អានតួអត្ថបទ
ក្រិក

តើ​ក្រិក​អាច​បញ្ចុះបញ្ចូល​សហភាពអឺរ៉ុប ឲ្យ​អនុគ្រោះ​បំណុល​ដល់​ខ្លួន​ដែរឬទេ?

អាជ្ញាធរ​ក្រិក និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​បណ្តា​ប្រទេស​ចាយប្រាក់​អឺរ៉ូ​ត្រូវ​ជួប​ប្រជុំ​គ្នា នៅថ្ងៃ​នេះ នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ កិច្ចប្រជុំ រយៈពេល​ពីរថ្ងៃ ដែល​នឹង​ផ្តោត​សំខាន់​ទៅលើ​ប្រាក់​បំណុល​ក្រិក នឹង​ធ្វើឡើង នៅ​ស្ថានភាព​ដ៏​តានតឹង​មួយ ព្រោះថា រដ្ឋាភិបាល​ថ្មី​ក្រិក សង្ឃឹម​នឹង​ចរចា​ឡើងវិញ ពី​របៀបវារៈ​សងប្រាក់បំណុល ដែល​ក្រិក​ជំពាក់​ធនាគារ​កណ្តាល​អឺរ៉ុប ឬ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ប៉ុន្តែ អាល្លឺម៉ង់ ដែល​ជា​ភាគី​ម្ចាស់​បំណុល​មួយ​របស់​ក្រិក​បាន​បញ្ជាក់​ជំហរ​ដ៏​រឹងមាំ​របស់ខ្លួន​រួចហើយ​ថា នឹង​មិន​សើរើ​ចរចា​ជា​ថ្មី ពី​រឿង​ប្រាក់​បំណុល​ជាមួយ​ក្រិក​ទេ។ 

នាយករដ្ឋមន្រ្តី​ក្រិក អាឡិចស៊ីស ស៊ីប្រាស បាន​ការគំាទ្រ​ពី​សភា ក្រិក នៅយប់​ថ្ងៃ​អង្គារ ទី ១០​កុមភៈ
នាយករដ្ឋមន្រ្តី​ក្រិក អាឡិចស៊ីស ស៊ីប្រាស បាន​ការគំាទ្រ​ពី​សភា ក្រិក នៅយប់​ថ្ងៃ​អង្គារ ទី ១០​កុមភៈ ©
ផ្សាយពាណិជ្ជកម្ម

នៅម៉ោង​មួយ​ភ្លឺ ថ្ងៃ​អង្គារ​ឆ្លងចូល​ដល់​ថ្ងៃពុធ គឺ​ប៉ុន្មាន​ម៉ោងមុន​បើក​កិច្ចប្រជុំ​ក្រិក និង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត សភា​ក្រិក​បាន​បោះឆ្នោត​ផ្តល់ការជឿទុកចិត្ត​លើ​នយោបាយ​កំណែទម្រង់​ថ្មី​របស់​លោក​អាឡិចស៊ី ស៊ីប្រាស ដែល​ជា​ប្រមុខ​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្រិកថ្មី។ ដើម្បី​អនុវត្ត​ឲ្យ​ចេញ គម្រោង​ផែនការ​កំណែទម្រង់ រដ្ឋាភិបាល​ក្រិក​ត្រូវរក​ឲ្យ​ឃើញ​សិន កិច្ច​ព្រមព្រៀង ជាមួយ​ភាគី​ម្ចាស់​បំណុល ដែល​នៅក្នុង​នោះ មាន​ធនាគារ​កណ្តាល​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។

 
ប្រមុខ​រដ្ឋាភិបាល​ថ្មី​របស់​ក្រិក​បាន​ស្នើ​ចេញ​ផែនការ​ធ្វើ​កំណែទម្រង់ ក្នុង​រយៈពេល ៤​ឆ្នាំ គិត​ពី​ឆ្នាំ នេះ ដល់ឆ្នាំ ២០១៩ ក្នុង​គោលដៅ ស្រោចស្រង់​ក្រិក​ចេញ​ពី​វិបត្តិ​ប្រាក់បំណុល ក៏​ដូចជា​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច​ឡើងវិញ។ ដើម្បី​អាច​ធ្វើ​កំណែទម្រង់នេះ​បាន រដ្ឋាភិបាល​ថ្មី​របស់​ក្រិក​បាន​ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ចូលរួម​ជាមួយខ្លួន។ មានន័យថា សហភាព​អឺរ៉ុប ត្រូវ​ឈប់​ដាក់​គំនាប​លើ​​ក្រិក​ឲ្យ​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា ជា​ថ្នូរ​នឹង​ប្រាក់ជំនួយ ដែល​សហភាព​អឺរ៉ុប​ឲ្យ​ក្រិក​ខ្ចី តទៅទៀត។ រដ្ឋាភិបាល​ថ្មី​របស់​ក្រិក​លែង​និយាយ​ពាក្យ​សុំ​ឲ្យ​អឺរ៉ុប​លុប​ចោល​បំណុល​ទាំង​ស្រុង​ដែល​ក្រិក​ជំពាក់​អឺរ៉ុបទៀតហើយ ប៉ុន្តែ រដ្ឋាភិបាល​ក្រិក តាមរយៈ​លោក​នាយករដ្ឋមន្រ្តី ក្រិក អាឡិចស៊ី ស៊ីប្រាស បាន​ទទូច​សុំ​ឲ្យ​អឺរ៉ុប​យោគយល់​ដល់​ក្រិក គឺ​សម្រួល និង​សម្រាល​ដល់​ក្រិក ក្នុង​សងប្រាក់​បំណុល​ទាំងនោះ។

បច្ចុប្បន្ននេះ យោងទៅ​តាម​លក្ខខណ្ឌ​ផ្តល់ជំនួយ​របស់​សហភាព​អឺរ៉ុប ក្រិក​ត្រូវ​សង​ប្រាក់​កំចី​បណ្តើរៗ ជាមួយ​នឹង​ការបង់​ការប្រាក់​ម្តង ទៅ ២​ដង ក្នុង​មួយឆ្នាំ ទៅ​ឲ្យ​ក្រុម​ម្ចាស់បំណុល។ សម្រាប់​រដ្ឋាភិបាល​ក្រិក នេះ​ជាបន្ទុក​មួយ​ធ្ងន់ណាស់ សម្រាប់​ក្រិក​ដែល​កំពុង​តែ​មាន​សេដ្ឋកិច្ច​មិនល្អ និង​រស់ពឹង​អាស្រ័យ​តែ​លើ​ជំនួយ មាន​សំណង​របស់​សហភាពអឺរ៉ុប។ ជំនួយ​មាន​សំណង​ប្រមាណ​២៤០​ពាន់​លាន​អឺរ៉ូ​ដែល​សហភាព​អឺរ៉ុប ផ្តល់​ទៅ​ឲ្យ​ក្រិក​ខ្ចី ជាថ្នូរ នឹង​ការរឹតត្បិត​ថវិកា របស់​រដ្ឋាភិបាល​ក្រិក មិន​បាន​ជួយ​ក្រិក​ឲ្យ​រួច​ខ្លួន​ពី​វិបត្តិ​ប្រាក់បំណុលទេ ប៉ុន្តែ​ វា​រឹត​តែ​ជំរុញ​ឲ្យ​ប្រជាជន​ក្រិក​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​កាន់តែខ្លាំង។ តាម​រដ្ឋាភិបាល​ថ្មី​របស់ក្រិក ការកាត់បន្ថយ​ចំណាយ​សាធារណៈ មិន​បាន​ធ្វើ​ឲ្យ​ក្រិក​មាន​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ ផ្ទុយទៅវិញ វា​បាន​ធ្វើ​ឲ្យ​ប្រជាជន​ក្រិក​កាន់តែច្រើន ធ្លាក់​ទៅក្នុង​ភាពក្រីក្រ​ហៅមិនលឺ។

ជារួម នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សហភាព​អឺរ៉ុប នៅថ្ងៃនេះ ក្រិក​ចង់​ចរចា​ឡើងវិញ លក្ខខណ្ឌ​នៃ​ជំនួយ ជា​ប្រាក់កំចី ជាមួយ​សហភាព​អឺរ៉ុប។ រដ្ឋាភិបាល​ក្រិកថ្មី​បាន​សុំ​ឲ្យ​សហភាព​អឺរ៉ុប​គិតគូរ​ឡើងវិញ ពី​របៀបវារៈ នៃ​ការសង​បំណុល ដូចជា​ក្រិកទាមទារ​ថា ខ្លួនចង់​សង​ត្រឹម​ការប្រាក់​សិន ប៉ុន្តែ​មិនសង​ប្រាក់បំណុល​ភ្លាមៗទេ។ ក្រិក​នឹង​សង​ប្រាក់បំណុល​ទៅ​ឲ្យ​ម្ចាស់ដើម នៅពេល​ដែល​ក្រិក​ចាប់មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ។

ក្រិក​អាច​នឹងជួប​ឧបសគ្គ​ច្រើន​នៅក្នុង​ការចរចា​ជាថ្មី​ជាមួយ​សហភាពអឺរ៉ុប ព្រោះ​អាល្លឺម៉ង់ ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​គេ​នៅអឺរ៉ុប ដែល​តឹងរ៉ឹង​ខ្លាំង​លើ​មុខចំណាយ​របស់​កេសប្រាក់​សហភាព​អឺរ៉ុប បាន​បញ្ជាក់​រួចហើយ ថា នឹង​មិន​ចរចា សើរើ​ឡើងវិញ នូវ​លក្ខខណ្ឌ នៃ​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រិក​ទេ។ នៅក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ ដែរ ប្រសិន​បើ​ក្រិក​បរាជ័យ មិន​អាច​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប ជាពិសេស​អាល្លឺម៉ង់ នោះ ក្រិក​នឹង​មិន​អាច​គោរព​កាតព្វកិច្ច​សងបំណុល​របស់ខ្លួន។ បើសិន​ជា​ដូច្នេះមែន សហភាពអឺរ៉ុប​នឹង​ផ្អាក​មិន​បញ្ជូន​ប្រាក់ជំនួយ ៧ពាន់​លានអឺរ៉ូ (ផ្នែកមួយ​នៃទឹកប្រាក់ សរុប ២៤០​ពាន់​លាន​អឺរ៉ូ) ទៅ​ឲ្យ​ក្រិក ដែល​ត្រូវ​ធ្វើ​នៅ​ចុងខែ​កុម្ភៈនេះ។ បើសិន​គ្មានជំនួយ​កម្ចី​របស់​ធនាគារ​កណ្តាលអឺរ៉ុប​ទេ នោះ​ក្រិក​នឹង​អាចជួបវិបត្តិ​គ្មានប្រាក់​ខែ​បើក​ឲ្យ​មន្រ្តីរដ្ឋរបស់ខ្លួន នៅ​ចុងខែនេះ។

ក្រិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ សងជម្ងឺចិត្ត​សង្រ្គាម
នៅក្នុង​ពេល​ដែល​អាល្លឺម៉ង់ ប្រកាន់​ជំហរ​តឹងរឹង ទាមទារ​ឲ្យ​ក្រិក​គោរព​កាតព្វកិច្ច​សងប្រាក់​បំណុល របស់ខ្លួន ក្រិក​វិញ បាន​ទាមទារ​ឲ្យ​អាល្លឺម៉ង់​សង​ប្រាក់បំណុល ដែល​អាល្លឺម៉ង់ ជំពាក់​ខ្លួន នៅក្នុង​អតីតកាល។ កាលពីថ្ងៃ​អង្គារ​ម្សិលមិញ មុន​នឹង​ចាកចេញ​ទៅ​ទីក្រុង​ម៉ូស្គូ រដ្ឋមន្រ្តី​ការបរទេស ក្រិក បាន​ដាក់​ពាក្យ​សុំ​ជា​ផ្លូវការ ទៅ​ទីក្រុង​ប៊ែរឡាំង ដើម្បី​ទាមទារ​ឲ្យ​អាល្លឺម៉ង់ សង​ប្រាក់​ជម្ងឺចិត្ត​សង្រ្គាម សម្រាប់ការ​ដែល​អាល្លឺម៉ង់ កាន់កាប់ បំផ្លាញ ក្រិក នៅក្នុង សម័យ​សង្រ្គាម​លោក​លើកទីពីរ។ តាម​ការវាយតម្លៃ​របស់​រដ្ឋាភិបាល​ក្រិក គិត​ត្រឹម​ឆ្នាំ ២០១២ ទឹកប្រាក់ជម្ងឺចិត្ត​ដែល​អាល្លឺម៉ង់​ត្រូវ​បង់សង​ដល់ក្រិក​មាន​តម្លៃ ១៦២​ពាន់​លាន​អឺរ៉ូ គឺ​ស្មើ​នឹង​ពាក់កណ្តាល នៃ​ប្រាក់បំណុល​បច្ចុប្បន្ន​របស់​រដ្ឋក្រិក។

សម្រាប់អាល្លឺម៉ង់ ការទាមទារ​របស់​ក្រិក គឺគ្មានន័យ ព្រោះ​សំណុំរឿង​សងប្រាក់​ជម្ងឺចិត្ត​ដល់​ជនរងគ្រោះ​ដោយសារ​សង្រ្គាម​បង្ក​ឲ្យ​អាល្លឺម៉ង់ ត្រូវ​បាន​បិទបញ្ចប់ តាំងពី​ឆ្នាំ ១៩៦០​ម្ល៉េះ។ កាលណោះ អាល្លឺម៉ង់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រិក ក៏​ដូចជា​ជាមួយ​ប្រទេស​ផ្សេងទៀត ក្នុង​រឿង​សងប្រាក់​ជម្ងឺចិត្ត​ដល់​ជនរងគ្រោះ​ដោយ​ពួកណាហ្ស៊ី​នៅ​សម័យ​សង្រ្គាម​លោក​លើក​ទីពីរ។ ដូច្នេះ ក្រិក​គ្មាន​ហេតុផល​អ្វី​ដែលត្រូវ​មក​សើរើ​ឡើងវិញ ទាមទារ​ឲ្យ​អាល្លឺម៉ង់​សងជម្ងឺ​ចិត្ត​សង្រ្គាម ដល់​ក្រិក​នៅពេល​នេះទេ។

ក្រិក រត់រក​ជំនួយ​ពី​រុស្ស៊ី អាមេរិក និង​ចិន
នៅថ្ងៃ​ពុធ នៅ​ចំពេល​ដែល​ក្រិក​កំពុង​បើក​ជំនួប​ចរចា​ជាមួយប្រទេស​ចាយប្រាក់​អឺរ៉ូ​ផ្សេងទៀត នៅ​ទីក្រុង​ព្រុចសែល រដ្ឋមន្រ្តី​ការបរទេស ក្រិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​រុស្ស៊ី។

ជំហរ​តឹងរ៉ឹង​របស់​សហភាព​អឺរ៉ុប ជាពិសេស​អាល្លឺម៉ង់​អាច​ជំរុញ​ក្រិក​ឲ្យ​ទៅ​រត់ជំនួយ​ពី​ប្រទេស​ផ្សេងទៀត ដូចជា​ចិន រុស្ស៊ី ឬ​អាមេរិក​ជា​ដើមក្នុង​ករណី ក្រិក​មិន​អាច​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប​ឲ្យ​អនុគ្រោះ​បំណុល​ដល់​ខ្លួន។ ត្រូវដឹងថា ប្រមុខ​រដ្ឋាភិបាល​ថ្មី​របស់ក្រិក​បាន​ទទួល​ការគាំទ្រ​ភ្លាមៗ​ពី​លោក​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់​អូបាម៉ា ព្រោះថា លោកអូបាម៉ា ដូច​មេដឹកនាំ​ថ្មី​របស់​ក្រិក បាន​រិះគន់​នយោបាយ​រឹតត្បិត​របស់​សហភាពអឺរ៉ុប។ សម្រាប់​លោក​អូបាម៉ា នយោបាយ​ចាយរឹតត្បិត​ថវិកា​អឺរ៉ុប​ជាឧបសគ្គ​រារាំង​មិន​ឲ្យ​អឺរ៉ុប​ជួប​កំណើន​សេដ្ឋកិច្ច។

មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខការបរទេស​ក្រិក​ទៅ​ប្រទេស​រុស្ស៊ី ទីក្រុង​ម៉ូស្គូ​ធ្លាប់​បាន​អះអាង​រួចហើយថា ខ្លួន​នឹង​អាច​ផ្តល់​ជំនួយ​ឥណទាន ទៅតាម​តម្រូវការ​ចង់បាន​របស់​ក្រិក។ ដូច្នេះ បើសិន​ជា​ក្រិក​មិន​អាច​ដោះស្រាយ​ប្រាក់បំណុល​ជាមួយ​អឺរ៉ុប នោះ​ក្រិក​អាច​រត់រក​ជំនួយ​ពី​រុស្ស៊ីបាន។ ក្រៅពី​រុស្ស៊ី និង​អាមេរិក ក្រិក​នៅ​អាច​សង្ឃឹម​រំពឹង​លើ​ប្រទេស​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ក្រិក។ នៅ​ឆ្នាំ ២០១២ ទំហំដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ក្រិក បានកើន​២៥០ភាគរយ គឺ​មាន​តម្លៃ ៤ ពាន់​លាន​អឺរ៉ូ។ ដោយសារ​តែ​វិបត្តិប្រាក់បំណុល សឹងជួបក្ស័យធន រដ្ឋក្រិក​បាន​បង្ខំចិត្ត​ធ្វើ​ឯកជនភាវូបនីយកម្ម​លើ​ទីតាំង​សម្បត្តិរដ្ឋ ដែល​ភាគច្រើន ត្រូវ​បាន​ចិន​ប្រមូល​ទិញ រហូត​ដល់​មាន​ពាក្យ​ថា ចិន​ចង់​ប្រមូល​ទិញ ក្រិក​ទាំងមូល​តែម្តង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ