បារាំង៖បាតុករអាវកាក់លឿងទម្លាក់កំហុសដាក់រដ្ឋាភិបាលក្នុងរឿងផ្ទុះអំពើហិង្សា
នៅក្នុងប្រទេសបារាំង វិបត្តិនយោបាយ និងសង្គមកំពុងបន្តមានយ៉ាងក្តៅគគុកតាមរយៈបាតុកម្មរបស់ក្រុមអាវកាក់លឿងនៅរៀងរាល់ថ្ងៃសៅរ៍។ ថ្ងៃសៅរ៍ ទី១៦ មីនាជាសប្តាហ៍ទី១៨ ដែលក្រុមអាវកាក់លឿងចេញធ្វើបាតុកម្មនៅតាមទីក្រុងធំ ដូចយ៉ាងក្រុងប៉ារីស។ តែអ្វីជាការកត់សម្គាល់ បាតុកម្មច្រើនបង្កប់ដោយអំពើហិង្សាវាយកម្ទេច និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ ជាក់ស្តែងក្នុងថ្ងៃសៅរ៍ ទី១៦ មីនា រូបភាពដែលពិភពលោកបានឃើញពីរុក្ខវិថីស្ហង់អេលីហ្សេក្នុងក្រុងប៉ារីស គឺអណ្តាតភ្លើងឆាបឆេះអាគារ តូបលក់កាសែត ទស្សនាវដ្តី ការវាយបំបែកកញ្ចក់ហាងលក់ទំនិញ ភោជនីយដ្ឋាន រួមនឹងការចូលលួចយកអីវ៉ាន់យ៉ាងអានាធិបតេយ្យ។ ក្រោយហេតុការណ៍ទាំងនេះ រដ្ឋាភិបាលបានប្តេជ្ញាចាត់វិធានការតឹងតែងលើក្រុមជនដៃដល់ និងសន្យាទប់ស្កាត់អំពើហិង្សា។ តែទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏បានទទួលរងការរិះគន់ ទិតៀនយ៉ាងចាស់ដៃពីក្រុមប្រឆាំងពីបទធ្វេសប្រហែស និងមើលស្រាលលើវិបត្តិសង្គមដែលបានអូសបន្លាយជាង ២ខែកន្លងមក។ ចំណែកក្រុមបាតុករអាវកាក់លឿងបានស្តីបន្ទោស និងទម្លាក់កំហុសដាក់រដ្ឋាភិបាលចំពោះអ្វីដែលបានកើតឡើង។ បាតុករអាវកាក់លឿងម្នាក់បាននិយាយថា ដរាបណារដ្ឋាភិបាលមិនព្រមដោះស្រាយតាមការទាមទាររបស់ខ្លួនទេ នោះបាតុកម្មនឹងបន្តមាន ហើយអំពើហិង្សាក៏នឹងកើតមានជាថ្មីដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៥
« ដរាបណាមានបាតុកម្ម ដរាបនោះនៅតែមានក្រុមអ្នកវាយកម្ទេច ដុតបំផ្លាញ។ ប្រសិនបើចង់មិនឲ្យបាតុកម្ម គេត្រូវឆ្លើយតបតាមការទាមទាររបស់ប្រជាជន និងដោះស្រាយបញ្ហារបស់ប្រជាជន។ អស់រយៈពេលប្រមាណជា ១០ឆ្នាំមកហើយដែលរដ្ឋាភិបាលគ្រប់ជំនាន់មិនបានគិតគូរ និងដោះស្រាយចំពោះបញ្ហារបស់យើងឡើយ។
ប្រធានាធិបតីគ្រប់រូបដែលបានឡើងកាន់តំណែងក្រោយពីប្រធានាធិបតីមីតេរ៉ង់មិនដែលរវីរវល់ ខ្វាយខ្វល់នឹងការលំបាករបស់យើងទេ។ ដល់អ៊ីចឹងទៅពេលនេះ អ្វីៗបានផ្ទុះហើយ។ លោកម៉ាក្រុង ក្នុងពេលដែលបានជាប់ឆ្នោត លោកបានដឹងច្បាស់ណាស់ថា នឹងមានផ្ទុះវិបត្តិសង្គមបង្កចេញជាអំពើហិង្សានៅថ្ងៃណាមួយដោយចៀសមិនរួច។ អស់រយៈពេល ជាង ១០ឆ្នាំមកហើយខ្ញុំបាននិយាយប្រាប់ប្រពន្ធខ្ញុំថា នឹងផ្ទុះ នឹងផ្ទុះ និងផ្ទុះនៅពេលណាមួយ។ ឃើញទេឥឡូវ គឺផ្ទុះមែន។
ប្រសិនបើចង់បញ្ឈប់បាតុកម្ម គឺត្រូវឆ្លើយតបនឹងការទាមទាររបស់ប្រជាជន។ ដរាបណាប្រជាជននៅតែធ្វើបាតុកម្ម ដរាបនោះនឹងនៅតែមានក្រុមអ្នកវាយកម្ទេច ដុតបំផ្លាញ។ វាពិតជាគួរឲ្យស្តាយ តែវាត្រូវតែអ៊ីចឹងតាំងពី ១៥ឆ្នាំ ឬ ២០ឆ្នាំមកហើយ។ លើកណាក៏ដូចជាលើកណា ឲ្យតែមានបាតុកម្មធំតែងតែមានក្រុមអ្នកវាយកម្ទេច ដុតបំផ្លាញ។ រដ្ឋអំណាចមិនបានឆ្លើយតបនឹងសំណូមពរ និងការទាមទាររបស់ប្រជាជនទេ។ សុទ្ធសឹងជាអ្នកដែលគ្មានសមត្ថភាព។ ដូច្នេះ គេត្រូវតែប្តូរចេញដោយចៀសមិនរួចនៅថ្ងៃណាមួយ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ