អានតួអត្ថបទ
បារាំង

ក្រោយ​រង​ភេរវកម្ម Charlie hebdo នឹង​ចេញផ្សាយ​១​លាន​ច្បាប់

ភេរវកម្ម​សំដៅ​បិទខ្ទប់​សេរីភាព​បញ្ចេញមតិ​របស់​អ្នកកាសែត​បារាំង​ហាក់​មិន​បាន​ទទួល​ជោគជ័យ​ទេ។ នៅមួយថ្ងៃ​ក្រោយ​ភេរវកម្ម​សម្លាប់​អ្នកកាសែត អ្នកគំនូរ របស់​Charlie hebdo អ្នកគ្រប់គ្រង​ទស្សនាវដ្តី​បាន​អះអាង កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ៨​មករា ថា ទស្សនាវដ្តី​នឹង​បោះ​ពុម្ព​ផ្សាយ​ចំនួន ១​លាន​ច្បាប់ នៅថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ។ នេះ​បើតាម​ការអះអាង​របស់​មេធាវី របស់ Charlie hebdo (ស្ហារលីអិបដូ)។ 

@LucilleClerc
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​អ្នកកាសែត អ្នកគំនូរ របស់​ Charlie hebdo​(ស្ហារលីអិបដូ)ត្រូវ​ពួកភេរវជន​ពីរ​រូប​បាញ់​សម្លាប់ កាលពីថ្ងៃ​ពុធ Charlie hebdo​បាន​ទទួល​សមានចិត្ត​គាំទ្រ និង​ការសន្យា​ជាច្រើន​ខាងផ្នែក​ហិរញ្ញវត្ថុ ពី​សំណាក់​សប្បុរសជន និង​អ្នកមាន​វិជ្ជាជីវៈ​ជាមួយគ្នា។

 
តាម​Richard Malka មេធាវី​របស់​ Charlie hebdo ដែល​បានជួប​ប្រជុំ​ជាមួយ​បុគ្គលិក សេសសល់​របស់​ទស្សនាវដ្តី កាលពីថ្ងៃ​ព្រហស្បតិ៍ កាសែតបារាំង Le Monde រួម​ជាមួយ​ក្រុមហ៊ុន​សោតទស្សន៍ Canal+ បាន​សន្យាជួយ​ទស្សនាវដ្តី​ដើម្បី​ចេញផ្សាយ​ឲ្យ​បាន​១លាន​ច្បាប់ នៅសប្តាហ៍ក្រោយ។ ចំណែក​កាសែត ឆ្វេងនិយម​Libération នឹងផ្តល់​ទីកន្លែង​ធ្វើការ​ដល់​អ្នកគំនូរ និង​អ្នកកាសែត​របស់​ Charlie hebdo។

ទស្សនាវដ្តី​ Charlie hebdo ដែល​នឹង​ចេញផ្សាយ​នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​ចំនួន​តែ ៨​ទំព័រ គឺ​តិចជាង​ពាក់កណ្តាល​នៃ​ចំនួន​ផ្សាយ​ធម្មតា ដែល​មាន​១៦​ទំព័រ។ ជាធម្មតា ទស្សនាវដ្តី​ Charlie hebdo​មាន​ចេញផ្សាយ​តែ​៦​ម៉ឺនច្បាប់​ប៉ុណ្ណោះ។

ច្បាប់​ចុង​ក្រោយ លេខ ១១៧៧ ដែល​ចេញផ្សាយ នៅ​ថ្ងៃដែល​ក្រុមភេរវកម្ម​សម្លាប់​អ្នកកាសែត​របស់​ Charlie hebdo ត្រូវ​បាន​លក់​ដាច់​អស់​គ្មាន​សល់​នៅ​តាម​តូប​លក់​កាសែត។ ប៉ុន្តែ លេចចុងក្រោយ​របស់​ Charlie hebdo ត្រូវ​បានគេ​លក់​ក្នុង​តម្លៃ​ថ្លៃ​កប់​ពពក នៅ​តាម​វិបសៃតិ៍។ នៅ​លើ​វិបសៃតិ៍ Ebay លេចផ្សាយ​ចុងក្រោយ​របស់​ Charlie hebdo ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ពី​៦០០ ទៅ​១០០០​អឺរ៉ូ នៅក្នុង​ពេល​ដែល​ទស្សនាវដ្តី Charlie hebdo ធ្លាប់​លក់​ត្រឹម​តែ​៣​អឺរ៉ូ ក្នុង​មួយច្បាប់។

កាលពីថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​សារ​ចូលរួម​កាន់ទុក្ខ​ជាតិ សម្រាប់​អ្នកកាសែត​របស់​ Charlie hebdo ដែល​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​ភេរវជន លោកស្រី Cécile Mégie បាន​បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ​បារាំង​ត្រៀមខ្លួន​ផ្តល់​នូវ​ប្រភព​ធនធាន​គ្រប់យ៉ាង​ដែល​ចាំបាច់ ទាំង​ធនធាន​មនុស្ស និង​ទាំង​សម្ភារៈ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សារព័ត៌មាន​ Charlie hebdo អាច​បន្ត​ការផ្សាយ​របស់​ខ្លួន​តទៅទៀត។ “យើង​ចាំបាច់​ត្រូវ​តែ​រួបរួមគ្នា​ ដើម្បី​ការពារ​សិទ្ធិសេរីភាព​សារព័ត៌មាន ហើយ​យើង​នឹង​បន្ត​ធ្វើ​ នៅ​ក្នុង​នាម​អ្នក​សារព័ត៌មាន​ Charlie hebdo (ស្ហារលីអិបដូ)។

សូម​បញ្ជាក់ថា នៅ​មុន​ជួប​រងគ្រោះ​អំពើភេរវកម្ម ទស្សនាវដ្តី​ធ្លាប់​ជួប​ដំណាក់កាល​លំបាក​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​វិះតែ​នឹង​ក្ស័យធន​ម្តងៗ រហូត​ធ្វើ​ឲ្យ​គេ​ខ្លាច​ថា ទស្សនាវដ្តី​នេះ​អាច​បាត់មុខ នៅ​តាម​តូបកាសែត ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ ប្រធាន​ទស្សនាវដ្តី លោក​Charb ដែល​ត្រូវ​ភេរវករ​បាញ់​សម្លាប់ កាលពីថ្ងៃ​ពុធ ធ្លាប់​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា Charlie hebdo ធ្លាប់​បាន​អំពាវនាវ​រក​ជំនួយ​គំាទ្រ​ហិរញ្ញវត្ថុ ប៉ុន្តែ គេ​រក​អាច​រក​បាន​តែ​ប៉ុន្មាន​អឺរ៉ូ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​ទស្សនាវដ្តី​ត្រូវការ ១​លាន​អឺរ៉ូ ដើម្បី ទ្រទ្រង់​ការចេញផ្សាយ​របស់​ខ្លួន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ