ុន្តែហេតុការណ៍នេះបានកើតឡើងចំពេលអាល្លឺម៉ង់ស្ថិតក្នុងបរិបទដ៏តានតឹង។ រូបភាពភេរវកម្មជីហាតរដ្ឋអ៊ីស្លាម កាលពីខែធ្នូឆ្នាំ២០១៦ បង្កឡើងដោយជនអន្តោប្រវេសន៍អ៊ីស្លាមជ្រុលនិយមទុយនីស៊ី បើកឡានកិនហ្វូងមនុស្សនៅផ្សារណូអែល មិនទាន់រសាត់រលុបបាត់ទេ។ តាំងពីជាងមួយឆ្នាំកន្លះមកនេះ អាជ្ញាធរអាល្លឺម៉ង់ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នរហូត ដោយហេតុតែបានរងការវាយប្រហារភេរវកម្មរដ្ឋអ៊ីស្លាមផង និងប្រឈមនឹងការប៉ុនប៉ងធ្វើភេរវកម្មជីហាតនៅក្នុងប្រទេសទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ