អានតួអត្ថបទ
អឺរ៉ុប

ប្រធាន​គណៈកម្មការ​អឺរ៉ុប​ដំឡើង​សំលេង​ដាក់​អង់គ្លេស​ដែល​ចង់រឹត​បន្តឹង​សិទ្ធិជន​បរទេស ធ្វើការ​នៅ​អង់គ្លេស

ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី លោក​Jean Claude Juncker កាលពី​ថ្ងៃ​សៅរ៍ បាន​ទាមទារ​ឲ្យ​អង់គ្លេស​ឈប់​ចាត់វិធានការ​រើសអើង​ចំពោះ​ជន​អន្តោប្រវេសន៍​ដែល​ធ្វើការ​នៅ​អង់គ្លេស។ នៅពេល​ដែល​ថ្ងៃ​បោះឆ្នោត​ជាតិ​កាន់​តែ​ខិត​ចូលមកដល់ នាយករដ្ឋមន្រ្តី អង់គ្លេស​ ដែល​ស្ថិតនៅ​ក្រោម​សម្ពាធ​របស់ក្រុម​ស្អប់​អឺរ៉ុប បាន​លើក​និយាយ​កាលពី​ខែ​វិច្ឆិកា​ពី​គម្រោង​វិធានការ​របស់​រដ្ឋាភិបាល ដើម្បី​រឹតបន្តឹង​ការហូរចូល​ជនបរទេស​មក​ពី​ អឺរ៉ុប ខាងកើត ចូល​ក្នុង​ទឹកដី​អង់គ្លេស។ 

ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ថ្មី​Jean-Claude Junckerមាន​ជំហរ​តឹង​ខ្លាំង​ជាមួយ​អង់គ្លេស
ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ថ្មី​Jean-Claude Junckerមាន​ជំហរ​តឹង​ខ្លាំង​ជាមួយ​អង់គ្លេស REUTERS/Ints Kalnins
ផ្សាយពាណិជ្ជកម្ម

​នាយករដ្ឋមន្រ្តីអង់គ្លេស​​ជៀស​មិន​ផុត​ពី​ត្រូវ​ប្រឈមមុខ និង​ទទួល​ការរិះគន់​ពី​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី។ នាយករដ្ឋមន្រ្តី​អង់គ្លេស​​ដែល​​ធ្លាប់​ប្រឆាំង​មិន​ចង់​ឲ្យ​លោក​ Jean Claude Juncker​ត្រូវ​គេ​ជ្រើសរើស ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប ត្រូវ​បាន​លោក​ Jean Claude Juncker បក​មក​រិះគន់​ខ្លាំងៗ កាលពី​ថ្ងៃ​សៅរ៍ ពី​ឥរិយាបទ​រើសអើង​របស់​អង់គ្លេស ចំពោះ​អ្នកធ្វើការ​មក​ពី​អឺរ៉ុប​ខាង​កើត។

 
សម្រាប់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី គេ​មិនអាច​សើរើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនអន្តោប្រវេសន៍ ដែល​ធ្វើការ​ស្របច្បាប់​ក្នុង​ប្រទេស​ណាមួយ​ទេ។ អង់គ្លេស​នឹង​ប្រឈម បាត់បង់​លំហូរ​ហិរញ្ញវត្ថុ ប្រសិនបើ​រដ្ឋាភិបាល​អង់គ្លេស​ចង់​កំណត់ សិទ្ធិ​ធ្វើការ​របស់​ជន​អន្តោប្រវេសន៍។

ជំហរ​រិះគន់​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី ទៅលើ​នយោបាយ​អន្តោប្រវេសន៍​អង់គ្លេស ត្រូវ​កាសែត​អង់គ្លេស​The Gardian ចុះផ្សាយ កាលពី​ថ្ងៃ​សៅរ៍។ លោក​Jean Claude Juncker ដែល​ព្រមាន​នយោបាយ​រើសអើង របស់​អង់គ្លេស នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ អូទ្រីស កាលពី​ថ្ងៃ​សៅរ៍ បាន​បញ្ជាក់​យ៉ាង​ដាច់ណាត់​ថា លោក​ប្រឆាំង​រាល់​គំនិត និង​ឥរិយាបទ​ដែល​វាយតម្លៃ​ថា រាល់​ជនជាតិ​មកពី​ប្រទេស​ប៉ូឡូញ រូម៉ានី ឬ​ប៉ុលហ្ការី គឺ​ជា​ជនខិលខូច។ តាមពិត អ្នកទាំងនោះ ជា​អ្នកខិតខំ​ធ្វើការ ដើម្បី​ចិញ្ចឹម​ជីវិត​តែប៉ុណ្ណោះ។

ស្ថិតនៅក្រោម​សម្ពាធ​របស់​មតិ​មហាជន​អង់គ្លេស និង​ក្រុម​ស្អប់​អឺរ៉ុប កាលពី​ខែ​វិច្ឆិកា លោក នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​ស្នើ​សេចក្តីព្រាង​មួយ ដែល​ចង់​កាត់បន្ថយ​សិទ្ធិ​របស់​ជនបរទេស មិន​ឲ្យ​ទទួល​សេវា ធានា​សន្តិសុខ​សង្គម ដូច​អ្នកធ្វើការ ជាតិ​អង់គ្លេស។ នៅពេល​នោះ លោក​ដាវីដ កាមឺរឺន ថែម​ទាំង​ថ្លែង​ទាមទារ​ឲ្យ​គេ​ធ្វើ​កំណែទម្រង់​សន្ធិសញ្ញា​អឺរ៉ុប​ផង។ លោក​នាយក រដ្ឋមន្រ្តី​អង់គ្លេស ធ្លាប់​បាន​សន្យា​ហើយថា លោក​នឹង​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ​មួយ នៅ​ឆ្នាំ ២០១៧ ប្រសិន​បើ​គណបក្ស​អភិរក្ស​និយម​របស់​លោក​ឈ្នះ​ឆ្នោត​ជាតិ នៅ​ខែ​ឧសភា ២០១៥។ ប្រជាមតិ​ដែល​នៅក្នុង​នោះ​ប្រជាជន​អង់គ្លេស​នឹង​សម្រេច​ថា តើអង់គ្លេស​​គួរ​នៅបន្ត ឬ​ដើរចេញ​ពី​សហភាព​អឺរ៉ុប ដែល​ប្រជាជន​អង់គ្លេស​គិតថា ចាំ​តែ​ចាំ​ជញ្ជក់យក​ប្រយោជន៍​ពី​អង់គ្លេស​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ