អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

លោកគីមជុងអ៊ុន​ថ្លែង​ចង់​រឹត​ចំណង​មិត្តភាព​ជា​ប្រពៃណី​ជាមួយ​ចិន

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បានអំពាវនាវ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​ជាប្រពៃណី ជាមួយ​ប្រទេស​ចិន។ នៅក្នុង​ជំនួប ជាមួយ​លោកគីម ជុងអ៊ុន នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ ប្រធាន​គណៈកម្មាធិការអន្តរជាតិ​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​បញ្ជាក់ទៅវិញថា ចិន នឹង​ខិតខំ​ជំរុញ ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន កូរ៉េខាងជើង កាន់តែ​ប្រសើរឡើង និងស្ថិតស្ថេរ ចីរកាល។ 

មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន អមដំណើរ​លោក​សុង តៅ ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​របស់​បក្សកុម្មុយនិស្ត​ចិន នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃទី ១៥​មេសា ២០១៨
មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន អមដំណើរ​លោក​សុង តៅ ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​របស់​បក្សកុម្មុយនិស្ត​ចិន នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃទី ១៥​មេសា ២០១៨ © KCNA/via REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​របស់​កូរ៉េខាងជើង KCNA មេដឹកនាំ​កូរ៉េខាងជើង​បាន​បង្ហាញភាពស្និតស្នាល និង​ទទួល​យ៉ាងរាក់ទាក់ គណៈប្រតិភូ​ចិន ដែល​ដឹកនាំ​លោក សុង តៅ ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​របស់​បក្ស​កុម្មុយនិស្ត​ចិន។ នៅក្នុង​ជំនួប​ជាមួយ មន្រ្តីជាន់ខ្ពស់​ចិន មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង បាន​និយាយ​ថា លោក​នឹងបន្ត ​អភិវឌ្ឍ ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី ជាមួយ ចិន ឲ្យ​ចម្រើន​ទៅមុខ ​ឲ្យសមស្រប​នឹង​កាលៈទេសៈ​វិវត្តន៍ នាពេល​សព្វថ្ងៃ។

លោក​សុង តៅ​ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​បាន​នាំ​សារ​អបអរ​ពី​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ទៅ​ប្រាប់​លោកគីម ជុងអ៊ុន បាន​សន្យា តបទៅមេដឹកនាំ​កូរ៉េខាងជើងវិញថា ជួយ​ជំរុញ ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន កូរ៉េខាងជើង កាន់តែ​ស្ថិតស្ថេរ ចីរកាល​រហូតទៅ។

សូមអាន៖ជំនួបកំពូល អាមេរិក និងកូរ៉េខាងជើង៖ តើ​ចិន​បាន​ដើរតួនាទីអ្វីខ្លះ?

មន្រ្តីជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត​ចិន មាន​វត្តមាន​នៅ​ទីក្រុង​ព្យុងយ៉ាង នៅប៉ុន្មាន​សប្តាហ៍ ក្រោយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បានធ្វើដំណើរ​ជាលើក​ទី១ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ទៅ​ជួប​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង នៅទីក្រុង​ប៉េកាំង។ ចិន​ជាសម្ព័ន្ធមិត្ត និង​ប្រភពជំនួយ​សេដ្ឋកិច្ច​សំខាន់​រហូតមក របស់​ទីក្រុង​ព្យុងយ៉ាង។ ប៉ុន្តែ នៅ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ កូរ៉េខាងជើង នៅក្រោម​ការដឹកនាំ​របស់​លោក​គីម ជុងអ៊ុន មិន​សប្បាយចិត្ត នឹង​ចិន ដែល​បាន​សម្រេច ចូលរួម​បោះឆ្នោត​គាំទ្រ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង ក្នុងរឿង​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

សូមអាន៖ចិន​កាត់បន្ថយ​ការ​នាំចេញ​ប្រេង​ទៅ​កូរ៉េខាងជើង

នៅ​ចុងខែ​មីនា លោក​គីម ជុងអ៊ុន​ធ្វើដំណើរ​ទៅ​ជួប​លោក​ស៊ី ជីនពីង នៅ​ប៉េកាំង នៅ​ក្រោយ​ពេល​កូរ៉េខាងជើង​បាន​សម្រេច​បើកជំនួប​កំពូល​ពីរ ជាមួយ អាមេរិក ហើយ​និង​ជាមួយ​កូរ៉េខាងត្បូង។ ជំនួបកំពូល​រវាង​ថ្នាក់ដឹកនាំ​កំពូល​របស់​កូរ៉េទាំងពីរ​ត្រូវ​គ្រោងធ្វើ​នៅ​ថ្ងៃទី ២៧​ខែ​មេសានេះ ចំណែក​ជំនួបកំពូល​រវាង​លោកដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន អាច​កើតមាននៅ​ខែ​ឧសភាខាងមុខ។

នៅ​កូរ៉េខាងជើង លោក​សុង តៅ ដឹកនាំ​គណៈប្រតិភូ​សិល្បៈចិន សម្រាប់​ចូលរួម​នៅក្នុង​មហោស្រព​និទាឃរដូវ នៅ​ទីក្រុង​ព្យុងយ៉ាង។ នៅថ្ងៃ​អាទិត្យ​នេះ សិល្បករ​ចិន​នឹងត្រូវ​ចូលរួម​សំដែង​ជាមួយ​សិល្បករ​កូរ៉េខាងជើង ដើម្បី ចូលរួម​អបអរ​ពិធីបុណ្យ​ខួបកំណើត​១០៥​ឆ្នាំ នៃ​សព​លោក​គីម អ៊ីលស៊ុង ស្ថាបនិក កូរ៉េខាងជើង និង​ជា​ជីតា​របស់ លោក​គីម ជុងអ៊ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ