អានតួអត្ថបទ
អាល្លឺម៉ង់-អាកាសធាតុ

អាកាសធាតុ៖កិច្ចប្រជុំ​ចុងក្រោយ​មុន​នឹង​សន្និសីទ​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង

នៅ ៦សប្តាហ៍ មុន​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​នឹង​ត្រូវ​រៀបចំ​ពី​ថ្ងៃទី៣០ វិច្ឆិកា​ដល់​ថ្ងៃទី១១ ធ្នូ​ក្នុង​ទីក្រុង​​ប៉ារីស ប្រទេស​បារំាង ប្រទេស​ទំាង ១៩៥ ផ្តើម​កិច្ចប្រជុំ​នា​សប្តាហ៍​ចុង​ក្រោយ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១៩ តុលា​ក្នុង​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់។ គោលដៅ​សំខាន់​នៃ​កិច្ចប្រជុំ គឺ​រៀបចំ​បញ្ចប់​នូវ​សេចក្តី​ព្រាង​អត្ថបទ​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​សម្រាប់​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស។

លោក Laurent Fabius រដ្ឋមន្រ្តី​ការបរទេស​បារំាង និង​ជា​ប្រធាន​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ហៅ​កាត់ COP២១
លោក Laurent Fabius រដ្ឋមន្រ្តី​ការបរទេស​បារំាង និង​ជា​ប្រធាន​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ហៅ​កាត់ COP២១ AFP PHOTO /JACQUES DEMARTHON
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំ​សប្តាហ៍​ចុង​ក្រោយ​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់​ថ្ងៃ​នេះ ប្រទេស​ទំាង ១៩៥ ត្រូវ​បន្ត​ជជែក​ពិភាក្សា​លើ​អត្ថបទ​ព្រាង​មួយ​ដែល​ស្នើ​ឡើង​ដោយ​សហប្រធាន​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នា​ប៉ុន្មាន​កន្លង​ទៅ។ នៅ​ក្នុង​អត្ថបទ​ព្រាង​នោះ សហប្រធាន​ដឹក​​នំា​ដោយ​ជនជាតិ​អាល់ហ្សេរី និង​អាមេរិក​បាន​លើក​ឡើង​ពី​បញ្ហា​បន្ទាន់​ដែល​ប្រទេស​នីមួយៗ​ត្រូវ​សន្យា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុង​ការ​កាត់បន្ថយ​អត្រា​ផ្សែង​ពុល​នៅ​ក្នុង​បរិយាកាស។ គឺ​ជា​អត្ថបទ​ព្រាង​មួយ​ដែល​មាន​កម្រាស់ ៨០ទំព័រ តែ​ដោយ​មាន​សំណើ​ពី​ប្រទេស​ជា​ច្រើន សហប្រធាន​ទំាង​ពីរ​រូប​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ពី ៨០ មក​នៅ​ត្រឹម ២០ទំព័រ​ដែល​ខ្លឹម និង​ងាយ​យល់។

លោក Laurent Fabius រដ្ឋមន្រ្តី​ការបរទេស​បារំាង និង​ជា​ប្រធាន​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ហៅកាត់ COP២១ ដែល​គ្រោង​បើក​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ ៦សប្តាហ៍​ខាង​មុខ​បាន​គូសបញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ ទី១៦ តុលា​ដោយ​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទទួល​យក​អត្ថបទ​ព្រាង​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ជជែក​ពិភាក្សា។ គួរ​ជម្រាប​ជូន​ថា​មក​ដល់​ថ្ងៃ​នេះ គឺ​ទើប​មាន​តែ ១៥០ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​បញ្ជូន​ឲ្យ​អង្គការ​សហប្រជាជាតិ​នូវ​វិធានការ​រួមចំណែក​កាត់​បន្ថយ​ឧស្ម័នពុល​នៅ​ក្នុង​បរិយាកាស​សម្រាប់​ចន្លោះ​ឆ្នំា ២០២៥ និង ២០៣០។ កម្មវត្ថុ​សំខាន់ គឺ​ទប់​កុំ​ឲ្យ​កម្តៅ​នៅ​ក្នុង​ភពផែនដី​កើន​លើស​ពី ២អង្សារ។ បើ​ពុំ​នោះ​សោត​ទេ វា​នឹង​បង្ក​ចេញ​នូវ​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ភពផែនដី​ទំាង​មូល។

យ៉ាង​ណា​ក៏​ដោយ ការ​ខ្វែង​គំនិត​គ្នា​កំពុង​បន្ត​មាន ពិសេស​ពី​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​កំពុង​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​ពួក​គេ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ទប្រឆំាង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស​ដោយសារ​តែ​ទង្វើ​របស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍។ អ្វី​ដែល​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​រង់ចំា​ខ្លំាង​នោះ គឺ​ការ​សន្យា​ក្នុង​ឆ្នំា ២០០៩ ដែល​ក្រុម​ប្រទេស​ប៉ែក​ខាង​ជើង​ព្រម​ផ្តល់​លុយ​ចំនួន ១០០ ០០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នំា​សម្រាប់​ក្រុម​ប្រទេស​ប៉ែក​ខាង​ត្បូង​ពី​ពេល​នេះ​ដល់​ឆ្នំា ២០២០។ គួរ​ជម្រាប​ជូន​ថា មុន​នឹង​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​នា​ពេល​ខាង​មុខ ក៏​មាន​ជំនួបកំពូល​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ជា​លក្ខណៈ​ទ្វេភាគី ឬ ត្រីភាគី​នៅ​អង្គការ​សហប្រជាជាតិ​ដែរ។ គោលដៅ​សំខាន់ គឺ​ស្វែង​រក​កុងសង់ស៊ុស​ដើម្បី​កាត់​បន្ថយ​ការ​ចាក់​ចោល​ឧស្ម័នពុល​ទៅ​ក្នុង​បរិយាកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ