អានតួអត្ថបទ
ក្រិក

នាយករដ្ឋមន្រ្តី​ក្រិក​សុំ​អឺរ៉ុប​ឲ្យ​ទុក​ពេល ៤ឆ្នំា​សម្រាប់​ក្រិក​ធ្វើ​កំណែទម្រង់​ដោយ​ខ្លួន​ឯង

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីស្នាក់ការកណ្តាល​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ក្រិក​អាឡិចស៊ី ស៊ីប្រាស​បាន​លើក​ឡើង​ពី​គម្រោង​ផែនការ​កំណែទម្រង់​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក​មាន​បំណង​នឹង​ធ្វើ​សម្រាប់​រយៈពេល ៤ឆ្នំា​ខាង​មុខ ពោល​ពី​ឆ្នំា ២០១៥ នេះ​ដល់​ឆ្នំា ២០១៨ ខាង​មុខ។ តែ​លោក​ស៊ីប្រាស​បាន​បញ្ជាក់​ច្បាស់ៗ​ថា ទីក្រុង​អាទែន​មិនមែន​សម្រេច​អារកាត់​តែ​ម្នាក់​ឯង​ទេ តែ​ក៏​ត្រូវ​មាន​ការ​យល់ព្រម​ពី​សហភាពអឺរ៉ុប​ផង​ដែរ។

លោក​នាយករដ្ឋមន្រ្តី​ក្រិក អាឡិចស៊ី ស៊ីប្រាស (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់
លោក​នាយករដ្ឋមន្រ្តី​ក្រិក អាឡិចស៊ី ស៊ីប្រាស (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ Reuters
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្រ្តី​ក្រិក​អាឡិចស៊ី ស៊ីប្រាស​បាន​និយាយ​យ៉ាង​ដូច្នេះ​ជាមួយ​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker។ លោក​ស៊ីប្រាស​បាន​ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​កុំ​បង្ខំ​សង្កត់ ក ក្រិក និង​ឲ្យ​អឺរ៉ុប​អនុម័ត​ចេញ​នូវ​កិច្ច​ព្រមព្រៀង​អន្តរកាល​មួយ​ដោយ​ផ្តល់​ឱកាស​ឲ្យ​ក្រិក​អាច​រៀបចំ​គម្រោង​ផែនការ​កំណែទម្រង់​មួយ​សម្រាប់​រយៈពេល ៤ឆ្នំា ពោល​ពី​ឆ្នំា ២០១៥ ដល់​ឆ្នំា ២០១៨។ អ្វី​ដែល​លោក​ស៊ីប្រាស​ចង់​បាន​ពី​អឺរ៉ុប​នៅ​ក្នុង​រយៈពេល ៤ឆ្នំា​នេះ គឺ​មិនមែន​សុំ​ឲ្យ​អឺរ៉ុប​លុប​ចោល​បំណុល​ទំាង​អស់​ដែល​ក្រិក​កំពុង​ជំពាក់​ទេ តែ​សុំ​ឲ្យ​អឺរ៉ុប​ជួយ​សម្រួល និង​សម្រាល​នៅ​ក្នុង​ការ​សងប្រាក់​បំណុល​ទំាង​អស់​នោះ។

លោក​ស៊ីប្រាស​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​អន្តរកាល​៤ឆ្នំា​នោះ រដ្ឋាភិបាល​ទីក្រុង​អាទែន​នឹង​ធ្វើ​កំណែទម្រង់​លើ​វិស័យ​ចំា​បាច់​មួយ​ចំនួន​ក្នុង​គោលដៅ​ស្រោចស្រង់​ក្រិក​ពី​វិបត្តិបំណុល ក៏​ដូច​ជា​ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។ ក្នុង​ចំណោម​កំណែទម្រង់​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​ក្រិក​សន្យា​ធ្វើ​រួម​មាន យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ កំចាត់​ទង្វើ​លួច​ពន្ធ និង​ពង្រឹង​ប្រសិទ្ធិភាព​របស់​ស្ថាប័ន​រដ្ឋ។ ទាក់ទង​នឹង​ផ្នែក​ថវិកា​វិញ លោក​ស៊ីប្រាស​បាន​ស្នើ​ឲ្យ​សហភាពអឺរ៉ុប​បញ្ឈប់​ការ​ដាក់​គំនាប​លើ​ក្រិក​ឲ្យ​អនុវត្ត​នូវ​នយោបាយ​ត្បិតត្បៀត​ដែល​ជា​វិធានការ​កំពុង​បំផ្លិចបំផ្លាញ​សង្គម និង​សេចក្តីថ្នៃថ្នូរ​របស់​ប្រទេស​ក្រិក។

ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ក្រិក​បាន​ធានា​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​រំលោភ​បំពាន​លើ​ច្បាប់​របស់​សហភាព​អឺរ៉ុប​ទេ តែ​បាន​បញ្ជាក់​ថា វា​ក៏​គ្មាន​ច្បាប់​ណា​មួយ​ដែល​អឺរ៉ុប​ត្រូវ​ចាប់​បង្ខំ​ក្រិក​ឲ្យ​អនុវត្តន៍​នយោបាយ​ត្បិតត្បៀត​នោះ​ដែរ។ គណៈកម្មការ​អឺរ៉ុប​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​តប​នឹង​ការ​ថ្លែង​របស់​លោក​ស៊ីប្រាស​ទេ តែ​ប្រភព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា បើ​អ្វី​ដែល​លោក​ស៊ីប្រាស​បាន​ថ្លែង​ក្នុង​គោលដៅ​បំបែកបំបាក់​អឺរ៉ុប គឺ​មិនមែន​ជា​រឿង​ល្អទេ។ ដោយឡែក​នៅ​ក្នុង​សន្និសីត​កាសែត​រួម​គ្នា ក្រោយ​ពី​បាន​ជួប​ជា​មួយ​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ លោក​ស៊ីប្រាស​បាន​ធានា​ថា ក្រិក​មិនមែន​ជា​ប្រទេស​គ្រោះថ្នាក់​សម្រាប់​អឺរ៉ុប​ទេ និង​បាន​សុំ​ឲ្យ​បារំាង​ដើរ​តួនាទី​ស្នូល​សម្រាប់​ប្រយោជន៍​អឺរ៉ុប​ទំាង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ