អានតួអត្ថបទ
បារាំង

បារាំង៖​លោកអេឌ័រ ហ្វីលីព​ការពារ​នយោបាយ​ដំឡើង​ពន្ធ​លើ​ប្រេងឥន្ធនៈ​របស់​រដ្ឋាភិបាល

នៅ​ក្នុង​ប្រទេស​បារាំង កំហឹង និង​ភាព​មិន​សប្បាយចិត្ត​របស់​ពលរដ្ឋ​ប្រឆាំង​នឹង​តម្លៃ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ថ្លៃ​កំពុង​បន្ត​មាន​យ៉ាង​ពុះកញ្ជ្រោល។ មាន​ពលរដ្ឋ​ជាង ៧០០ ០០០នាក់​បាន​ចុះ​ហត្ថលេខា​លើ​ញ្ញតិ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​ដំឡើង​ពន្ធ​លើ​ប្រេង​ឥន្ធនៈ។ ក្បួន​បាតុកម្ម​មួយ​ប្រឆាំង​នឹង​តម្លៃ​ប្រេង​ខ្ពស់​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី១៧ វិច្ឆិកា​ខាង​មុខ ហើយ​មាន​ពលរដ្ឋ​បារាំង​ប្រមាណ ៧៨% បាន​គាំទ្រ​ក្បួន​បាតុកម្ម​នោះ។ ចំណែក​លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​បាន​ថ្លែង​នា​ថ្ងៃ​សៅរ៍ ទី៣ វិច្ឆិកា​ពី​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ដែល​លោក​បំពេញ​ទស្សនកិច្ច​ថា រដ្ឋាភិបាល​នឹង​មិន​បោះបង់​ចោល​នយោបាយ​ដំឡើង​ពន្ធ​លើ​ប្រេងឥន្ធនៈ​ទេ។

លោក​នាយករដ្ឋមន្រ្តីបារាំង​អេឌ័រ ហ្វីលីព​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​​ប្រទេសវៀតណាម ថ្ងៃទី៣ វិច្ឆិកា ២០១៨
លោក​នាយករដ្ឋមន្រ្តីបារាំង​អេឌ័រ ហ្វីលីព​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​​ប្រទេសវៀតណាម ថ្ងៃទី៣ វិច្ឆិកា ២០១៨ AFP
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​បាន​ឮ​ច្បាស់​ណាស់​ពី​សម្រែក ភាព​រអ៊ូរទាំ ភាព​មិន​សប្បាយចិត្ត និង​ពេល​ខ្លះ​ជា​កំហឹង​ដែល​អាច​សម្តែង​ចេញ​ដោយ​ពលរដ្ឋ។ តែ​ខ្ញុំ​និយាយ​ថ្ងៃ​នេះ និង​ក៏​ដូច​ជា​ខ្ញុំ​តែងតែ​និយាយ​រួច​ហើយ​ថា គេ​គ្មាន​រូបមន្តទិព្វ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​ទេ។

គេ​មិន​អាច​ធ្វើ​ក្នុង​ពេល​តែ​មួយ​នូវ​សុន្ទរកថា​ដ៏​ប្រពៃ​ស្តីពី​បញ្ហា​អាកាសធាតុ​ដោយ​យល់ព្រម​ជា​គោលការណ៍​ថា ពិត​ណាស់ គេ​ត្រូវ​តែ​ជំរុញ​សេដ្ឋកិច្ច​ដោយ​ប្រើ​ផលិតផល​ដែល​បំពុល​បរិយាកាស​តិច។ បន្ទាប់​មក​ថា ពិត​ណាស់ គេ​ត្រូវ​តែ​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែល​បំពុល​បរិយាកាស​ខ្លាំង។

គ្រប់​គណបក្សនយោបាយ​ទាំង​អស់ មិន​ថា​បក្ស​ណា ឬ​បក្ស​ណា​ទេ​បាន​យល់ព្រម​ឲ្យ​មាន​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន។ ចំណែក​បេក្ខជន​ប្រធានាធិបតី​ទាំង​អស់​ក៏​ជំរុញ​ឲ្យ​ដើរ​តាម​ផ្លូវ​មួយ​នេះ​ដែរ។ ដូច្នេះ យើង​បាន​និយាយ​ច្បាស់​ពី​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ និង​យើង​បាន​ទទួល​ខុស​ត្រូវ​ពី​ការ​សម្រេចចិត្ត​របស់​យើង។

ពិត​ណាស់ ការ​សម្រេចចិត្ត​នេះ​បាន​បង្ក​ឲ្យ​មាន​សំណួរ​មួយ​ចំនួន និង​ពេល​ខ្លះ​បង្ក​ចេញ​នូវ​ភាព​មិន​សប្បាយចិត្ត​ទៀត​ផង។ តែ​យើង​ចាំ​បាច់​ត្រូវ​តែ​នាំ​ពលរដ្ឋ​ដើរ​លើ​ផ្លូវ​នៃ​ការ​ផ្លាស់ប្តូរ​មួយ​នេះ។ ជានិច្ចកាល គេ​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់បំផុត ស្តាប់ ហើយ​យើងទាំងអស់គ្នា​​បាន​តាំង​ចិត្ត​រួច​ហើយ។ ប៉ុន្តែ​ក្នុង​ពេល​ដែល​យើង​គ្រប់គ្រង បើ​យើង​មិន​សម្រេច និង​ទទួល​ការ​ខុស​ត្រូវ​ឲ្យ​បាន​ច្បាស់​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ​ទេ យើង​ប្រាកដ​ជា​មិន​ទទួល​បាន​អ្វី​ទាំង​អស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ