លោកឡូរ៉ង់ បាក់បូ និងលោកឆាប្លេ ហ្គូដេត្រូវបាន ICC ដោះលែងឲ្យមានសេរីភាពក្រោមលក្ខខណ្ឌ
នៅថ្ងៃសុក្រ ទី១ កុម្ភៈ ក្រុមចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានសម្រេចដោះលែងលោកឡូរ៉ង់ បាក់បូ និងលោកឆាប្លេ ហ្គូដេឲ្យមានឲ្យមានសេរីភាពក្រោមលក្ខខណ្ឌតឹងតែង។ គួររម្លឹកថាក្នុងថ្ងៃអង្គារ ទី១៥ មករា អតីតប្រធានាធិបតីកូតឌីវ័រលោកបាក់បូ និងមនុស្សជំនិតរបស់គាត់គឺលោកហ្គូដេត្រូវបានសាលាដំបូងរបស់ ICC សម្រេចកាត់ក្តីគ្មានទោស និងស្នើឲ្យដោះលែងជាបន្ទាន់។ នៅថ្ងៃសៅរ៍ ទី២ កុម្ភៈ និងបន្ទាប់ពីបានសម្រាកនៅក្រៅឃុំបានមួយយប់ ប្រទេសបែលហ្ស៊ិកបានប្រកាសទទួលយកលោកបាក់បូ។ ចំណែកលោកហ្គូដេកំពុងរង់ចាំប្រទេសដែលយល់ព្រមទទួលយកឲ្យស្នាក់នៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៧
គេត្រូវរង់ចាំដល់ម៉ោង ១០ និង៣០នាទីយប់ម៉ោងក្នុងប្រទេសហូឡង់ទើបតុលាការកំពូលក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រកាសសាលក្រមរបស់ខ្លួនដោយសម្រេចដោះលែងលោកឡូរ៉ង់ បាក់បូ និងលោកឆាប្លេ ហ្គូដេឲ្យមានសេរីភាពឡើងវិញជាមួយនឹងលក្ខខណ្ឌតឹងតែង។ សាលក្រមដែលបានទទួលយល់ព្រមជាឯកច្ឆន្ទពីចៅក្រមទាំង ៥រូបនៃតុលាការកំពូលក្នុង ICC ត្រូវបានអានដោយប្រធាន ICC។ បន្ទាប់ពីមានភាពស្រពិចស្រពិលទាក់ទងនឹងប្រទេសដែលត្រូវទទួលយកលោកបាក់បូ និងលោកហ្គូដេឲ្យស្នាក់នៅតាមសំណើរបស់ប្រធាន ICC មក ប្រទេសបែលហ្សិកបានប្រកាសទទួលយកតែលោកបាក់បូនៅថ្ងៃសៅរ៍ ទី២ កុម្ភៈដោយបញ្ជាក់ថា លោកបាក់បូមានក្រុមគ្រួសាររស់នៅក្នុងប្រទេសបែលហ្ស៊ិក។ ចំណែកលោកហ្គូដេវិញនៅមិនទាន់មានប្រទេសណាមួយទទួលយកនៅឡើយទេ។
អ្វីជាការកត់សម្គាល់ ការសម្រេចរបស់តុលាការកំពូលក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិពេលនេះបានធ្វើឡើង បន្ទាប់ពីសាលាដំបូងក្នុង ICC បានសម្រេចកាលពីថ្ងៃអង្គារ ទី១៥ មករាពីភាពគ្មានទោសរបស់លោកបាក់បូ និងលោកហ្គូដេ ហើយបានទាមទារឲ្យដោះលែងជាបន្ទាន់។ តែដោយមាន
បណ្តឹងឧទ្ធរណ៍របស់រដ្ឋអាជ្ញាដែលប្តឹងជំទាស់នឹងការសម្រេចរបស់សាលាដំបូង ក្រុមចៅក្រមរបស់តុលាការកំពូលក៏បានសម្រេចបន្តឃុំបុរសទាំងពីរដល់ថ្ងៃបើកសវនាការថ្មីក្នុងថ្ងៃទី១ កុម្ភៈ។ ជាមួយនឹងការដោះលែងឲ្យមានសេរីភាពក្រោមលក្ខខណ្ឌរបស់ក្រុមចៅក្រមនៃតុលាការកំពូលពេលនេះ លោកបាក់បូ និងលោកហ្គូដេត្រូវទៅបង្ហាញខ្លួនរៀងរាល់មួយសប្តាហ៍ម្តងនៅចំពោះមុខរដ្ឋអំណាចនៃប្រទេសដែលទទួលឲ្យស្នាក់នៅ។ បុរសទាំងពីរអាចធ្វើដំណើរដោយសេរីនៅក្នុងតំបន់រស់នៅក្នុងប្រទេសនោះ ហើយបើចង់ចេញពីតំបន់នោះ ឬមួយចង់ធ្វើដំណើរចេញទៅប្រទេសផ្សេងត្រូវសុំការអនុញ្ញាតពី ICC ជាមុន។
គួររម្លឹកឡើងវិញថា លោកបាក់បូ និងលោកហ្គូដេបានរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដូចជាការសម្លាប់ រំលោភ និងធ្វើទុក្ខបុកម្នេញក្នុងអំពើហិង្សាកើតឡើងនៅក្រោយការបោះឆ្នោតប្រធានាធិបតីកូតឌីវ័រឆ្នាំ ២០១០ ២០១១ ដែលលោកបាក់បូចាញ់ឆ្នោត។ អំពើហឹង្សារយៈពេល ៥ខែកាលណោះបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង ៣ ០០០នាក់។ បន្ទាប់មក លោកបាក់បូ និងលោកហ្គូដេក៏ត្រូវបានរដ្ឋាភិបាលរបស់គូប្រជែងចាប់បញ្ជូនទៅឲ្យតុលាការក្រុងឡាអេឃុំខ្លួនក្នុងឆ្នាំ ២០១១។ ទីបំផុត និងបន្ទាប់ពីបានជាប់ឃុំនៅតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ៨ឆ្នាំមក ICC នៅមិនអាចរកបានភស្តុងតាងគ្រប់គ្រាន់ដើម្បីចោទលោកបាក់បូ និងលោកហ្គូដេពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ