អានតួអត្ថបទ
រូម៉ានី

នាយករដ្ឋមន្រ្តី​រូម៉ានី​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ពុករលួយ​តែ​មិនព្រម​ចុះពីតំណែង

លោក​វិចទ័រ ប៉ុងតា (Victor Ponta) នាយករដ្ឋមន្រ្តី​រូម៉ានី​ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទប្រកាន់​កាល​ពីថ្ងៃ​ចន្ទ ពីបទពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ ក៏ប៉ុន្តែ បើទោះបីជា​ត្រូវ​តុលាការ​ចោទប្រកាន់​បែបនេះ​ក៏ដោយ លោក​វិចទ័រ ប៉ុងតា បាន​បដិសេធ​មិន​ព្រម​ចុះចេញ​ពីតំណែង​នោះទេ។

លោក​វិចទ័រ ប៉ុងតា (Victor Ponta) នាយករដ្ឋមន្រ្តី​រូម៉ានី
លោក​វិចទ័រ ប៉ុងតា (Victor Ponta) នាយករដ្ឋមន្រ្តី​រូម៉ានី AFP PHOTO/POOL/ ROBERT GHEMENT
ផ្សាយពាណិជ្ជកម្ម

 

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូម៉ានី​បាន​ឲ្យដឹង កាល​ពីថ្ងៃ​ចន្ទ​ថា លោក​នាយករដ្ឋមន្រ្តី​វិចទ័រ ប៉ុងតា ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ជាប់ពាក់ព័ន្ធ​នឹង​ការក្លែង​ឯកសារ ការគេចពន្ធ និង​ប្រតិបត្តិការ​លាងលុយកខ្វក់។ អង្គហេតុ​នៅ​ក្នុង​ការចោទប្រកាន់​នេះបាន​កើតមានឡើង​​នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១១ ពោលគឺ នៅ​មុន​ពេល​ដែល​លោក​វិចទ័រ ប៉ុងតា ​ឡើងកាន់តំណែង​ជា​នាយករដ្ឋន្រ្តី។ ហេតុដូច្នេះ​ហើយ​បាន​ជា​តុលាការ​អាច​ធ្វើ​ការ​​ស៊ើបអង្កេត និង​ចោទប្រកាន់​បាន ដោយ​មិន​ចាំបាច់​មាន​ការ​ស្នើ​សុំ​ឲ្យ​ដក​អភ័យឯកសិទ្ធិ។

គួររំឭកឡើងវិញ​ថា មុននឹង​ឈាន​ដល់​ការ​ចោទប្រកាន់​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បើក​ការស៊ើបអង្កេត​លើ​រូបលោក​នាយករដ្ឋមន្រ្តី​វិចទ័រ ប៉ុងតា តាំង​ពី​ខែ​មិថុនា។ នៅ​ពេល​ដែល​ការស៊ើបអង្កេត​នេះ​បាន​ចាប់ផ្តើម​ធ្វើ​ភ្លាម គណបក្ស​ប្រឆាំង​រូម៉ានី​បាន​ទាមទារ​ឲ្យ​លោក​វិចទ័រ ប៉ុងតា ចុះចេញ​ពី​តំណែង ក៏ប៉ុន្តែ លោក​បាន​បដិសេធ ដោយ​អះអាង​ថា លោក​មាន​ភាព​ស្អាតស្អំ មិនបាន​ប្រព្រឹត្ត​កំហុស​ដូចការ​ចោទប្រកាន់។ រហូតមក​ទល់​នឹង​​ថ្ងៃ​ចន្ទ ក្រោយ​ពី​មាន​ការចោទប្រកាន់​ជាផ្លូវការ​ពីតុលាការ​ពីបទ​ពុករលួយ ក៏​លោក​នាយករដ្ឋមន្រ្តី​រូម៉ានី​នៅតែ​បដិសេធ​មិន​ចុះចេញ​ពី​តំណែង​ដដែល។

តាមការពិត អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ចង់​បើក​ការស៊ើបអង្កេត​លើ​ករណី​សង្ស័យ​មួយចំនួនទៀតដែរ ដែល​ជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​លោក​វិចទ័រ ប៉ុងតា ក្នុង​អំឡុង​ពេល​លោក​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី។ ក៏ប៉ុន្តែ ដោយសារ​តែគណបក្ស​របស់​លោក​មាន​សំឡេង​ភាគច្រើន​នៅ​សភា​ ហើយ​បដិសេធ​មិន​ព្រម​ដកអភ័យឯកសិទ្ធិ ទើប​គេ​អាច​ធ្វើការ​ស៊ើបអង្កេត​តែ​ទៅលើ​អង្គហេតុ ដែល​កើតឡើង​កាល​ពីមុន​ពេល​លោក​ឡើង​កាន់​តំណែង។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប រូម៉ានីគឺ​ជា​ប្រទេស​ក្រីក្របំផុត​លំដាប់​ទី២​​បន្ទាប់​ពី​ប៊ុលហ្ការី ហើយ​ក៏​ជា​ប្រទេស​ដែល​សម្បូរទៅដោយ​អំពើ​ពុករលួយ​ផងដែរ។ គេ​សង្កេតឃើញ​ថា នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​បើកធ្វើ​យ៉ាង​សកម្ម​នៅ​រូម៉ានី ដែល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​សំខាន់ៗ​ជាច្រើន​រូប​ត្រូវ​ធ្លាក់​ពីតំណែង។ លោកវិចទ័រ ប៉ុងតា ដែល​ជា​នាយករដ្ឋមន្រ្តី​កំពុងកាន់​តំណែង គឺ​ជា​អ្នក​នយោបាយ​កំពូល​បំផុត ដែល​ត្រូវ​ជាប់​ក្នុង​សំណាញ់​នៃ​យុទ្ធនាការ​បោសសម្អាត​អំពើ​ពុករលួយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ