អានតួអត្ថបទ
ជប៉ុន-អ៊ុយក្រែន

ជប៉ុន​​សន្យា​ស្វែង​រក​ដំណោះស្រាយ​សន្តិភាព​ឲ្យ​​ភាគខាងកើត​អ៊ុយក្រែន

នាយក​រដ្ឋមន្រ្តី ជប៉ុន លោក​ស៊ីនហ្សូ អាបេ កាលពីថ្ងៃ​សៅរ៍ បាន​សន្យា​ធ្វើ​គ្រប់​មធ្យោបាយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សន្តិភាព មួយ​សម្រាប់​បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ នៅ ភាគខាងកើត​អ៊ុយក្រែន។ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​ទស្សនកិច្ច​មួយ​ថ្ងៃ ក្នុង​ទីក្រុង​គៀវ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​ក្នុង​​កិច្ចប្រជុំ​នៃ​ប្រទេស​មហាអំណាច​ឧស្សាហកម្ម G7 ដែល​រៀបចំ​ធ្វើ ក្នុង​ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃ អាទិត្យទី ៧​មិថុនា។ 

នាយក​រដ្ឋមន្រ្តី​ជប៉ុន នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​ប្រធានាធិបតី​ប៉ូរ៉ូឈិនកូ ថ្ងៃ​សៅរ៍ ទី ៦​មិថុនា ២០១៥
នាយក​រដ្ឋមន្រ្តី​ជប៉ុន នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​ប្រធានាធិបតី​ប៉ូរ៉ូឈិនកូ ថ្ងៃ​សៅរ៍ ទី ៦​មិថុនា ២០១៥ ©REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

លោក​ស៊ីនហ្សូ អាបេ​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ទីមួយ ដែល​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នៅ​ទីក្រុង​គៀវ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​ការសន្យា​ទៅ​ប្រធានាធិបតី​អ៊ុយក្រែន ដោយ​ថា ជប៉ុន ក្នុង​នាម​ជា​ប្រធាន​ដឹកនាំ​ជំនួបកំពូល​G7 នៅ​ឆ្នាំ​ក្រោយ នឹង​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ឲ្យ​ភាគខាងកើត​អ៊ុយក្រែន។

 
ជប៉ុន មាន​ទំនាក់​ទំនង​តានតឹង​ជាមួយ​រុស្ស៊ី ដោយសារ​តែ​ជម្លោះ​ដណ្តើម​គ្រប់គ្រង​ប្រជុំកោះ នៅភាគ​ខាងជើង ជប៉ុន​បាន​ថ្កោលទោស​នយោបាយ​ភ្ជាប់​តំបន់​គ្រីមេ របស់​អ៊ុយក្រែន ទៅ​ក្នុង​ទឹកដី​រុស្ស៊ី។ តាំង​ពី​មាន​ជម្លោះ ប្រដាប់​អាវុធ នៅ​ភាគខាងកើត​អ៊ុយក្រែន ទីក្រុង​តូក្យូ​បានផ្តល់​កញ្ចប់​ជំនួយ​ជាង​មួយ ពាន់​លាន​ដុល្លារ ដល់​ទីក្រុង​គៀវ។ លើសពីនោះ ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​ប្រកាស ដាក់​ឈ្មោះ​មន្រ្តី​រុស្ស៊ី​ដែល​មាន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​គ្រីមេ​ក្លាយ​ជា​ទឹកដី​រុស្ស៊ី ទៅក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​ជប៉ុន។

លោកប្រធានាធិបតី​អ៊ុយក្រែន ប៉ូរ៉ូឈិនកូ ដែល​ឈរ​នៅ ក្បែរ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន នៅ​ចំពោះ​មុខ​អ្នកកាសែត កាលពីថ្ងៃ​សៅរ៍ បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន ជា​ប្រវត្តិសាស្ត្រ និង​និមិត្តរូប​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ពីរ។ ប្រធានាធិបតី​អ៊ុយក្រែន បាន​កោត​សរសើរ​ដឹងគុណ ជប៉ុន ដែល​បាន​ប្រកាស​មិន​ទទួល​ស្គាល់​ការភ្ជាប់​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន ទៅក្នុង​ទឹកដី​រុស្ស៊ី។

ការប្រយុទ្ធ​នៅតែ​បន្តមាន នៅភាគខាងកើត​អ៊ុយក្រែន ដោយ​បាន​សម្លាប់​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន ម្នាក់ទៀត កាលពីថ្ងៃ​សៅរ៍។ ភាគី​ទាំង​សងខាង​ចោទ​ទម្លាក់​កំហុស​ដាក់គ្នា ថា​បាន​រំលោភ​បទឈប់បាញ់ ដែល​រដ្ឋាភិបាល​អ៊ុយក្រែន និង​ពួកឧទ្ទាម​និយម​រុស្ស៊ី បាន​ចុះ​ជាមួយ គ្នា នៅ​ទីក្រុង​មីងស្ក៍ កាលពី​ខែ​កុម្ភៈ​កន្លងទៅ។

កិច្ចប្រជុំ​ប្រទេស​មហាឧស្សាហកម្ម G7 នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃអាទិត្យក្នុង​ប្រទេស​អាល្លឺម៉ង់។ ប្រធានាធិបតី​អ៊ុយក្រែន កំពុង​ឆ្លៀត​ធ្វើ​យុទ្ធនាការ​អូសទាញ​ប្រទេស​មហាអំណាច តាមរយៈ កិច្ចប្រជុំ​G7 ដាក់​សម្ពាធទៅលើ​រុស្ស៊ី ដែល​អ៊ុយក្រែន ចោទ​ថា ជា​អ្នកផ្តល់​អាវុធ និង​បញ្ជូន​ទ័ព​រុស្ស៊ី ចូល​ឈ្លានពាន ក្នុង​ទឹកដី​អ៊ុយក្រែន។ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ប្រធានាធិបតី​អ៊ុយក្រែន​ទទួល​ជួប គាវរកិច្ច​លោក​នាយករដ្ឋមន្រ្តី​កាណាដា ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង​គៀវ មុន​នឹង​ទៅ​ទៅ​ចូលរួម​កិច្ចប្រជុំ​G 7 នៅ​Elmau ប្រទេស​អាល្លឺម៉ង់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ