រូម៉ានី៖ក្រោយគ្រោះថ្នាក់ឆេះរង្គសាល នាយករដ្ឋមន្រ្តីប្រកាសចុះពីតំណែង
នៅថ្ងៃពុធ ទី៤ វិច្ឆិកា លោកនាយករដ្ឋមន្រ្តីនៃប្រទេសរូម៉ានីវ៉ិចទ័រ ប៉ុងតា (Victor Ponta) បានប្រកាសលាចុះពីមុខតំណែង។ ការប្រកាសចាកចេញពីតំណែងប្រមុខរដ្ឋាភិបាលរបស់លោកប៉ុងតាបានធ្វើឡើង បន្ទាប់ពីមានគ្រោះថ្នាក់ឆាបឆេះក្នុងរង្គសាលមួយកាលពីយប់ថ្ងៃសុក្រ ទី៣០ តុលាកន្លងទៅដោយបានបណ្តាលឲ្យមានមនុស្សស្លាប់ ៣២នាក់ និងរបួសជិត ២០០នាក់ផ្សេងទៀត។ ក្រោយព្រឹត្តិការណ៍នោះមក មានប្រជាជនរូម៉ានីជាច្រើនពាន់នាក់បាននំាគ្នាចុះផ្លូវធ្វើបាតុកម្មទាមទារឲ្យលោកវ៉ិចទ័រ ប៉ុងតាចុះចេញពីតំណែង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥០
ទីបំផុត និងដោយមិនអាចទ្រាំទ្រនឹងគំនាបរបស់មហាជននៅតាមដងផ្លូវបាន លោកវ៉ិចទ័រ ប៉ុងតាក៏បានសម្រេចចិត្តចុះចេញពីកៅអីនាយករដ្ឋមន្រ្តី។ នៅក្នុងសេចក្តីថ្លែងការណ៍រយៈពេលខ្លីតាមទូរទស្សន៍ លោកវ៉ិចទ័រ ប៉ុងតាបានបញ្ជាក់ថា លោកយល់ពីកំហឹងរបស់មហាជនដែលកំពុងស្វែងរកអ្នកទទួលខុសត្រូវនៅក្នុងសោកនាដកម្មឆេះរង្គសាលកាលពីរាត្រីថ្ងៃសុក្រ ទី៣០ តុលាកន្លងទៅ និងថា អ្នកទទួលខុសត្រូវនៅក្នុងសោកនាដកម្មនោះមិនមែនមានត្រឹមតែម្ចាស់រង្គសាលប៉ុណ្ណោះទេ។
« ខ្ញុំបានតស៊ូប្រយុទ្ធដើម្បីនយោបាយ តែខ្ញុំមិនអាចតស៊ូប្រយុទ្ធប្រឆំាងនឹងមនុស្សដែលបានចុះផ្លូវដើម្បីសម្តែងកំហឹងរបស់គេបានឡើយ » នេះជាសម្តីរបស់លោកវ៉ិចទ័រ ប៉ុងតា។ គួររម្លឹកជូនថានៅយប់ថ្ងៃអង្គារ ទី៣ វិច្ឆិកាកន្លងទៅថ្មីៗនេះ មានប្រជាជនជាង ៣០ ០០០នាក់បានចុះផ្លូវធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្រ្តីវ៉ិចទ័រ ប៉ុងតាចុះចេញពីតំណែង។ គឺជាក្បួនបាតុកម្មដ៏ធំមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសរូម៉ានីទេនារយៈពេល ២៥ឆ្នំាចុងក្រោយនេះ។
ហ្វូងបាតុករបានចោទមន្រ្តីរដ្ឋអំណាចស្រុកពីបទស៊ីសំណូកសូកប៉ាន់ជាមួយម្ចាស់រង្គសាលដែលមិនបានសាងសង់រង្គសាលឲ្យត្រឹមត្រូវតាមស្តង់ដារ។ « យើងមិនអាចទុកបណ្តោយឲ្យមានអំពើពុករលួយរហូតដល់សម្លាប់មនុស្សទៀតបានឡើយ » នេះជាការថ្លែងរបស់លោកក្លៅ យ៉ូហានីស ប្រធានាធិបតីរូម៉ានីមកពីគណបក្សអភិរក្សនិយម។ គួរជម្រាបជូនថា រឿងឆេះរង្គសាលគ្រាន់តែជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតដែលមិនអាចអនុញ្ញាតឲ្យលោកវ៉ិចទ័រ ប៉ុងតាបន្តអង្គុយកៅអីនាយករដ្ឋមន្រ្តីបាន។
នៅក្នុងអតីតកាល ពោលក្នុងនាមជាមេធាវីម្នាក់ លោកប៉ុងតាបានជាប់ចោទពីបទរួមគំនិតគេចពន្ធ និងលាងសំអាតលុយកខ្វក់។ អស់ជាច្រើនខែកន្លងមកហើយដែលលោកប៉ុងតាបានទទួលគំនាបពីក្រុមបក្សប្រឆំាង រួមទំាងរូបលោកប្រធានាធិបតីក្លៅ យ៉ូហានីសដែលបានទាមទារឲ្យលោកចុះចេញពីមុខតំណែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ