អានតួអត្ថបទ
បារាំង

រដ្ឋាភិបាល​​ធ្វើ​ច្បាប់​ដែល​នឹង​ផ្តល់​អំណាច​ច្រើន​ជាងមុន ដល់​ចារកិច្ច​បារាំង

រដ្ឋាភិបាល​បារាំង​បាន​បញ្ចេញ​ឲ្យ​ឃើញ សេចក្តី​ច្បាប់​ស្តីពី​ចារកម្ម។ សេចក្តី​ច្បាប់​ថ្មី ដែល​គណរដ្ឋមន្រ្តី​បារាំង លើក​យក​ទៅ​ពិភាក្សា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ទិសដៅ​ផ្តល់​អំណាច និង​មធ្យោបាយ​មហាសាល​ដល់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​បារាំង ដើម្បី​អាច​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ 

សេចក្តី​ព្រាងច្បាប់​ស្តីពី​ចារកម្ម នឹង​ផ្តល់​សិទ្ធិ​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​លួចស្តាប់​ទូរស័ព្ទ​ ដោយ​ស្របច្បាប់
សេចក្តី​ព្រាងច្បាប់​ស្តីពី​ចារកម្ម នឹង​ផ្តល់​សិទ្ធិ​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​លួចស្តាប់​ទូរស័ព្ទ​ ដោយ​ស្របច្បាប់ gettyimages
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាង​ច្បាប់​ថ្មី ស្តីពី​ចារកម្ម ​បាន​ប្រសូត្រ​ចេញជា​រូបរាង​ឡើង នៅក្រោយពេល​ដែល​​ទីក្រុង​ប៉ារីស​បាន​រង​អំពើ​ភេរវកម្ម ដែល​បាន​សម្លាប់​មនុស្ស ១៧នាក់ កាល​ពី​ខែ​មករា ដើម​​ឆ្នាំនេះ។ ក្រោយ​អំពើ​ភេរវកម្ម ភ្នាក់ងារ​ចារកិច្ច​បារាំង​ត្រូវ​គេ​រិះគន់ ថា បាន​ខកខាន មិន​បាន​ទប់ស្កាត់​ជាមុន អំពើភេរវកម្ម។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចារកម្ម គ្រោង​នឹង​ផ្តល់​អំណាច និង​មធ្យោបាយ​បន្ថែម​ដល់​ស្ថាប័ន ឬ​បុគ្គល ដែល​ធ្វើការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម។ ទិសដៅ គឺ​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ ស៊ើបការណ៍​សម្ងាត់​របស់​បារាំង អាចទប់ស្កាត់​បាន​ល្អ​ប្រសើរ​ជាងមុន គម្រោង​ធ្វើ​ភេរវកម្ម។

ដើម្បី​អាច​ទប់ស្កាត់​ជាមុន អំពើ​ភេរវកម្ម សេចក្តីព្រាង​ច្បាប់​ថ្មី នឹង​អនុញ្ញាត​ ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង តាមដាន លួចស្តាប់​ទូរស័ព្ទ ឬ​ចូលមើល​ទិន្និន័យ ខ្លឹមសារ​សារអេឡេចត្រូនិក ដើម្បី​ស្ទាក់ ចាប់រក ជនសង្ស័យ​ ជាប់ពាក់ព័ន្ធ​នឹង​ក្រុមជីហាត ភេរវនិយម។ អាច​និយាយ​ក្នុង​ន័យ​ម្យ៉ាងទៀតថា ច្បាប់​នេះ​នឹង​បើកដៃ​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង ចូល​មើល​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ប្រជាជន​បារាំង ដោយ​ស្របច្បាប់។

ចំណុច​ថ្មី​មួយទៀត​របស់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ចារកម្ម គឺទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាច​ផ្តើម​ប្រតិបត្តិការ​ស៊ើបអង្កេត ដូចជា ​លួចស្តាប់​ទូរស័ព្ទ ឬ​ចូល​មើល​ខ្លឹមសារ​ម៉ែល​អេឡិចត្រូនិក របស់​បុគ្គល ណាម្នាក់ ដោយ​មិន​ចាំបាច់​រង់ចាំ​ភ្លើង​ខៀវ​ពី​ចៅក្រម ដូចពេលមុន។

បើទោះបី​ជា​អ្នកនយោបាយ បារំាង​មក​ពីគ្រប់​គណបក្ស គាំទ្រ​ចង់​ឲ្យ​មាន​ច្បាប់​ថ្មី ស្តីពី​ចារកម្ម អង្គការ​ការពារ​សិទ្ធិមនុស្ស​បារម្ភថា តាមរយៈ​ច្បាប់ថ្មី នេះ សិទ្ធិ ជីវិត​ឯកជន​របស់​ប្រជាជន​បារាំង​នឹង​ត្រូវ​គេ​រំលោភ​បំពាន។ គេ​បាន​ប្រៀបធៀប​ច្បាប់​ថ្មី​ស្តីពី​ចារកម្ម របស់​បារាំង​ទៅ​នឹង​ច្បាប់ Patriot Act ដែល​អាមេរិក​បាន​បង្កើត​ឡើង នៅក្រោយ​អំពើភេរវកម្ម​ឆ្នាំ ២០០១។ ច្បាប់​ Patriot Act​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ថា បាន​រំលោភ​សិទ្ធិ​សេរីភាព​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ នៅ​អាមេរិក។ លោក​នាយករដ្ឋមន្រ្តី​បារាំង Manuel Valls ដែល​បាន​ចេញមុខ​ការពារ​ច្បាប់​ថ្មី ថា នឹង​មិន​ដូច Patriot Act បាន​សន្យា​ហើយថា នឹង​បណ្តុះបណ្តាល ធនធាន​មនុស្ស​ដែលត្រូវ​ធ្វើការ​ខាងផ្នែក​ចារកម្ម និង​ធានា​ថា ការតាមដាន​នឹង​ធ្វើ​តែ​ទៅលើ​បុគ្គល​ដែល​សង្ស័យ ធ្វើ​អំពើភេរវកម្ម ប៉ុន្តែ មិនមែន​បុគ្គល​ទូទៅ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ