អានតួអត្ថបទ

ក្រុងឡុងដ៍ ចេញ​ដីកា​ចាប់ខ្លួន ពលរដ្ឋ​រុស្ស៊ី​ពីរ​នាក់ ក្នុងរឿង​បំពុល​ដោយ​ប្រើ​សារធាតុគីមី

ថ្ងៃពុធទី ៥ កញ្ញា ប៉ូលីសអង់គ្លេស បានប្រកាស​ចេញ​ដីកា​ពីរ ដើម្បី​ចាប់ខ្លួនបុរស​រុស្ស៊ី​ពីរ​នាក់ គឺ ឈ្មោះ Alexander Petrov និង Ruslan Bochirov ក្នុងរឿង​បំពុល​អតីត​ភ្នាក់ងារចារកិច្ចរុស្ស៊ី លោក Serguei Skripal និងកូនស្រី​គាត់ អ្នកស្រី Youlia ដោយប្រើ​សារធាតុគីមី Novitchok ដែល​អង់គ្លេស ចាត់ទុក​ថា មាន​ប្រភព​ទៅ​ពីរុស្ស៊ី- ការបំពុល​នេះ បាន​ប្រព្រឹត្ត​ទៅ នៅក្នុងប្រទេស​អង់គ្លេស​ផ្ទាល់ កាលពី​ខែមីនា។

Alexander Petrov និង Ruslan Boshirov ដែល​ប៉ូលិស​អង់គ្លេស​ចេញ​ដីកា​តាម​ចាប់​ខ្លួន
Alexander Petrov និង Ruslan Boshirov ដែល​ប៉ូលិស​អង់គ្លេស​ចេញ​ដីកា​តាម​ចាប់​ខ្លួន 路透社。
ផ្សាយពាណិជ្ជកម្ម

ឈ្មោះបុរសរុស្ស៊ីពីរនោះ ត្រូវសន្មត់ថាជា រហ័សនាមទេតើ- សេចក្តី​នេះ​ថ្លែង​ដោយ នាយក​អង្គភាព អង់គ្លេស​ខាង​ប្រឆាំង​ភេរវកម្ម លោក Neil Basu នៅពីមុខ​ពួក​អ្នកកាសែត ទាំង​កត់សម្គាល់​ថា ​អ្នក​ទាំងពីរ តាមមើលទៅ បានធ្វើ​ដំណើរ​ក្រោម​ឈ្មោះ​ក្លែង​​សោះ ហើយ​លិខិត​ឆ្លងដែន​ដែល​គេ​ប្រើ គឺត្រូវបាន​ចេញ ដោយ​ប្រទេស​រុស្ស៊ី។ ទាំងបង្ហាញ​រូបថត​បុរស Alexander Petrov និង Ruslan Bochirov លោក Neil Basu អំពាវនាវ​សាធារណជន​ក្នុង​លោក ឲ្យជួយ​កំណត់​អត្តសញ្ញាណ​ជាតិ​រុស្ស៊ី​ពីរ​នាក់​នោះ។

ក្នុងសេចក្តីថ្លែងការណ៍ខ្លួន មហាអយ្យកា​អង់គ្លេស បាន​លំអិត​អំពី ការចោទ​ប្រកាន់បី ទល់​នឹង​បុរស​រុស្ស៊ី ពីរនាក់​នោះ គឺ ៖ ទី១-ឃុបឃិត​គ្នា​ដើម្បី​ប្រព្រឹត្ត​ឃាតកម្ម​ដោយ​ចេតនា ទី២-ប៉ុនប៉ង​សម្លាប់​លោក ​Skripal និង​កូនស្រី​គាត់ ព្រមទាំង​ប៉ូលិស​ម្នាក់ ដែល​ឆ្លង​ដោយ​ធាតុ​ពុលនោះ នៅពេល​ជួយ​សង្គ្រោះ​អ្នករងគ្រោះ​ជា​ ឪពុកនិងកូននោះ កាលពីដើម ខែ មីនា នៅទីក្រុង Salisbury ប៉ែក​និរតី​អង់គ្លេស ទី៣ -គេយក​តាមខ្លួន ហើយ​ប្រើ​វា​តែម្តង គឺ សារធាតុពុល Novitchok ដែល​មាន​ប្រសិទ្ធិភាព​ខ្លាំង ខាង​ធ្វើ​ឲ្យ​ពិការ ដល់​សរសៃប្រសាទ។

នាយកអង្គភាព អង់គ្លេសខាង​ប្រឆាំង​ភេរវកម្ម លោក Neil Basu បាន​លំអិត​ថា ៖ ពលរដ្ឋ​រុស្ស៊ី​ពីរនាក់ ដែល​ជាប់​សង្ស័យ​នោះ “បាន​ទៅ​ដល់​ក្រុងឡុងដ៍ នាថ្ងៃទី ២ មីនា នៅអាកាសយានដ្ឋាន Gatwick តាម ជើង​យន្ដហោះ រុស្ស៊ី SU2588 ។ គេបានស្នាក់នៅ​ក្នុង​សណ្ឋាគារ មុននឹងបន្ត​ដំណើរ​ទៅ​កាន់​ក្រុង Salisbury នៅថ្ងៃ ៣ មីនា ដើម្បី “ស្គាល់​ទឹកដី​អង់គ្លេស”។ ហើយតាមយោបល់​យើង នៅថ្ងៃ ៤ មីនា គេបាន​រាយ​ធាតុពុល Novitchok នៅនឹង​មាត់ទ្វារ​លំនៅដ្ឋាន លោក Serguei Skripal មុននឹង​ចាកចេញ ពី​ប្រទេស​អង់គ្លេស​ទៅវិញ នៅថ្ងៃនោះឯង តាម​អាកាសយានដ្ឋាន Heathrow ក្រុងឡុងដ៍។

ក្រោយឮ ពីក្រុង​ឡុងដ៍ ដំណឹង​ស្តីអំពី ដីកា​ចាប់ខ្លួន​ពលរដ្ឋ​រុស្ស៊ី​ពីរនាក់នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស រុស្ស៊ី​លោកស្រី Maria Zakharova បាន​ប្រតិកម្មថា ប្រទេស​រុស្ស៊ី​មិនដឹង​ទេ តើ​បុរស​ទាំងពីរ​នោះ ជានរណា។ តាមសំដីគាត់ ៖ ទាំងឈ្មោះ ទាំង​រូបថត របស់​អ្នក​ទាំងពីរ ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​មធ្យោបាយ​ឃោសនា​មហាជន ឥត​ដំណាល​ប្រាប់​យើង​អំពី​រឿង​អ្វី សោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ