អានតួអត្ថបទ
អឺរ៉ុប-ជនអន្តោប្រវេសន៍

អឺរ៉ុប​កាន់តែ​បែកបាក់ និង​ខ្វែង​គំនិត​គ្នា​កាន់​តែខ្លាំង នៅក្នុង​រឿង​ទទួល​ជនភៀសខ្លួន

រូបភាព​សាកសព​ក្មេងប្រុស ស៊ីរី ដែល​អណ្តែត​មកទើ​លើ​ឆ្នេរ តួកគី កាលពី​ថ្ងៃ​ពុធ ប្រៀប​បាន​ទៅនឹង​ជន្លួញ រុញ មេដឹកនាំ​អឺរ៉ុប​ឲ្យ​ចាត់វិធានការ​បន្ទាន់ ក្នុង​វិបត្តិ​ជនអន្តោប្រវេសន៍។ នៅថ្ងៃ​សុក្រ​ទី ៤ កញ្ញា នាយករដ្ឋមន្រ្តី​អង់គ្លេស គ្រោង​នឹង​ប្រកាស​ទទួល​បន្ថែម​ជនភៀសខ្លួន នៅក្នុង​ពេល​ដែល រដ្ឋមន្រ្តី​ការបរទេស​អឺរ៉ុប​ត្រូវ​ជួប​ប្រជុំ​គ្នា នៅប្រទេស​លុចសំបួរ ដើម្បី ពិភាក្សា​ទៅលើ​ផែនការ​ទទួល​ជនភៀសខ្លួន ដែល​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ និង​ប្រធានាធិបតី​បារាំង បាន​រកឃើញ នៅក្នុង​កិច្ច​ព្រមព្រៀង​មួយ កាលពី​ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ។ 

ជនអន្តោប្រវេសន៍​កកស្ទះ​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​រដ្ឋធានី ប៊ុតដាប៉ែស ប្រទេស​ហុងគ្រី ថ្ងៃ​ទី ២​កញ្ញា ២០១៥
ជនអន្តោប្រវេសន៍​កកស្ទះ​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​រដ្ឋធានី ប៊ុតដាប៉ែស ប្រទេស​ហុងគ្រី ថ្ងៃ​ទី ២​កញ្ញា ២០១៥ REUTERS/Laszlo Balogh
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការចុះផ្សាយ​រូបភាព ក្មេងប្រុស ភៀសខ្លួន ស៊ីរី ដេកស្លាប់ ផ្កាប់​មុខ​លើ​ឆ្នេរ​សមុទ្រ តួកគី នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​សំដែង​ក្តីរន្ធត់ និង​បាន​ប្រកាស​យល់ព្រម​ទទួល​ជនភៀសខ្លួន​ស៊ីរី បន្ថែម ឲ្យ​មក​រស់នៅក្នុង​ទឹកដី​អង់គ្លេស។ នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​អេស្ប៉ាញ និង​ព័រទុយហ្កាល់​នៅថ្ងៃ​សុក្រ នាយករដ្ឋមន្រ្តី​អង់គ្លេស​ប្រកាស​ទទួល​យក​បន្ថែម ជនភៀសខ្លួន​ស៊ីរី ៥ពាន់នាក់។

 
ប្រមុខដឹកនាំ​រដ្ឋាភិបាល អង់គ្លេស កំពុង​ប្រឈម​កាន់តែខ្លាំង នឹង​ការរិះគន់ និង​ការដាក់​សម្ពាធ ពី គ្រប់​មជ្ឈដ្ឋាន មិនថា ​គណបក្ស​ប្រឆាំង ឬ​អង្គការ​ការពារ​សិទ្ធិមនុស្ស ដោយសារ​តែ​នយោបាយ​តឹងរ៉ឹង មិនចង់​ទទួល​យក​ជនភៀសខ្លួន។ យ៉ាងណា​ក៏ដោយ តាម​កាសែត​The Guardian នាយក​រដ្ឋមន្រ្តី នឹង​យល់ព្រម​ទទួល​យក​បន្ថែម​ជនភៀសខ្លួន​ជាច្រើន​ពាន់​នាក់ ប៉ុន្តែ ជនភៀសខ្លួន​ទាំងនោះ គឺ​ជាជនភៀសខ្លួន​ស៊ីរី មាន​ប្រភព​ចេញ​មកពី​ជំរំជនភៀសខ្លួន របស់​អង្គការ​សហប្រជាជាតិ នៅ​តំបន់​ដើមបូព៌ា។ ជំហរ​របស់​ទីក្រុង​ឡុងដ៍​មាន​លក្ខណៈ ផ្ទុយស្រឡះ ពី​ការអំពាវនាវ​របស់​មេដឹកនាំ បារាំង និង​អាល្លឺម៉ង់ ដែល​ទើប​បាន​ប្រកាស កាលពី​ថ្ងៃ​ម្សិលមិញ ទាមទារ​ឲ្យសមាជិក​អឺរ៉ុប​ទាំងអស់ ទទួល​យក​កូតា​ជនភៀសខ្លួន ដែល​កំពុង​សម្រុក​ចូល​មក​ទឹកដី​អឺរ៉ុប​តាម​ប្រទេស​ក្រិក អ៊ីតាលី និង​ហុងគ្រី​នោះ។

នៅក្នុង​កិច្ចព្រមព្រៀង បារាំង អាល្លឺម៉ង់ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​លើក​ឡើង​ពី​គោលការណ៍ បែងចែក ដោយ​ស្មើភាពគ្នា រវាង ប្រទេស​សមាជិក​អឺរ៉ុប ដើម្បី​ទទួល​យក​ជនភៀសខ្លួន ដែល​កំពុង​រត់​ចូល​រួចហើយ មក​ក្នុង​ទឹកដី​អឺរ៉ុប។ អាល្លឺម៉ង់ នាំមុខ​គេ ដើម្បី​និយាយ​ពី​វិបត្តិជនភៀសខ្លួន ព្រោះ​ថា អាល្លឺម៉ង់ ដែល​ជា​គោលដៅ ចំបង​របស់​ជនភៀសខ្លួន រំពឹង​ថា នឹង​ទទួល​ជនភៀសខ្លួន​ស៊ីរី ប្រមាណ ៨សែននាក់ នៅក្នុង​ឆ្នាំ​នេះ។

ឆ្លើយតប​ទៅនឹង​ការហូរចូល​ជនភៀសខ្លួន ប្រៀប​បាន​នឹង​ទឹកបាក់​ទំនប់ ហើយ​និង​ភាពស្ពឹកស្រពន់​របស់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ប្រមុខដឹកនាំ​អាល្លឺម៉ង់ លើកនេះ បាន​ព្រមាន​អនុវត្តធម៌​ក្តៅ ក្នុង​ករណី សមាជិក​អឺរ៉ុប​មិនអាច​ចរចា ចុះសម្រុង​គ្នា ​ចែករំលែក​ជនភៀសខ្លួន។ នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ អង់ហ្គេឡា ម៉ែរគែល និយាយ​ថា អាល្លឺម៉ង់ ចង់​សើរើ​នយោបាយ​Schenguen ដែល​ចែង​ពី​តំបន់​ដើរហើរ ធ្វើការ​របស់​ប្រជាជន​អឺរ៉ុប។ និយាយ​បែប​ម្យ៉ាង អាល្លឺម៉ង់ ព្រមាន​លែង​ទទួល ផ្តល់​ការងារ​ដល់ប្រជាជន​របស់​ប្រទេស​អឺរ៉ុប​ណាដែល មិនចង់​ទទួល​យក​ជនភៀសខ្លួន។

តាម​ប្រធាន​អង្គការ​UNCHR​ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ អឺរ៉ុប​ត្រូវ​សាមគ្គីគ្នា ដើម្បី ទទួល​ជនភៀសខ្លួន​ស៊ីរី ប្រមាណ ២សែននាក់។ ប៉ុន្តែ អឺរ៉ុប​ដែល​ពេលនេះ កំពុង​បែកបាក់​គ្នា​ខ្លាំងណាស់ នៅក្នុង​រឿង​ទទួល​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន​ទំនង​នឹង​មិនអាច​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​ទេ។ ជាក់ស្តែង ក្នុងពេល​ដែល​រដ្ឋមន្រ្តី ការបរទេស​របស់​អឺរ៉ុប​កំពុង​ប្រជុំ​គ្នា នៅ​លុចសំបួរ ដើម្បី​រកមធ្យោបាយ​ផ្តល់​ជំនួយ ដល់​ជនភៀសខ្លួន ប្រទេស​អឺរ៉ុប​ខាងកើត ចំនួន ៤ ដូចជា​ហុងគ្រី សាធារណរដ្ឋ​ឆែក ស្លូវ៉ាគី និង​ប៉ូឡូញ​ដែល​ប្រឆាំង​នឹងគោលការណ៍ បែងចែក ទទួល​ជនភៀសខ្លួន កំពុង​ជួប​ប្រជុំ​គ្នា ដែរ​នៅទីក្រុង​ប្រាក។ ប្រទេស​ទាំងនេះ​មិន​ចង់​ទេ ផ្តល់​សិទ្ធិជ្រកកោន ដល់​ជនភៀសខ្លួន ក្នុង​ទឹកដី​របស់ខ្លួន។
 
នាយករដ្ឋមន្រ្តី​ហុងគ្រី៖ លំហូរ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​ជនជាតិ​អឺរ៉ុប​ក្លាយ​ជា​ប្រជាជន​ភាគតិច ក្នុង​ទឹកដី​របស់ខ្លួន
បញ្ហា​សេដ្ឋកិច្ច​ជា​ហេតុផល ​ចំបងមួយ ដែល​បន្ទុចបង្អាក់​មិន​ឲ្យ​គេ​ចង់​ទទួល​ជនភៀសខ្លួន ជាពិសេស បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដែល​កំពុង​មាន​សេដ្ឋកិច្ច​មិនសូវ​ល្អ មិនរីកចំរើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ការទទួល​ជនភៀសខ្លួន​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នាំងបាយ របស់​ប្រជាជន​ក្នុង​ស្រុក​របស់ខ្លួន។ នេះ​ជា​រឿងមួយ ប៉ុន្តែ ការដែល រដ្ឋាភិបាល​របស់​ប្រទេស​ខ្លះ នៅ​តែ​មាន​អារិភាព មិនសូវ​ចង់​ទទួល ជនភៀសខ្លួន ក៏ដោយសារ​តែ​គិត​ខ្វល់​ទៅនឹង​បញ្ហា​ដែល​នឹង​អាច​កើតឡើង នៅ​ថ្ងៃ​អនាគត ក្រោយ​ពេល​ទទួល​ភៀសខ្លួន​រួចហើយ។

សម្រាប់​អាមេរិក គឺ​បញ្ហា​សន្តិសុខជាតិ។ សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក និង​ជា​ប្រទេស​ដែល​កកើតឡើង ដោយសារ​ជនអន្តោប្រវេសន៍ ទើប​ទទួល​យក​ជនភៀសខ្លួន​ស៊ីរី ប្រមាណ តែ ១៥០០​នាក់ ប៉ុណ្ណោះ គឺ​ក្នុង​រយៈពេល ៤​ឆ្នាំ ដែល​សង្រ្គាម​បាន​ផ្ទុះ​ឡើង​នៅ​ស៊ីរី។ ចំនួន នេះ គឺ​តិច​ណាស់ បើប្រៀបធៀប​នឹង​ចំនួន ភៀសខ្លួន​ស៊ីរី សរុប​ប្រមាណ ៤​លាន​នាក់ ដែល​បាន​រត់គេច​ពី​សង្រ្គាម និង​ដែល​កំពុង​រស់នៅ យ៉ាង​អត្តខាត់ ក្នុង​ជំរំភៀសខ្លួន នៅ​ប្រទេស​ជិតខាង ដូចជា​នៅ​លីបង់ ហ្សកដានី ឬ​តួកគី​ជាដើម​នោះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍  អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក បាន​ទទួល​ស្គាល់​ថា គេ​ត្រូវ​បន្ទាន់ បើកទ្វារ ដើម្បី​ទទួល​ជនភៀសខ្លួន ប៉ុន្តែ ជាមួយគ្នា នេះ អាមេរិក​ផ្ទាល់ មិន​អាច​ចាត់ការ ទទួល​យក​ជនភៀសខ្លួន​ដោយ​ប្រថុចញ៉ុចឡើយ។ អាទិភាព​ចំបង​ដែល​រដ្ឋអាមេរិក​ត្រូវ​ផ្តល់​ឲ្យ​មុនគេ​នោះ គឺ​សន្តិសុខ​ជាតិ និងជាពិសេស​សុវត្ថិភាព របស់​ប្រជាជន​អាមេរិកផ្ទាល់​តែម្តង។ តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក វ៉ាស៊ីនតោន មាន​ការប្រុងប្រយ័ត្ន​ខ្លាំងណាស់ នៅក្នុង​ពេល​ទទួល​ជនភៀសខ្លួន​ស៊ីរី ដែល​បាន​រត់គេច​ពី​សង្រ្គាម​ស៊ីវិល និង​ការវាយប្រហារ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម។ នៅពេល​សម្ភាសន៍ ជ្រើសរើស​ជនភៀសខ្លួន​ដែល​ចង់​សុំ​សិទ្ធិ​ជ្រកកោណ​នៅ​អាមេរិក ម្តងៗ គឺ មន្រ្តី​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​ផ្ទាល់​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស នៅ​ដើម​បូព៌ា ដើម្បី សម្ភាសន៍ សួរ ជីកឫស ជីកគល់ បេក្ខជន។ អាមេរិក​សំរិតសម្រាំង ប្រុងប្រយ័ត្ន​ខ្លាំង ព្រោះ​តែ​ខ្លាច ថា មាន​ក្រុម​ជីហាត ឬ​ក្រុមអ៊ីស្លាមជ្រុលនិយម មក​ពី​ស៊ីរី បន្លំខ្លួន នៅក្នុង​ចំណោម​ជនភៀសខ្លួន និង​ដែល​អាច​ទៅ​បង្ក​បញ្ហា អសន្តិសុខ ក្នុង​ទឹកដី​អាមេរិក។

ក្នុង​ករណី​ប្រទេស​ហុងគ្រី បញ្ហា​អត្តសញ្ញាណជាតិ ជា​ហេតុផល​សំខាន់ជាងគេ។ នាយក​រដ្ឋមន្រ្តី​របស់​ប្រទេស​នេះ បាន​និយាយ​ដោយ​មិនលាក់លៀម ពី​ការគំរាមកំហែង ដល់​អត្តសញ្ញាណ​ជាតិ នៅពេល​ដែល​ជនភៀសខ្លួន មាន​វត្តមាន​កាន់តែ​ច្រើន នៅក្នុង​ទឹកដី​អឺរ៉ុប។ កាលពី​ថ្ងៃ​ម្សិលមិញ លោក​នាយករដ្ឋមន្រ្តី​ហុងគ្រី វិចទ័រ អរបង់ ដែលបាន​បញ្ជា​ឲ្យ​គេ​ធ្វើ​ជញ្ជាំង លួសបន្លា នៅ​ព្រំដែន ជាមួយ​ប្រទេស​ស៊ែរប៊ី បាន​លើកឡើង​ថា វត្តមាន​កាន់តែច្រើន ជនភៀសខ្លួន​មក​ពី តំបន់​ដើម​បូព៌ា និង ដែល​កាន់​សាសនា​អ៊ីស្លាម នឹង​គំរាមកំហែង ដល់​វត្តមាន​គ្រឹស្តសាសនា​នៅ​ក្នុង​ទឹកដី អឺរ៉ុប។

នៅ​ថ្ងៃ​សុក្រ​នេះទៀត នៅក្នុង​វិទ្យុជាតិ​ហុងគ្រី ប្រមុខដឹកនាំ​ប្រទេស​នេះ នៅ​បាន​ព្រមាន​ថា អឺរ៉ុប​កំពុង​រងការគំរាមកំហែង ដោយសារ​តែ​ការហូរ​ចូល​មិនឈប់ ជនអន្តោប្រវេសន៍។ សម្រាប់​លោក នៅក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ប្រជាជន​នៅ​អឺរ៉ុប នឹងក្លាយ​ទៅ​ជា​ប្រជាជន​ភាគតិច នៅ​លើ​ទឹកដី​អឺរ៉ុប​របស់ខ្លួន​ឯង​ទៅវិញ។ ដូច្នេះ ជាជាង​ការបើកទ្វារ​ទទួល​ជនភៀសខ្លួន ឲ្យ​បាន​ច្រើន នាយករដ្ឋមន្រ្តី ហុងគ្រី អំពាវនាវ​ចង់​ឲ្យ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត បិទ​ព្រំដែន ទប់​កុំ​ឲ្យ​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន ឆ្លងចូល​ក្នុង​ទឹកដី​អឺរ៉ុប​តទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ