អានតួអត្ថបទ
សហភាពអឺរ៉ុប-តួកគី

អឺរ៉ុប​កំពុង​តក់ស្លុត​ចំពោះ​រូបថត​កូនក្មេង​ភៀសខ្លួន​ស៊ីរី​ម្នាក់​ដេក​ផ្កាប់​មុខ​ស្លាប់​លើ​ឆ្នេរសមុទ្រ

ពិភពលោក​បាន​និង​កំពុង​បន្ត​តក់ស្លុត​យ៉ាង​ខ្លំាង​ចំពោះ​រូបភាព​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​កូនក្មេង​ម្នាក់​ដេកស្លាប់​ផ្កាប់​មុខ​នឹង​មាត់​សមុទ្រ​ក្នុង​ប្រទេស​តួកគី។ កូនក្មេង​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​នៅ​ថ្ងៃ​ពុធ ទី២ កញ្ញា​នោះ គឺ​ជា​ជនជាតិ​ស៊ីរី​ដែល​បាន​រត់​ភៀសខ្លួន​តាម​សមុទ្រ​ជាមួយ​ឱពុក ម្តាយ ព្រម​ទំាង​ពលរដ្ឋ​ស៊ីរី​ផ្សេង​ទៀត​មក​កាន់​ទ្វីបអឺរ៉ុប តែ​ត្រូវ​បាន​ស្លាប់​ដោយ​លិច​ទូក។ រូបភាព​កូនក្មេង​ស្លាប់ និង​បុរស​ម្នាក់​បាន​ស្រង់​ពី​ឆ្នេរ​ត្រូវ​បាន​កាសែត​អឺរ៉ុប និង​បណ្តាញសង្គម​នំា​គ្នា​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ព្រោងព្រាត។

ឆ្មាំសមុទ្រ​តួកគី​កំពុង​ត្រកងបីសពកូនក្មេង​ក្នុង​ដៃ
ឆ្មាំសមុទ្រ​តួកគី​កំពុង​ត្រកងបីសពកូនក្មេង​ក្នុង​ដៃ AFP PHOTO / DOGAN NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​នូវ​រូបថត​កូនក្មេង​ម្នាក់​ដេកស្លាប់​ផ្កាប់មុខ​នៅ​លើ​ឆ្នេរសមុទ្រ​ក្នុង​ប្រទេស​តួកគី​មក ពិភពលោក ពិសេស​សហភាព​អឺរ៉ុប​កាន់​តែ​តក់ស្លុត​ថែម​ទៀត​ចំពោះ​លំហូរ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ចូល​ក្នុង​ទ្វីប​អឺរ៉ុប។ រូបថត​សព​កូនក្មេង​នោះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​កង្វះ​សាមគ្គីភាព និង​សុឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទទួល​យក​ជនភៀខ្លួន និង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់។ យោង​តាម​ឆ្មំាសមុទ្រ​តួកគី គួរ​សពកូនក្មេង​ជនជាតិ​ស៊ីរី​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ឆ្នេរសមុទ្រ​ក្នុង​ប្រទេស​តួកគី ក្រោយ​ពី​ទូក​ចំនួន ២គ្រឿង​ដឹកពេញ​ដោយ​ជនភៀសខ្លួន​ស៊ីរី​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ក្រិក​បាន​លិច​កាល​ពី​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី២ កញ្ញា។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​លិច​ទូក​ទំាង​ពីរ​ភ្លាម កម្លំាង​សង្រ្គោះ​តួកគី​ក៏​បាន​ចេញ​អន្តរាគមន៍​ជួយ ហើយ​ក៏​ស្រង់​បាន​សាកសព​ចំនួន ១២នាក់​ដែល​មាន​ម្នាក់​ជា​សព​កូនក្មេង​ទើប​មាន​អាយុ ៣ឆ្នំា​នោះ​ឯង។ មាន​រូបថត​ចំនួន​ពីរ​សន្លឹក​ដែល​ពិភពលោក​បាន​ឃើញ ទី១ ជា​រូបថត​សពកូនក្មេង​កំពុង​ដេក​ផ្កាប់​មុខ​នឹង​ខ្សាច់ និង​ទី២ ជា​រូបថត​ដែល​ឆ្មាំសមុទ្រ​តួកគី​បាន​លើក​សពកូនក្មេង​នោះ​ទៅ​ត្រកងបី​ក្នុង​ដៃ។ រូបថត​ទំាង​ពីរ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្តាញ​សង្គម។

ក្រៅ​ពី​នោះ រូបថត​ទំាង​ពីរ​ក៏​ត្រូវ​បាន​សារព័ត៌មាន​នៅ​អឺរ៉ុប​យក​ទៅ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​មុខ​របស់​ខ្លួន​ដែរ។ កាសែត​ប្រចំាថ្ងៃ​អង់គ្លេស The Guardian បាន​ដាក់​ចំណងជើង​ពី​លើ​រូបថត​ថា « សោកនាដកម្ម​មនុស្សលោក​គួរ​ឲ្ត​រន្ធត់​នៅ​តាម​ឆ្នេរសមុទ្រ​អឺរ៉ុប »។ « បើ​រូបភាព​សពកូនក្មេង​ជនភៀសខ្លួន​ស៊ីរី​នៅ​ឆ្នេរសមុទ្រ​អឺរ៉ុប​នេះ​មិន​អាច​ដាស់តឿន​អឺរ៉ុប​ឲ្យ​គិតគូរ​ពី​រឿង​ជនភៀសខ្លួន​ទេ តើ​មាន​អ្នក​ណា​អាច​គិតគូរ​បាន? » នេះ​ជា​ចំណងជើង​បែប​សំណួរ​របស់​កាសែត​អង់គ្លេស​ឈ្មោះ The Independent។ ចំណែក​កាសែត​ចេញ​ផ្សាយ​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក Le Soir ក៏​បាន​ផ្តិត​រូបថត​សពកូនក្មេង​នោះ រួច​ចោទ​ជា​សំណួរ​ថា តើ​រូបថត​នោះ​អាច​នឹង​ជួយ​ដាស់សម្បជញ្ញៈ​អឺរ៉ុប​ឲ្យ​គិតគូរ​ពី​ជោគវាសនា​របស់​ជនភៀសខ្លួន​ដែរ ឬ​យ៉ាង​ណា។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា គិត​តំាង​ពី​ដើម​ឆ្នំា ២០១៥ មក មាន​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​​សរុប​ជាង ៣៥០ ០០០នាក់​បាន​ភៀសខ្លួន​ផ្សងព្រេង​តាម​មហាសមុទ្រ​មេឌីទែរ៉ាណេ​មក​កាន់​ទ្វីប​អឺរ៉ុប ក្នុង​នោះ​មាន​ជាង ២ ៦០០នាក់​បាន​ចោល​ឆ្អឹង​នៅ​ក្នុង​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ