អង្គការសហប្រជាជាតិចោទរដ្ឋាភិបាលហុងគ្រីថា បានបង្អត់អាហារជនអន្តោប្រវេសន៍
អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី ៣ឧសភា បានចោទប្រកាន់ រដ្ឋាភិបាលហុងគ្រី ថា បានបង្អត់អាហារ ជនអន្តោប្រវេសន៍ ដែលមិនបានទទួលសិទ្ធិជ្រកកោន នៅប្រទេសហុងគ្រី។ ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចាត់ទុកទង្វើរបស់អាជ្ញាធរហុងគ្រី ថា អមនុស្សធម៌ និងធ្វើឲ្យជនអន្តោប្រវេសន៍ ខ្វះអាហារូបត្ថម្ភដ៏សំខាន់។
ចុះផ្សាយនៅថ្ងៃ៖
ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ បានចោទប្រកាន់ចំៗ រដ្ឋាភិបាលហុងគ្រី ថាបានបង្អត់អាហារ ដោយចេតនា ជនអន្តោប្រវេសន៍ណា ដែលរដ្ឋាភិបាល បានបដិសេធ មិនផ្តល់សិទ្ធិជ្រកកោនរួចហើយនោះ។
តាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គេបានទទួលព័ត៌មានផ្ទាល់ ដែលថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ មក យ៉ាងហោចណាស់ ជនអន្តោប្រវេសន៍ ប្រមាណ ២១នាក់ ត្រូវបានអាជ្ញាធរហុងគ្រី បដិសេធមិនផ្តល់អាហារ មានខ្លះ រហូតដល់ទៅ ៥ថ្ងៃ។ លើកលែងតែស្រី្តមានផ្ទៃពោះ ហើយនិងម្តាយដែលនៅជាប់បំបៅកូន រាល់មនុស្សធំ ដែល ដែលត្រូវប្រឈមនឹងការបណ្តេញចេញពីទឹកដីហុងគ្រី ត្រូវបានអាជ្ញាធរហុងគ្រី ផ្តាច់ជំនួយ មិនផ្តល់អាហារអ្វីទាំងអស់។
កាលពីខែកញ្ញាឆ្នាំមុន ប្រធានឧសត្តមស្នងការសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានចោទប្រកាន់ម្តងហើយ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី វិចទ័រ អរបាន ពីបទខកខាន មិនផ្តល់អាហារដល់ជនអន្តោប្រវេសន៍ ដែលនៅជាប់ក្នុងជំរំ នៅតំបន់ឆ្លងកាត់ តាមព្រំដែន ហុងគ្រី និង ប្រទេសស៊ែរប៊ី។ តាមអ្នកនាំពាក្យរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅក្រោយ ការសម្រេចរបស់តុលាការ សិទ្ធិមនុស្សអឺរ៉ុប រដ្ឋាភិបាលហុងគ្រីធ្លាប់បានសន្យាកែតម្រូវខ្លួនឡើងវិញ ប៉ុន្តែ ដោយសារតែ គ្មានច្បាប់ជាផ្លូវការ ហើយនិងដោយសារជំហរប្រឆាំងជនអន្តោប្រវេសន៍ ពីសំណាក់រដ្ឋាភិបាលហុងគ្រី សកម្មភាពបង្អត់អាហារជនអន្តោប្រវេសន៍នៅតែបន្តមានដល់សព្វថ្ងៃ។
នៅដើមសប្តាហ៍នេះ នៅក្នុងអត្ថបទផ្សព្វផ្សាយនៅលើ ប្លុកផ្លូវការរបស់ខ្លួន រដ្ឋាភិបាលហុងគ្រីបានអះអាងថា អ្នកដែលកំពុងសុំសិទ្ធិជ្រកកោន នៅហុងគ្រី នៅតែមានសិទ្ធិទទួលបានអាហារ ហើយនិងកន្លែងស្នាក់នៅ ដូចមុន។ ប៉ុន្តែ ជាមួយគ្នានេះ រដ្ឋាភិបាលហុងគ្រី បានបញ្ជាក់សង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងមិនទទួលខុសត្រូវ លើជនអន្តោប្រវេសន៍ ដែលមិនបានដាក់ពាក្យសុំសិទ្ធិជ្រកកោន ឬអ្នកដែលត្រូវ រដ្ឋាភិបាលបដិសេធមិនផ្តល់សិទ្ធិជ្រកកោននោះទេ។ សម្រាប់ រដ្ឋាភិបាលក្រុង ប៊ូដាប៉េស ជនអន្តោប្រវេសន៍ ដែលត្រូវរដ្ឋាភិបាល បដិសេធ មិនផ្តល់សិទ្ធិជ្រកកោន មានសិទ្ធិសេរីភាព ពេញទី ចាកចេញ ពីប្រទេសហុងគ្រី ចូលទៅប្រទេសស៊ែរប៊ីវិញ។
សម្រាប់ មន្រ្តីការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ការបដិសេធមិនផ្តល់អាហារ ដល់ជនអន្តោប្រវេសន៍ មិនត្រឹមតែធ្វើឲ្យមាន បញ្ហាខ្វះអាហារូបត្ថម្ភ តែប៉ុណ្ណោះទេ ប៉ុន្តែ វាមានលក្ខណៈអមនុស្សធម៌បំផុត។ ម្យ៉ាងវិញទៀត ការលើកឡើងរបស់អាជ្ញាធរហុងគ្រីដែលថា ជនអន្តោប្រវេសន៍ មានសេរីភាព ចាកចេញ ពីហុងគ្រី និងធ្វើដំណើរចូលទៅស៊ែរប៊ី គឺជារឿងខុសទាំងស្រុង ព្រោះថា ជនអន្តោប្រវេសន៍នឹងប្រឈមនឹងការចាប់ចង ដោយសារតែឆ្លងដែនខុសច្បាប់ នៅក្នុងប្រទេសស៊ែរប៊ី។
សម្រាប់ការិយាល័យការពារសិទ្ធិមនុស្ស ការបង្អត់អាហារ មនុស្សដោយចេតនា គឺរំលោភច្បាប់អន្តរជាតិ។ អង្គការសហប្រជាជាតិ បានទាមទារឲ្យគ្រប់ប្រទេសគោរពកាតព្វកិច្ច និងករណីកិច្ចរបស់ខ្លួន ដើម្បី ជួយជនអន្តោប្រវេសន៍ ដែលគ្មានសេរីភាព រស់នៅក្នុងតំបន់ឆ្លងកាត់ និងដែលមិនអាចរកអាហារដោយខ្លួនឯងបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ